(ភ្នំពេញ)៖ គណៈកម្មាធិការទូក ង ដើម្បីអាចបំបែកឯតទគ្គកម្មពិភពលោកបានឲ្យដឹងថា ទូក ង វែងជាងគេលើពិភពលោកដែលមានប្រវែង ៨៥,៥ម៉ែត្រ ទទឹង១,៥៥ម៉ែត្រ ដាក់ចំណុះបានចំនួន ១៧៩នាក់ របស់ខ្មែរត្រូវបានបង្ហាញខ្លួនលើផ្ទៃទឹកជាផ្លូវការហើយ។
សម្រាប់ក្បាលទូក ឆ្លាក់ចេញជាក្បាលនាគ រីឯកន្ទុយឆ្លាក់ចេញជាកន្ទុយហង្ស កំពុងដំណើរការផលិតនៅតំបន់ចុងប៉មក្រុងព្រៃវែង ខេត្តព្រៃវែង ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងខែសីហា ឆ្នាំ២០១៨ ដោយផលិតចេញពីដើមឈើគគីរ នៅខេត្តព្រៃវែង ត្រូវបានកំណត់ថា ជាទូក-ងវែងជាងគេនៅលើពិភពលោក។
នៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុក គេបានឃើញមានការបង្ហោះនូវរូបភាពទូក ង ដ៏វែងនោះកំពុង អណ្តែតនៅលើផ្ទៃទឹកយ៉ាងសង្ហា និងគួរឱ្យចាប់អារម្មណ៍បំផុត។
គោលបំណងសំខាន់ៗនៃការផលិតទូក ង ដែលវែងជាងគេនេះ គឺចង់រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់នៃការផលិត និង ការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញនូវស្នាព្រះហស្ថ របស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកជាមធ្យោបាយមួយក្នុងការការពារទឹកដី ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយ ដើម្បីជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយ ក្នុងការថែរក្សា និង អភិរក្សកេរដំណែលពីដូនតា ក្នុងការបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរខ្លាំងអាចផលិតបាន អ្វីដែលអស្ចារ្យជាងគេលើលោក។
គួបញ្ជាក់ថា សម្រាប់ការផលិតនេះ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរចេះសាមគ្គីគ្នារួបរួមគ្នា តាមរយៈការកសាងទូក ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើមរហូតដល់ចេញជារូបរាងទូកឡើង ដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ដើម្បីបណ្តុះឆន្ទៈកូនខ្មែរឱ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើឆាកអន្តរជាតិ ចៀសវាងការយកពេលវេលាមានតម្លៃទៅសេពគ្រឿងញៀន គ្រឿងស្រវឹង បង្ហោះម៉ូតូ និងក្មេងទំនើងជាដើម៕




ប្រភព៖ khmertalking
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]