ភ្នំពេញ : ស្របពេលកំនើនប្រជាសាស្រ្តក្នុងទីក្រុង កំនើនយានយន្តនិងមធ្យោបាយ​ដឹកជញ្ជូននានា​សាលារាជធានី​ភ្នំពេញកំពុងរៀបចំផែនការថ្មី សម្រាប់អភិវឌ្ឍន៍រាជធានីភ្នំពេញក្នុងរយៈពេលវែងខាងមុខ ​ដើម្បីឲ្យរាជធានីនេះមានកា​រអភិ​វឌ្ឍប្រកបដោយនិរន្តរភាព។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់ចេញនូវផែនការថ្មីមួយនៅពេលថ្មីៗនេះដើម្បីឆ្លើ​យតប​ទៅ​នឹងលំហូរច​រាចរ​ណ៍ ទេសចរណ៍ សោភ័ណភាព និងការអភិវឌ្ឍន៍រីកចំរើនលើវិស័យនៅរាជធានី​ភ្នំពេញ ពិសេ​សវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ សេវាកម្មសាធារណៈ សំណង់គ្រឹះស្ថាន អគារនានាក្នុងរាជធានីនេះ។ គំរោងនេះធ្វើ​ឡើង​ក្រោ​ម​កិច្ចស​ហ​ប្រតិបត្តិ​ការរវាងរដ្ឋបាលរាជធានីភ្នំពេញជាមួយ និងសាលាក្រុងប៉ារីសលើវិស័យនគរូបនីយកម្មក្នុង​រាជធានី​ភ្នំពេញ។

លោកបន្តថា “តំបន់ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ គឺជាទំហំ​នៃការអភិវឌ្ឍ​ធំមួយ ដូច្នេះ​ហើយទើប​សាលា​ក្រុងប៉ារីស ដែលជាទីក្រុងមានបទពិសោធន៍ នៃការរៀបចំទីក្រុងឲ្យមានភាពស្រស់បំព្រងចង់ឲ្យតំបន់​នោះ ក្លាយជាតំប​ន់​បៃតង ដែលមានបរិស្ថានល្អ”។

អភិបាលរាជធានីភ្នំពេញបានបង្ហាញឲ្យមានការអភិវឌ្ឍគ្រប់វិស័យ ពិសេសវិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ សេវាកម្មសា​ធា​រណៈ សំណង់គ្រឹះស្ថាន អគារនានា ក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើម​មាន​ការ​អភិវឌ្ឍ​ឆ្លើយ​តប នឹងកំណើនប្រជាជន​ទីក្រុង ដែលកើនឡើងយ៉ាងឆាប់រហ័សរហូតដល់៣,២៥ភាគរយក្នុង១ឆ្នាំៗ។

យោងតាមទិ​ន្នន័យរបស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា បច្ចុប្បន្នចំនួនប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ បានកើនឡើងរហូតដល់១,៧លាននាក់ គឺប្រមាណជា៥៦ភាគរយនៃប្រជាពលរដ្ឋ​ទីក្រុង ដែលជាអ្នកចំណាកស្រុក ចូល​មក​សិក្សានិងធ្វើការនៅទីក្រុងភ្នំពេញ។

តំណាងសាលាក្រុងប៉ារីសនៃសាធារណរដ្ឋបារាំង លោកស្រី អេឡូឌី គុយអង់កា បានថ្លែងថា ដើម្បី​ឆ្លើយ​តប​នឹង​ស្ថា​ន​ភាពនៃការអភិវឌ្ឍទីក្រុង ដែលទីក្រុងភ្នំពេញបាននិងកំពុងជួបប្រទះ គឺមានការងារអាទិភាពចំនួនពីរត្រូវបានដាក់​ឲ្យ​សិក្សា ដូចជាទី១ ការរៀប​ចំផែនការអភិវឌ្ឍតំបន់ភាគខាងត្បូងក្រុងភ្នំពេញ ដែលសព្វថ្ងៃកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង និងទី២ ការពង្រឹងការរំដោះនិងការគ្រប់គ្រងច្រាំងមាត់ទន្លេសាប ព្រមជាមួយនឹងពង្រីកទៅភាគខាងជើងនៃតិរវិថីព្រះស៊ី​សុវត្ថិ។

លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកជំនាញផ្នែកនគរូបនីយកម្ម​ និងអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកណ្តាលបានថ្លែងថា នៅក្នុងប្លង់គោលប្រើប្រាស់ដី​ក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ មានភាពប្រហាក់ប្រហែលគ្នា ព្រោះប្លង់គោលផ្តោត​សំខាន់លើបញ្ហាផ្លូវ និងផែនការប្រើប្រាស់ដី ប៉ុន្តែផែនការលំអិតមិនទាន់បានធ្វើនៅឡើយ​ទេ ហេតុនេះវាទាមទារឲ្យមានការសិក្សាលំអិតបន្ថែមទៀត នៅតាមបណ្តាស្រុក ឬក្រុងនិ​មួយៗ ទៅតាមដំណាក់កាលនៃការអភិវឌ្ឍ។

លោកបន្តថា “អ្វីសំខាន់តើដីនិមួយៗមានការចុះបញ្ជីរ ប្រើប្រាស់ដីធ្លីបានត្រឹមត្រូវឬយ៉ាងណា និងចុះជាប្រព័ន្ឋយ៉ាងដូចម្តេច ដើម្បីយើងដឹងប្រាកដថាតំបន់នោះគួរប្រើប្រាស់​ក្នុងលក្ខខ័ណ្ឌអ្វី និងគួររៀបចំទំហំផ្លូវបែបណា ដើម្បីមានភាពសមស្របនឹងកំនើនប្រជា​សាស្រ្ត និងយានយន្ត”៕

ប្រភព៖ Property area

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]