ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅនេះ ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកក្រុមហ៊ុន អ័រគីដេ វីឡា បានធ្វើដំណើរមកកាន់សហគមន៍ត្រពាំងសង្កែ ដែលស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីធ្វើការចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលរៀនពូកែ និងក្រីក្រចំនួន ១៦៤ នាក់ និងដាំដើមកោងកាងចំនួន ៣០០០ ដើម ក្នុងគោលបំណងជួយជម្រុញ និងរួមចំណែកថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ដែលប្រជាជននៅក្នុងសហគមន៍ទាំងមូលកំពុងអាស្រ័យផល ក៏ដូចជាជួយដល់កុមារក្នុងវិស័យអប់រំផងដែរ។ ហើយនេះជាសកម្មភាពមួយក្នុងចំណោមកម្មវិធីជាច្រើនទៀតនៃកម្មវិធីទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន អ័រគីដេ វីឡា។ កម្មវិធីនេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ អ្នកតំណាងមន្ទីរបរិស្ថានប្រចាំនៅខេត្តកំពត ព្រមទាំងបុគ្គលិកមន្ទីរជាច្រើនរូបទៀត។

តាមប្រសាសន៍របស់លោកពូ ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែ ខេត្តកំពតបានឲ្យដឹងថា បច្ចុប្បន្នសហគមន៍មានដើមកោងកាងប្រមាណ ៣០០ ០០០ ដើម នៅលើផ្ទៃដីជាង ៦០ ហិកតា ដែលមានប្រជាពលរដ្ឋជាង ៦០០ គ្រួសារនៅក្នុងសហគមន៍នោះកំពុងតែទាញយកប្រាក់ចំណូលបានតាមរយៈភ្ញៀវទេសចរ ដែលចូលមកទស្សនាកម្សាន្តនៅតំបន់ព្រៃកោងកាងនោះដែលជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងពីរបរនេសាទប្រចាំថ្ងៃ។ តាមរយៈប្រភពចំណូល ដែលបានមកពីព្រៃកោងកាង វាបានជួយកាត់បន្ថយនូវការចំណាកស្រុករបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ហើយកុមារៗក៏មានឱកាសគ្រប់គ្រាន់ដើម្បីទទួលបានការសិក្សាអប់រំផងដែរ។

នៅក្នុងឱកាសនោះដែរ ក្រុមហ៊ុន អ័រគីដេ វីឡា បានសង្កត់ធ្ងន់ថា ការថែរក្សាព្រៃកោងកាងដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ប្រទេសកម្ពុជាយើង មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់នោះទេ ផ្ទុយទៅវិញវាគឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាដាំ បង្កើនធនធានធម្មជាតិនេះឲ្យកាន់តែសំបូរបែប ដើម្បីជួយឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ធនៅក្នុងតំបន់នោះកាន់តែប្រសើរឡើង។

ដើមកោងកាង គឺជារុក្ខជាតិមួយប្រភេទដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះមនុស្ស និងធម្មជាតិ។ វាជាជម្រកដ៏សំខាន់របស់ បក្សាបក្សី ថនិកសត្វសមុទ្រ បង្កង ក្ដាម និងត្រី ដោយផ្ដល់នូវកន្លែងសម្រាប់បង្កកំណើត និងការពារពីគ្រោះថ្នាក់ផ្សេងៗ។ ម្យ៉ាងវិញទៀត ដើមកោងកាងជារនាំងធម្មជាតិជួយការពារខ្យល់ព្យុះ និងរលកសមុទ្រមិនឲ្យបោកបក់បំផ្លាញដំណាំ និងផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ឆ្នេរសមុទ្រនោះថែមទៀតផង។

បន្ថែមពីលើអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើ ដើមកោងកាង ក៏អាចប្រើជាឱសថដ៏ពូកែស័ក្តិសិទ្ធក្នុងការព្យាបាលជម្ងឺផងដែរ៕ 

សកម្មភាពចែកសម្ភារៈសិក្សា
សកម្មភាពចែកសម្ភារៈសិក្សា
សកម្មភាពចែកសម្ភារៈសិក្សា
សកម្មភាពចែកសម្ភារៈសិក្សា
សកម្មភាពចែកសម្ភារៈសិក្សា
សកម្មភាពចែកសម្ភារៈសិក្សា
សកម្មភាពដាំកូនឈើ
ក្រុមហ៊ុន អ័រគីដេ វីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]