ជាការពិតណាស់ សត្វចង្រិតបំពងមិនត្រឹមតែឆ្ងាញ់ ស្រួយ និងងាយហូបទេ វាថែមទាំងសំបូរទៅដោយសារធាតុប្រូតេអ៊ីន សារធាតុសរសៃ ដែលយើងអាចទទួលបានយ៉ាងងាយស្រួល សម្រាប់បំពេញតម្រូវការបន្ថែមនៃសារធាតុចិញ្ចឹមឲ្យរាងកាយយើង។

សារធាតុប្រូតេអ៊ីនទទួលបានពីការហូបចង្រិត ជារបបអាហារដ៏សំខាន់ដែលរាងកាយយើងត្រូវការជាចាំបាច់។ រីឯ សារធាតុសរសៃ វិញ ជាតម្រូវការនៃប្រព័ន្ធរំលាយអាហារក្នុងការស្រូបយកសារធាតុចិញ្ចឹម និងជំរុញដល់ការដឹកនាំកាកសំណល់តាមផ្លូវរំលាយអាហារ។
ជាពិសេសទៅទៀត សត្វចង្រិតជាប្រភពនៃអាហារដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ជំរុញឲ្យមានការបង្កបង្កើតពពួកបាក់តេរីល្អក្នុងពោះវៀន ដែលប្រព័ន្ធរំលាយអាហារយើងត្រូវការជាចាំបាច់។ ព្រោះបាក់តេរីល្អទាំងនេះ មិនត្រឹមតែជួយដល់ការបំបែកអាហារ ជួយទៅដល់ដំណើរការនៃការស្រូបយកសារធាតុចិញ្ចឹមពីចំណីអាហារប៉ុណ្ណោះទេ ពួកវាថែមទាំងប្រឆាំងនឹងការរលាកទាំងឡាយទៀតផង។

នេះបើយោងទៅតាមការសិក្សាស្រាវជ្រាវទៅលើសំណាកចំនួន ២០នាក់ ដែលមានអាយុចាប់ពី ១៨ ដល់ ៤៨ឆ្នាំ បានបង្ហាញជាលទ្ធផលឲ្យឃើញថា វាហាក់បីដូចជា ពុំមានការប្រែប្រួលអ្វីដែលខុសប្រក្រតី ឬមានផលអវិជ្ជមានអ្វីឡើយ ហើយពពួកបាក់តេរីក្នុងពោះវៀនក៏ពុំសូវជាមានការប្រែប្រួលខ្លាំងប៉ុន្មានដែរ។
ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះគឺ គេឃើញមានការកើនឡើងនូវបរិមាណនៃអង់ស៊ីមដ៏ពិសេសមួយដល់ទៅ ៥,៧ដង ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការដ៏ប្រសើរនៃប្រព័ន្ធរំលាយអាហារ។ ជាពិសេសទៅទៀតនោះ គេសង្កេតឃើញថា មាននៅការធ្លាក់ចុះនូវប្រូតេអ៊ីនពិសេសម៉្យាងដែលជាភ្នាក់ងារចំបងក្នុងការបង្កឲ្យមានការវិវឌ្ឍន៍នៃកោសិកាមហារីក និងជំងឺធ្លាក់ទឹកចិត្តជាដើម។

ដូច្នេះការហូបសត្វចង្រិត ជាពិសេសបំពង មិនត្រឹមតែឆ្ងាញ់ ហើយជួយបំពេញនូវរបបអាហារនៃសារធាតុប្រូតេអ៊ីន និងសរសៃតែមួយមុខនោះទេ វាថែមទាំងជួយជំរុញសុខភាពនៃប្រព័ន្ធរំលាយអាហារទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]