ខេត្តសៀមរាប ៖ លោក​អធិការរង​នគរបាល​ក្រុង​សៀមរាប ចិត្ត​ភ្លើង​ទទួល​បន្ទុក​កិច្ចការ​ម្នាក់​បាន​ទាញ​កាំបិត​បុ័ងតោ​គប់​ទៅ​លើ​កូនចៅ​របស់​ខ្លួន​ដែល​យាម​ប្រចាំការ​នៅ​ទីនោះ បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​សៀម​រាប កាលពី​ម៉ោង​៨​និង​៤៥​នាទី ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៨ ។

មន្ត្រី​នគរបាល​ក្រុង​សៀមរាប​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២០ តុលា​នេះ​ថា ករណី​លោក​អធិការរង​នគរបាល​ក្រុង​សៀមរាប គឺ​លោក​វរសេនីយ៍ត្រី សា​រិ​ទ្ធ បញ្ញា ទទួល​បន្ទុក​កិច្ចការ​ម្នាក់​បាន​ស្រវឹង​ជោកជាំ រហូត​ទៅ​យក​កាំបិត​បុ័ងតោ​គប់​ទៅ​លើ​កូនចៅ​ទាំង​កំរោល បណ្តាល​ឱ្យ​បែកក្បាល​ហូរ​ឈាម​ដេរ​៣​ថ្នេរ​។ ហើយ​ជន​រង​គ្រោះ​មានឈ្មោះ លីវ សុ​ឈុ​ន​លេង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​អនុសេនីយ៍ទោ មាន​ទីលំនៅ​ក្នុង​ក្រុង​សៀមរាប​។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា នៅ​ពេល​កើតហេតុ គឺ​ជន​រង​គ្រោះ​ត្រូវ​ចំ​វេន​យាម​ប្រចាំការ ខណៈ​កំពុង​អង្គុយ​ប្រចាំការ​នៅ​ក្នុង​អធិការដ្ឋាន​​ក្រុង​សៀមរាប ដើម្បី​រង់ចាំ​ទទួល​បទ​បញ្ជា​ពី​ថ្នាក់លើ ប្រសិនបើ​មាន​បទល្មើស​កើតឡើង ។ សូម​បញ្ជាក់​ថា តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​​របស់​អធិការ​ក្រុង​សៀមរាប​មាន​វេន​ប្រចាំ​រៀង​ៗ​ខ្លួន​ម្នាក់​ម្តង ស្រាប់តែ​ដល់​វេន​ប្រចាំ​ការ​របស់​លោក​វរសេនីយ៍ត្រី សា​រិ​ទ្ធ បញ្ញា អធិការរង​ទទួល​បន្ទុក​កិច្ចការ​ម្នាក់ មិនដឹង​គាត់​​ទៅ​ផឹក​ស្រវឹង​មកពីណា​ទេ មក​ដល់​កន្លែង​បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​ជន​រង​​គ្រោះ​តែ​ម្តង​។ ខណៈនោះ​ក៏​ប្រកែក​គ្នា​បន្តិចបន្តួច រហូត​ដល់​លោក​អធិការរង​ខឹង​ក៏​ដើរទៅ​ទាញ​កាំបិត​នៅ​ជិត​ខ្លួន​គប់​មក​លើ​ជន​រង​គ្រោះ បណ្តាល​ឱ្យ​បែកក្បាល​រយៈ​ហូរ​ចេញ​ឈាម​ដេរ​៣​ថ្នេរ​ភ្លាម​ៗ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ពេល​នោះ​ជន​រង​គ្រោះ​មិន​បាន​តបត​វិញ​ទេ ហើយ​ក៏​ដើរ​ចេញ​ជិះ​ម៉ូតូ​ទៅ​រក​ពេទ្យ​ព្យាបាល​ដោយ​ខ្លួនឯង​តែ​ម្តង​។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]