(ភ្នំពេញ)៖ តារាសម្ដែងសំឡេងផ្អែមទឹកមុខស្រទន់មានមន្តស្នេហ៍ កញ្ញា ស៊ឹម ស្រីនិច មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញថា នាងកំពុងមានភាពមមាញឹកខ្លាំងជាមួយនឹងការងារសិល្បៈ ដោយបង្ហាញមុខនៅតាមខ្សែភាពយន្តភាគ និងខ្សែភាពយន្តដុំជាច្រើន។ អ្វីដែលមហាជន ចាប់អារម្មណ៍ តារាស្រីមានរូបសម្រស់ស្រស់ស្អាតរូបនេះ សម្ដែងប៉ះនៅក្នុងខ្សែភាពយន្តថ្មី «កញ្ញាជើងខ្លាំង» ដែលជាខ្សែភាពយន្តតម្រូវឲ្យនាងមានចរិតរឹងមាំ ក្លាហាន ដោយប្រើកម្លាំង ពោលគឺរឹងមាំដូចជាមនុស្សប្រុស។

នៅក្នុងថ្ងៃសម្ពោធរឿង របស់ស្ថានីយ៍ទូរទស្សន៍កងយុទ្ធពលខេមរភូមិន្ទ ប៉ុស្ដិ៍លេខ៥ តារាសម្ដែង ស៊ឹម ស្រីនិច្ច បាននិយាយប្រាប់គេហទំព័រ Khmer Talking ឲ្យដឹងថា នាង បានប្រឡូកចូលវិស័យសិល្បៈផ្នែកសម្ដែង មានរយៈពេលប្រមាណ ១ឆ្នាំកន្លះហើយ ដោយក្នុងនោះ កាន់តំណែងជាតួឯក បានប្រហែល ២០រឿង និងតួរងបាន៣រឿង បូករួមទាំងរឿង Social Media រឿងដុំ និង រឿងភាគ។

ស៊ឹម ស្រីនិច្ច ក៏បានចែករំលែកនូវបទពិសោធន៍ នៃការសម្ដែងផងដែរថា «នៅពេលសម្ដែង ត្រូវចេះបត់បែនទៅតាមកាលៈទេសៈ នៃសាច់រឿងនីមួយៗ ហើយកត្តាដែលសំខាន់ ខ្ញុំបានដាក់មនោសញ្ចេតនាទាំងស្រុង ចូលទៅក្នុងរឿង ដែលត្រូវសម្ដែង។ និយាយទៅចរិតពីធម្មជាតិរបស់ខ្ញុំ គឺរឹងមាំ អត់ខ្លាចទេ ត្រូវវាយ វាយភ្លាម មិនថាប្រុសឬស្រីទេ ព្រោះរឿងទាត់ធាក់ហ្នឹង វាជាចរិតពិតរបស់ខ្ញុំ។ ឥឡូវគេឲ្យសម្ដែងរឿងបែបទាត់ធាក់ទៀត គឺត្រូវតែម្ដង»។

ដោយឡែក ចំពោះការសម្ដែងនៅក្នុងខ្សែភាពយន្តបែប វាយតប់ ល្បុកតោ នៅក្នុងរឿង «កញ្ញាជើងខ្លាំង» គឺជាលើកទី១ ដែលសម្ដែងតួវាយ តប់ខ្លាំង បែបនេះ។ កន្លងមក ការវាយតប ក៏ធ្លាប់សម្ដែងដែរ តែគ្រាន់តែថា មិនសូវខ្លាំងដូចលើកនេះ។ ទោះជានាងមិនធ្លាប់បានហាត់ប្រដាល់ ឬហាត់ក្បាច់វាយដំ យ៉ាងណា ប៉ុន្តែនាងនឹងខិតខំសម្ដែង ឲ្យអស់ពីសមត្ថភាព។ សម្រាប់រឿង «កញ្ញាជើងខ្លាំង» នេះ នាងនឹងព្យាយាមសម្ដែងឲ្យបានល្អ គួបផ្សំពីសមត្ថភាពពីធម្មជាតិផងនោះ ជឿជាក់ថា នឹងទទួលបានការគាំទ្រពីមហាជន។

សូមជម្រាបថា តារាសម្ដែង ស៊ឹម ស្រីនិច្ច ត្រូវបានគេស្គាល់ តាមរយៈខ្សែភាពយន្តខ្មែរជាច្រើន ជាពិសេសនៅក្នុងរឿង «សង្សារ១៤ថ្ងៃ» ហើយតែងតែលេចមុខ នៅតាមកញ្ចក់ទូរទស្សន៍ ជាហូរហែមក៕

ស៊ឹម ស្រីនិច្ច
ស៊ឹម ស្រីនិច្ច
ស៊ឹម ស្រីនិច្ច

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម ស្រីនិច