អង់គ្លេស៖ តុលាការអង់គ្លេសបានសម្រេចថាលោក Julian Assange ដែលជាស្ថាបនិកគេហទំព័រ Wikileaks មិនគួរធ្វើបត្យាប័នទៅសហរដ្ឋអាមេរិកដើម្បីចូលសវនាការជំនុំជម្រះក្តីនោះទេ។ ចៅក្រមបានរារាំងសំណើនេះដោយសារតែការព្រួយបារម្ភលើសុខភាពផ្លូវចិត្តរបស់លោក Assange និងហានិភ័យនៃការធ្វើអត្តឃាតនៅសហរដ្ឋអាមេរិក។ លោកស្រីចៅក្រម Vanessa Baraitser បាននិយាយថា ខណៈដែល Assange បានធ្វើហួសពីតួនាទីអ្នកកាសែតទៅទៀត ហានិភ័យនៃសុខភាពផ្លូវចិត្ត និងរាងកាយរបស់គាត់គឺធំធេងណាស់។

សហរដ្ឋអាមេរិកបានប្តេជ្ញារួចហើយក្នុងការប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះ ហើយករណីនេះទំនងជានឹងត្រូវបញ្ចប់នៅក្នុងតុលាការកំពូលអង់គ្លេសដែលជាដំណើរការដែលត្រូវចំណាយពេលច្រើនឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Assange បានបង្ហាញខ្លួននៅតុលាការ Old Bailey កាលពីថ្ងៃចន្ទ (រូបភាព៖ PA MEDIA)

Wikileaks ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2006 ប៉ុន្តែទទួលបានការចាប់អារម្មណ៍ពីទូទាំងពិភពលោកនៅឆ្នាំ 2010 បន្ទាប់ពីបានទម្លាយឯកសារជាបន្តបន្ទាប់អំពីសង្គ្រាមអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ គេហទំព័រនេះបន្តទម្លាយឯកសារបែកធ្លាយពីក្រសួងការបរទេស ឆ្នេរសមុទ្រ Guantanamo និងគណៈកម្មាធិការជាតិប្រជាធិបតេយ្យ។ អ្នករិះគន់លោក Assange នៅសហរដ្ឋអាមេរិកជឿជាក់ថាលោក Assange បានទទួលឯកសារផ្សេងៗពីប្រទេសដែលគំរាមគំហែងដល់សហរដ្ឋអាមេរិក រួមទាំងប្រទេសរុស្ស៊ីផងដែរ។

លោក Julian Assange ដែលជាជនជាតិអូស្ត្រាលី អាយុ 49 ឆ្នាំរូបនេះត្រូវសហរដ្ឋអាមេរិកចង់ចាប់ខ្លួនក្នុងការចោទប្រកាន់ពីបទចារកម្ម និងការសមគំនិតក្នុងការលួច hack កុំព្យូទ័រ។ ទាំងនៅចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក អ្នកតស៊ូមតិសម្រាប់លោក Assange ជឿជាក់ថាអ្វីដែលលោកធ្វើគឺចាត់ទុកថាជាការងារសារព័ត៌មានហើយ ដូច្នេះការធ្វើបត្យាប័នលោក Assange គឺជាការរំលោភលើសេរីភាពសារព័ត៌មាន។ នៅក្នុងការសម្រេចរបស់លោកស្រី Baraitser បានច្រានចោលការអះអាងបែបនេះដោយនិយាយថាលោក Assange កាលពីលើកមុនបានជំរុញប្រជាជនឱ្យចូលរួមក្នុងការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដើម្បីឱ្យលេចធ្លាយនូវព័ត៌មានរសើប។

អ្នកគាំទ្រលោក Assange បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ Old Bailey កាលពីថ្ងៃចន្ទ (រូបភាព៖ EPA)

ចៅក្រម Vanessa Baraitser បានសន្និដ្ឋានយ៉ាងច្បាស់ថាលោក Assange គួរតែឆ្លើយយល់ព្រមនឹងការចោទប្រកាន់ដែលថាគាត់បាន លួច hack និងបង្ហាញអត្តសញ្ញាណរបស់អ្នកផ្តល់ព័ត៌មានដែលធ្វើការអោយភ្នាក់ងារសន្តិសុខអាមេរិក។

បើលោកឆ្លើយបែបនេះ នៅក្នុងច្បាប់អង់គ្លេសវានឹងគ្រប់គ្រាន់សម្រាប់ការដាក់ទោសពីបទឧក្រិដ្ឋកម្មហើយ ដូច្នេះលោក Assange នឹងប្រឈមមុខនឹងការកាត់ក្តីដូចគ្នានៅសហរដ្ឋអាមេរិក។ ប៉ុន្តែច្បាប់ធ្វើបត្យាប័ននៅអង់គ្លេស គឺតម្រូវឱ្យមានចៅក្រមពិចារណាលើស្ថានភាពសុខភាពរបស់លោក Assange ផងដែរ។ មិនដូចជានៅសហរដ្ឋអាមេរិកនោះទេ ដែលចៅក្រមមិនអាចបញ្ឈប់អ្នកដែលមានសតិមិនល្អក្នុងការសម្លាប់ខ្លួន បាននោះទេ។ 

ការសម្រេចក្តីរបស់ចៅក្រមបែបនេះ ជាជ័យជម្នះមួយដែលបានរារាំងមិននាំយកលោក Assange ទៅសហរដ្ឋអាមេរិក។

ឥឡូវនេះលោក Assange នឹងត្រូវគេនាំទៅពន្ធនាគារ Belmarsh ជាកន្លែងដែលគាត់ត្រូវបានឃុំខ្លួន ហើយពាក្យសុំនៅក្រៅឃុំនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]