សព្វថ្ងៃនេះបច្ចេកវិទ្យាកាន់តែជឿនលឿន ឯការតុបតែងខ្លួនប្រាណក៏សុទ្ធតែថ្មីៗ និងទាន់សម័យផងដែរ។ ទោះជាយ៉ាងនេះក្តី ការតុបតែងខ្លួនក្នុងយុគសម័យនេះ មិនមែនសុទ្ធតែមានប្រយោជន៍ និងមានផលល្អសម្រាប់អ្នកនោះទេ វាអាចបង្កជាបញ្ហា និងប៉ះពាល់ដល់សុខភាពរបស់អ្នកទៀតផង។
ដូច្នេះមកតាមដានការតុបតែងខ្លួន ដ៏ពេញនិយមទាំង១០ប្រភេទ ដែលអាចប៉ះពាល់ដល់សុខភាពដូចជា៖
១. ស្បែកជើងកែង
ការពាក់ស្បែកជើងកែង ធ្វើឱ្យបន្ទុកទម្ងន់របស់អ្នកទាំងអស់ធ្លាក់ទៅលើចុងជើង ដែលអាចបណ្តាលឱ្យមានការឈឺចាប់នៅផ្នែកចុងជើង ឈឺកជើង រួមទាំងមានបញ្ហាទាក់ទងនឹងឆ្អឹងខ្នងផងដែរ។ បន្ថែមពីនេះអ្នកស្រាវជ្រាវបានរកឃើញដែរថា ការពាក់ស្បែកជើងកែងខ្ពស់ៗអាចធ្វើឱ្យផ្លាស់ប្តូរទម្រង់សាច់ដុំ និងសរសៃពួទៀតផង។

២. ប្រដាប់រឹតក្បាលពោះ/ចង្កេះ
សម័យនេះស្ត្រីភាគច្រើន ចូលចិត្តប្រើផលិតផលរឹតក្បាលពោះឱ្យតូច ឬសំលៀកបំពាក់បង្រួមចង្កេះជាដើម ដែលទាំងនេះមិនត្រឹមតែធ្វើឱ្យមានការឈឺចុកចាប់នោះទេ តែវាអាចធ្វើឱ្យសុខភាពសួតរបស់អ្នកធ្លាក់ចុះ និងធ្វើឱ្យលំហាត់ប្រាណរក្សាលំនឹងរបស់អ្នក (Core strength) អន់ខ្សោយជាងមុនផងដែរ។ ដូច្នេះប្រសិនជាចង់បានរាងស្អាត អ្នកអាចទទួលទានអាហារដែលមានជីវិជាតិមានផលល្អចំពោះសុខភាព និងការសម្រកទម្ងន់ ជាពិសេសត្រូវធ្វើសកម្មភាពរាងកាយជាប្រចាំទើបជាការប្រសើរ។

៣. វះកាត់កែសម្ផស្ស
ការវះកាត់កែសម្ផស្សក្រោមមុខកាំបិត ប៉ះប៉ូវចន្លោះខ្វះខាតលើផ្ទៃមុខ និងរាងកាយទាំងមូល បានក្លាយទៅជាទីពេញនិយមសព្វថ្ងៃនេះ ។ ការកែសម្ផស្សពិតជាមានការប្រឈមមុខខ្ពស់ណាស់ទាំងក្នុងអំឡុងពេលវះកាត់ និងក្រោយពេលវះកាត់ ដោយពេលខ្លះវាធ្វើឱ្យសាច់ដុំពិការ ហើយករណីខ្លះទៀតអាចធ្វើឱ្យស្បែកមុខមានបញ្ហាពេលអនាគត ឬពេលអស់ប្រសិទ្ធភាពនៃការកែសម្រស់ជាដើម។

៤. ពាក់ឡែន៍ពណ៌
ការពាក់ឡែន៍ពណ៌លើកែវភ្នែក ក៏កំពុងតែពេញនិយមផងដែរ តែអ្នកគួរតែប្រឹក្សា ឬបញ្ជាទិញពីវេជ្ជបណ្ឌិតជំនាញទើបជាការល្អ។ ព្រោះការប្រើប្រាស់វាខុសបច្ចេកទេស អាចប្រឈមមុខការពិកាភ្នែក កាត់បន្ថយលទ្ធភាពនៃការមើលឃើញ និងបញ្ហាលើគ្រាប់ភ្នែកជាច្រើនផ្សេងទៀត។ ដូច្នេះសូមបញ្ជាទិញឱ្យបានត្រឹមត្រូវ និងរក្សាអនាម័យឱ្យបានល្អរាល់ពេលប្រើឡែន៍ពាក់លើភ្នែក។

៥. ប្រើឧបករណ៍ហាលថ្ងៃ (Indoor Tanning Salons)
ការប្រើឧបករណ៍ហាលថ្ងៃរាងកាយវាពិតជាប៉ះពាល់ដល់សុខភាពស្បែកខ្លាំងណាស់ ថែមទាំងអាចបង្កជាជំងឺមហារីស្បែកជាច្រើនប្រភេទផងដែរ។ ជាពិសេសអាចធ្វើឱ្យស្បែករបស់អ្នកឆាប់ចាស់ ជ្រីវជ្រួញ ថែមទាំងអាចប៉ះពាល់ដល់កែវភ្នែកប្រសិនជាអ្នកមិនបានការពារភ្នែកពេលប្រើឧបករណ៍នេះផងដែរ។ ដូច្នេះជំនួសឱ្យការប្រើឧបករណ៍ដ៏គ្រោះថ្នាក់នេះ អ្នកអាចលាបក្រែមការពារកម្តៅថ្ងៃ SPF 30 ហើយគេងហាលថ្ងៃក្បែរមាត់សមុទ្របែបធម្មជាតិទើបជាការល្អ។

៦. គ្រឿងសម្អាងមានជាតិពុល
គ្រឿងសម្អាងភាគច្រើនត្រូវបានគេស្រាវជ្រាវរកឃើញថា មានផ្ទុកនូវសារធាតិគីមីគ្រោះថ្នាក់ជាច្រើនដូចជា Cadmium Aluminum និង Chromium ស្ទើរតែ ៧៥% នៃគ្រឿងសម្អាងទាំងអស់។
- Cadmium ៖ អាចបង្កឱ្យកើតជំងឺមហារីកជាច្រើន ដូចជាមហារីកសុដន់ជាដើម។
- Aluminum៖ ធ្វើឱ្យកើតជំងឺពុកឆ្អឹង កើតជំងឺស្លេកស្លាំង ជំងឺភ្លេចភ្លាំង រួមទាំងជំងឺគ្រោះថ្នាក់ជាច្រើនទៀត។
- Chromium៖ អាចបង្កជាជំងឺមហារីកក្រពះ ធ្វើឱ្យកម្រិត IQ ធ្លាក់ចុះ និងប៉ះពាល់ដល់កោសិកាខួរក្បាល។

៧. ខោខូវប៊យដែលរឹបរាងខ្លាំងពេក
ការស្លៀកខោដែលរឹបខ្លាំងពេក មើលទៅជួយឱ្យរាងរបស់អ្នកស្អាតក៏ពិតមែន តែវាអាចធ្វើឱ្យប៉ះពាល់ដល់ចលនាលំហូរឈាមបាន ថែមទាំងរឹតត្រង់ឆ្អឹងត្រគាក និងធ្វើឱ្យជើងស្ពឹកស្រពន់ ហើយសម្រាប់បុរស ការស្លៀកខោខូវប៊យតឹងពេកនឹងធ្វើឱ្យប៉ះពាល់ដល់ប្រដាប់បន្តពូជទៀតផង។ បន្ថែមពីនេះការស្លៀកខោតឹងពេក ត្រូវបានគេរកឃើញថាអាចបង្កបញ្ហាជាច្រើនទៀតដូចជា មិនស្រួលក្នុងពោះ រលាក ឬក្រហាយដើមទ្រូង និងមានបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ។

៨. ស្ពាយកាបូបធ្ងន់ៗ
ការស្ពាយកាបូបធំៗ និងធ្ងន់ពេកអាចធ្វើឱ្យអ្នកមានអាការឈឺចាប់ ដល់ ក្បាល ក និងស្មារជាដើម។ ដូច្នេះគួរតែស្ពាយកាបូបតូចៗល្មមៗបានហើយ ហើយគួរតែយករបស់អ្នកមិនសូវប្រើប្រាស់ចេញពីការបូបដែលអ្នកប្រើជាប្រចាំទើបជាការល្អ។

៩. ស្បែកជើងផ្ទាត់/ចម្ពាម
ស្បែកជើងប្រភេទនេះ ត្រូវបានគេដឹងថាអាចប៉ះពាល់ដល់ជើងរបស់អ្នកច្រើនយ៉ាងណាស់ ថែមទាំងធ្វើឱ្យពិបាកពាក់ ពិបាកដើរ ឬទៅណាមកណាយឺតយ៉ាវខុសធម្មតាជាដើម។ ជំនួដឱ្យពាក់ស្បែកជើងចម្ពាម អ្នកគួរតែពាក់ស្បែកជើងដែលងាយពាក់ និងពាក់ជាប់នឹងជើងល្អជាង។

១០. ចោះក្រវិល (Piercings)
ការចោះក្រវិលពាក់លើទងត្រចៀក ផ្សិត ឬកន្លែងណាមួយលើរាងកាយ ក៏ជាម៉ូតដ៏ពេញនិយមផងដែរសម្រាប់សព្វថ្ងៃ តែតាមការស្រាវជ្រាវបានរកឃើញថា វាអាចបង្កការឆ្លងមេរោគដល់ទៅ ២០%។ មេរោគទាំងនោះអាចឆ្លងទៅកាន់ឈាម ដែលអាចកើតជំងឺកាចសាហាវជាច្រើនមុខ។ បន្ថែមពីនេះវាអាចបង្កឱ្យក្លាយមុខរបួស បន្សល់ស្លាកស្នាម និងធ្វើឱ្យស្បែករបស់អ្នកខុសទ្រង់ទ្រាយដើម អាចបង្កជាបញ្ហាធ្ងន់ធ្ងរជាច្រើនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]