ជំងឺ​រលាក​ថ្លើម ​៣ ​ប្រភេទ​ដែល​គ្នា​យើង​ឭ​ញឹក​ញាប់​ជាង​គេ​នោះ​គឺ រលាក​ថ្លើម​ប្រភេទ A, B និង​រលាក​ថ្លើម​ប្រភេទ C។ ជំងឺ​រលាក​ថ្លើម​នេះ សុទ្ធ​តែ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​ជីវិត​របស់​យើង​បាន។ ប៉ុន្តែ ក្រៅ​ពី​ជំងឺ​រលាក​ថ្លើម​ ៣ ​ប្រភេទ​នេះ នៅ​មាន​រលាក​ថ្លើម ២​ប្រភេទ​ទៀត ដែល​យើង​មិន​សូវ​ជា​ដឹង គឺប្រភេទ D និង E។

ជំងឺ​រលាក​ថ្លើម​ជា​ការ​ឆ្លង​ពពួក​វីរុស​ចូល​ទៅ​ក្នុង​ថ្លើម​របស់​យើង ដែល​វា​បណ្ដាល​ឲ្យ​រលាក និង​ខូច​ថ្លើម ធ្វើ​ឲ្យ​ថ្លើម​ដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​រាងកាយ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាង​វិញ​ទៀត ជំងឺ​រលាក​ថ្លើម​គ្រប់​ប្រភេទ​ទាំង​អស់​សុទ្ធ​តែ​អាច​ឆ្លង​ពី​ម្នាក់​ទៅ​ម្នាក់​បាន។ ហើយ​ខាង​ក្រោម​នេះ ជា​ជំងឺ​រលាក​ថ្លើម​ទាំង ​៥ ​ប្រភេទ​៖

ជំងឺ​រលាក​ថ្លើម​ប្រភេទ A៖ ជា​ទូទៅ ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ចំណី​អាហារ ឬ​ភេសជ្ជៈ​កខ្វក់។ រោគសញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ព្យាបាល ប៉ុន្តែ​ការ​ជា​សះ​ស្បើយ​អាច​ចំណាយ​ពេល ២-៣ សប្តាហ៍។

ជំងឺ​រលាក​ថ្លើម​ប្រភេទ B៖ អាច​ជា​ជំងឺ​ស្រួច​ស្រាល់ ឬ​ជំងឺ​រ៉ាំរ៉ៃ។ វា​ឆ្លង​តាម​រយៈ​ធាតុ​រាវ​ក្នុង​រាងកាយ​ដូចជា​ឈាម ឬ​ទឹក​រងៃ​ជាដើម។ ចំពោះ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ​អាច​ព្យាបាល​បាន តែមិនជាសះស្បើយ ១០០% ​ឡើយ​ទេ។ មាន​ន័យ​ថា បើ​យើង​កើត​ជំងឺ​នេះ ព្យាបាល​កាន់​តែឆាប់ ភាគ​រយ​នៃ​ការ​រង​ផល​វិបាក​កាន់​តែ​ទាប។

ជំងឺ​រលាក​ថ្លើម​ប្រភេទ C៖ ក៏​អាច​មាន​លក្ខណៈ​ស្រួច​ស្រាល់ ឬ​រ៉ាំរ៉ៃ​ដែរ។ ជា​រឿយ​ៗ វា​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ឈាម​ពី​អ្នក​​ជំងឺ​រលាក​ថ្លើម​ប្រភេទ C។ នៅ​ពេល​ដែល​វា​មិន​បង្ក​រោគ​សញ្ញា​នៅ​ដំណាក់​កាល​ដំបូង វា​អាច​នាំ​ឱ្យ​មាន​ការ​ខូច​ខាត​ថ្លើម​ជា​រហូត​នៅ​ដំណាក់​កាល​ធ្ងន់​ក្រោយ​ៗ​ទៀត។

ជំងឺ​រលាក​ថ្លើម​ប្រភេទ D៖ គឺ​ជា​ទម្រង់​ធ្ងន់ធ្ងរ​មួយ​នៃ​ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​តែ​ចំពោះ​អ្នក​​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B – វាមិន​អាច​ឆ្លង​ដោយ​ខ្លួន​ឯង​បាន​ទេ។ វា​ក៏​អាច​មាន​លក្ខណៈ​ស្រួច​ស្រាល់ ឬ​រ៉ាំរ៉ៃ​ផង​ដែរ។

ជំងឺ​រលាក​ថ្លើម​ប្រភេទE៖ ច្រើន​តែ​បណ្ដាល​មក​ពី​ផឹក​ទឹក​កខ្វក់។ ជា​ទូទៅ វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ពីរ-បី​សប្ដាហ៍​ដោយ​មិន​មាន​ផល​វិបាក​យូរ​អង្វែង។

លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ទោះ​បី​ជា​ជំងឺ​រលាក​ថ្លើម​ទាំង​ ៥​ ប្រភេទ​នេះ សុទ្ធ​តែ​អាច​ចម្លង​បាន​តាម​ការ​ញ៉ាំ ផឹក ចំណី​អាហារ ឬ​ភេសជ្ជៈ​កខ្វក់ ឬ​ឆ្លង​តាម​រយៈ​ការ​ប៉ះពាល់​ជាមួយ​ទាំង​ជំងឺ​ដោយ​ផ្ទាល់​ក្ដី តែ​យើង​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នេះ​បាន​ដោយ៖

១. ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​លាក​ថ្លើម​ប្រភេទ A ឬ B
២. អនុវត្ត​តាម​ជំហាន​ការ​ពារ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ដូច មិន​ប្រើ​ម្ជុល​តែ​មួយ​ជាមួយ​អ្នក​ជំងឺ ឬ​រួម​ភេទ​ដោយ​សុវត្ថិភាព​។ល។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]