ភ្នំពេញ៖ បើតាមផេកហ្វ៊េសប៊ុកមួយបានបង្ហាញពីសមាសភាពកីឡាករបរទេសទាំង ៥រូប របស់ក្លិបបាល់ទាត់វិសាខា។ ការបែកធ្លាយនេះ ទំនងជានឹងអាចត្រឹមត្រូវដែរ បើសង្កេតទៅលើវត្តមានរបស់កីឡាករទាំងនោះក្នុងការប្រកួតមិត្តភាពឱ្យក្លិបបាល់ទាត់វិសាខានាពេលកន្លងមក។ បើតាមរូបភាពបែកធ្លាយដែល “ខ្មែរឡូត” ទទួលបាននាព្រឹកនេះ សមាសភាពកីឡាករបរទេសទាំង ៥រូបរបស់វិសាខារួមមាន៖
១.កីឡាករ SKRAPARAS EVANGELOS វ័យ ២៨ឆ្នាំ ពាក់អាវលេខ ៩៩ សញ្ជាតិក្រិច និងអាល្លឺម៉ង់ តួនាទីជាខ្សែបម្រើ និងធ្លាប់ជាកីឡាករប្រកបអាជីពនៅអូស្រ្តាលី ,វៀតណាម និងចុងក្រោយគេនៅរ៉ូម៉ានី មុននឹងចូលរួមជាមួយវិសាខានារដូវកាលនេះ។

២.កីឡាករ Ideguchi Massaki វ័យ ៣០ឆ្នាំ ពាក់អាវលេខ ២៨ សញ្ជាតិជប៉ុន តួនាទីជាខ្សែបម្រើ និងធ្លាប់ជាកីឡាករប្រកបអាជីពនៅ FC Osaka របស់ជប៉ុន និងក្លិប Hoang Anh Gia Lai នៅលីគកំពូលវៀតណាមផងដែរ មុននឹងចូលរួមជាមួយវិសាខានារដូវកាលនេះ។

៣.កីឡាករ PAK SONG CHOL ពាក់អាវលេខ ៩ សញ្ជាតិកូរ៉េខាងជើង តួនាទីជាខ្សែបម្រើ និងធ្លាប់ជាកីឡាករប្រកបអាជីពនៅក្លិបវិសាខាផ្ទាល់តែម្តងកាលពីរដូវកាលមុន (បន្តកុងត្រាថ្មី)។

៤.កីឡាករ DA CRUZ GUARDIANO ELIEL ពាក់អាវលេខ ៣១ សញ្ជាតិប្រេស៊ីល តួនាទីជាខ្សែប្រយុទ្ធ។

៥.កីឡាករ NIKOLOV LUBEN GUEORGUIEV វ័យ ៣៣ឆ្នាំ ពាក់អាវលេខ ៩៧ សញ្ជាតិប៊ុលហ្ការ៊ី តួនាទីជាខ្សែការពារ និងធ្លាប់ជាកីឡាករប្រកបអាជីពនៅលីគប៊ុលហ្ការី ,ថៃ និងចុងក្រោយគេនៅក្លិប PKNP នៅម៉ាឡេស៊ី មុននឹងចូលរួមជាមួយវិសាខានារដូវកាលនេះ។

ទោះបីជាបែបណាក៏ដោយ នេះគ្រាន់តែជាព័ត៌មានបែកធ្លាយបណ្តោះអាសន្នប៉ុណ្ណោះ ខណៈដែលក្លិបវិសាខាផ្ទាល់នៅមិនទាន់បង្ហាញសមាសភាពរបស់កីឡាករបរទេសទាំងនេះជាផ្លូវការនៅឡើយទេ។ ប៉ុន្តែ “ខ្មែរឡូត” ជឿថា សមាសភាពកីឡាករបរទេសទាំងនេះ អាចនឹងត្រូវបង្ហាញខ្លួននៅក្នុងជំនួបរសៀលនេះទល់នឹងសូទីឡូអង្គរ ដែលបងប្អូនប្រិយមិត្តបាល់ទាត់ អាចចូលរួមទស្សនាផ្ទាល់នៅកីឡដ្ឋាន វិសាខា (ហ្គ្រេនភ្នំពេញ) ចាប់ពីម៉ោង ៣:៣០នាទីរសៀលតទៅ៕ លីគខ្លាំង! ជម្រើសជាតិខ្លាំង!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]