ភ្នំពេញ៖  ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្រ របស់ផលិតកម្ម Galaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់   ដែលអាចនិយាយបានថា ជាតម្លៃមួយដែលថ្លៃក្នុងចំណោមតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗ ដូចជា អាពាហ៍ពិពាហ៍ ឬ ជប់លៀង  នាងស៊ីថ្លៃដល់ទៅ ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ ៥ពាន់ដុល្លារ ឯណោះក្នុងមួយកម្មវិធី។

តន់ ចន្ទសីម៉ា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បងប្អូនប្រាកដជាជ្រាបហើយថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra មានសន្ទុះប្រជាប្រិយភាពខ្លាំងនៅក្នុងឆ្នាំ  ២០២០   នេះ ដោយបទចម្រៀងរបស់នាង មានអ្នកទស្សនាសរុប រហូតជាង ៤០០ លានដង ដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ។ ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀងរបស់តារាចម្រៀងស្រីល្បីឈ្មោះ រូបនេះ អាចច្រៀងបានគ្រប់ទម្រង់ និង ច្រើនភាសា។

តាមប្រភពច្បាស់ការខាងលើបានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះ ដែលហ៊ានជួលតម្លៃខាងលើ។

តន់ ចន្ទសីម៉ា

មួយវិញទៀត ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា  ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនមិនអាចមានលទ្ធភាព ជួលនាងឡើងច្រៀងបានឡើយ។

លោក យឹម តាស្រង់ អ្នកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃការច្រៀងរបស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជាបានកំណត់ ដូចបានលើកឡើងខាងលើពិតមែន។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថា ការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាង នាពេលបច្ចុប្បន្ននេះ។

លោក យឹម តាស្រង់  បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនបានទាក់ទងនាងទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ ក្រៅពីមានទីផ្សារខ្ពស់ហើយនោះ បច្ចុប្បន្ន កញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា  brand ambassador របស់ ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះ ហើយនៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ នាងនឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំ មួយផងដែរ។

  លោក យឹម តាស្រង់

អ្នកគ្រប់គ្រងល្បីឈ្មោះរូបនេះបញ្ជាក់ថា មូលហេតុដែលនាំឲ្យក្រុមហ៊ុនកំណត់ឲ្យ តន់ ចន្ទសីម៉ា ចេញច្រៀងតាមកម្មវិធីតូចៗដូចជា អាពាហ៍ពិពាហ៍ ឬ ជប់លៀង នាងស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ថ្លៃជាងច្រៀងតាម Concert ក៏ព្រោះផលិតកម្ម Galaxy Navatra និង Galaxy Navatra Thailand បានពិភាក្សាយ៉ាងល្អិតល្អន់ហើយនៅតម្លៃនេះ ជាតម្លៃ ស្តង់ដារអន្តរជាតិមួយ ព្រោះកម្មវិធីតូចៗដូចជា  អាពាហ៍ពិពាហ៍ ឬ ជប់លៀង ជាកម្មវិធីឯកជន ហេតុនេះមានតែកម្រិតអ្នកមានសេដ្ឋកិច្ចប្រសើរប៉ុណ្ណោះ ទើបអាចជួលនាងទៅច្រៀងបាន៕

តន់ ចន្ទសីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា