ភ្នំពេញ)៖ អតីតតារាចម្រៀង ធ្លាប់មានឈ្មោះល្បីល្បាញកាលពីជាង១០ ឆ្នាំមុន លោក ចាន់ សម័យ កាលពីថ្មីៗនេះ ទើបតែផ្ទុះព័ត៌មានថា រូបលោកបានធ្លាក់ខ្លួនដើរស្ទូចត្រី នៅតាមមាត់ទន្លេ យកមកធ្វើជាម្ហូបសម្រាប់ផ្គត់ផ្គង់ ជីវភាពរស់នៅប្រចាំថ្ងៃ ដោយបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពតោកយាក ស្ទើរតែរកអង្ករច្រកឆ្នាំងគ្មាន។ ជុំវិញដំណឹងមួយនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកសិល្បៈធ្លាប់រួមជំនាន់ដូចគ្នា មានការអាណិតអាសូរដល់រូបលោកជាខ្លាំង ដោយគេមិនដឹងថា លោកមានជំងឺរបេងឆ្អឹងជើង សំងំខ្លួនបៀមទុក្ខ នៅផ្ទះ ទាំងគ្មាននរណាបានដឹងសូម្បីតែបន្តិច នោះទេ។
ពាក់ព័ន្ធនឹងបញ្ហារបស់ លោក ចាន់ សម័យ មានបណ្ដាទស្សនិកជន ជាច្រើន កំពុងចង់ដឹង និងតាមដានរកមូលហេតុ នៅពីក្រោយខ្នងនៃការធ្លាក់ខ្លួន រហូតឈានដល់ដំណាក់កាលមួយ រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ដោយនៅព្រឹកថ្ងៃទៅ១០ ខែកក្កដា ព្រឹកមិញនេះ គេបានទៅចុះសាកសួរព័ត៌មានដល់ទីកន្លែង ដោយម្ចាស់បទ «សុំមេមាន់មួយ» រូបនេះ បានរៀបរាប់ថា តាមពិតរូបខ្លួនមិនចង់ប្រកូកប្រកាស ឲ្យមហាជនបានដឹងជាសាធារណៈឡើយ ព្រោះរូបលោក ចង់បានជីវិតឯកជន មានភាពស្ងប់ស្ងាត់ បើទោះបីជាលោកមានជំងឺប្រចាំកាយ រ៉ាំរ៉ៃ ឈានដល់ដំណាកកាលដើរលែងចង់រួច ប៉ុន្តែមិនមែនមានតែរូបលោកនោះទេ ដែលមានជីវិតក្រខ្សត់លំបាក ពោលគឺមានអ្នកសិល្បៈដទៃទៀត មានជីវភាពលំបាក និងកើតទុក្ខដូចគ្នា។
លោក ចាន់ សម័យ បានបញ្ជាក់ថា «ខ្ញុំបានប្រឡូកសិល្បៈ តាំងពីឆ្នាំ២០០០ មកម្ល៉េះ ប៉ុន្តែត្រូវឃ្លាតឆ្ងាយពីសិល្បៈអស់១០ ឆ្នាំមកហើយ ដោយមានជំងឺរបេងឆ្អឹងជើង ដែលធ្លាប់ព្យាបាលនៅស្រុកខ្មែរ បាន៥ខែ តែដោយសារលេបថ្នាំ មិនបានទៀងទាត់ ទើបជំងឺរើឡើងវិញ ហើយខ្ញុំក៏មិនធ្លាប់បង្ហើបទៅកាន់មហាជន បានដឹងនោះដែរ»។
លោក ចាន់ សម័យ បានបន្តទៀតថា «អ្នកសិល្បៈមិនអាចសប្បាយគ្រប់ពេលនោះទេ មានពេលខ្លះកើតទុក្ខ ក្រៀមក្រំ ហើយពេលសប្បាយមានតែនៅលើឆាក តែប៉ុណ្ណោះ ប៉ុន្តែគ្រាន់តែមិនចង់បង្ហាញ ទៅកាន់ទស្សនិកជន ឲ្យបានដឹង ព្រោះគិតថា នេះគឺជាជីវិតឯកជន អ្នកណាក៏ជួបប្រទះ។ ដូច្នេះមិនមែនមានតែខ្ញុំ ដែលជួបបញ្ហាលំបាកនោះទេ អ្នកសិល្បៈផ្សេងទៀត ក៏ពិបាក។ ចំណែកខ្ញុំមិនចង់ឲ្យគេដឹងឮច្រើន ចង់រស់នៅបែបស្ងប់ស្ងាត់ ហើយក៏មិនគិតថា ចង់ទៅរកពេទ្យ ដើម្បីព្យាបាលដែរ ព្រោះមានបន្ទុកគ្រួសារធ្ងន់ គ្មានពេលព្យាបាលខ្លួនឯងនោះទេ ពោលគឺខិតខំប្រឹងប្រែងរកចំណូល ដើម្បីផ្គត់ផ្គង់ឲ្យកូនស្រីបានសិក្សា រៀនសូត្រ ការហូបចុក និងថ្លៃជួលផ្ទះ ហើយគ្មានពេលរកថវិកា ទៅព្យាបាលជំងឺខ្លួនឯងនោះទេ»។
សូមជម្រាបថា លោក ចាន់ សម័យ បច្ចុប្បន្នមិនអាចច្រៀង នៅតាមបណ្ដាខេត្ត ឬក្នុងកម្មវិធីផ្សេងៗ បាននោះទេ ព្រោះមួយរយៈចុងក្រោយនេះ ជំងឺកំពុងមានការធ្វើទុក្ខខ្លាំង ដោយមានអាការៈ ចុងឈឺខ្នង ពិបាកដកដង្ហើម។ ក្រោមហេតុផលនេះ លោកមិនអាចបញ្ចេញសំនៀង ទៅកាន់ទស្សនិកជន បានទៀតនោះទេ ខណៈបច្ចុប្បន្នលោកមានកូន៥នាក់ ដែលធ្វើឲ្យពិបាករាប់រងជីវភាពគ្រួសារ៕
![](https://s5.kh1.co/a3/a39c3535ba763eb2dc01eacef23f9a5e6be97ff8.jpg)
![](https://s5.kh1.co/70/706a6e09ca3935d18514aabc0426153473848296.jpg)
![](https://s5.kh1.co/7b/7bf0b2935a75fbdf28c50eb0e60c494a994e1be0.jpg)
ប្រភព៖ khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]