សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​ ​ជា​សមាសធាតុ​ដែល​រួម​ចំណែក​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ ដោយ​បំផ្លាញ​កោសិកា​ DNA ​រួម​ទាំង​​ធ្វើ​ឲ្យ​កោសិកា​ធម្មតា​ក្លាយ​​ទៅ​ជា​កោសិកា​កាច​ និង​មាន​គ្រោះថ្នាក់​ដល់​​ជីវិត​យើង​​​​។​ ពិត​ណាស់​ ​​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​នេះ​ មាន​នៅ​ជុំវិញ​ខ្លួន​យើង​ ដូចជា​នៅ​ក្នុង​ខ្យល់​ អាហារ​ ភេសជ្ជៈ ឬ​ក៏​ផលិតផល​ដែល​យើង​​កំពុង​តែ​ប្រើប្រាស់​ប្រចាំថ្ងៃ​។​ ខណៈ​​រាងកាយ​​របស់​យើង​មាន​ប្រព័ន្ធ​បន្សាប​ជាតិ​ពុល​ ដើម្បី​កម្ចាត់​ចោល​សារធាតុ​បង្ក​ជា​​ជំងឺ​​មហារីក​ និង​ជាតិ​ពុល​ផ្សេង​ៗ​ សារធាតុ​បង្ក​មួយ​ចំនួន​​មាន​ឥទ្ធិពល​​ចូល​ទៅ​​បំផ្លាញ​​​កោសិកា​របស់​យើង​ជំនួស​វិញ​​​។ ក្រៅ​ពី​ការ​ឈប់​ជក់​បារី និង​ឈប់​​ញ៉ាំ​គ្រឿង​ស្រវឹង​ យើង​​ក៏​​អាចចៀស​​​ឆ្ងាយ​ ឬ​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នេះ​បាន​ដូច​គ្នា​ ដោយ​ការអនុវត្ត​​​​តិចនិក​ងាយៗ​ខាងក្រោម​នេះ​។

​​​១. ចៀសសវាង​ការ​បំផ្លាញ​ដោយ​ពន្លឺ​ព្រះអាទិត្យ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ បង្កើន​ហានិភ័យ​ធ្ងន់ធ្ងរ​​នៃ​ជំងឺ​មហារីក​ស្បែក​​ បើ​ទោះ​បី​មាន​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​តិចតួច​ក្តី​​។​ ​សម្រាប់​អ្នក​ដែល​​មាន​កម្រិត​មេឡានីនទាប​ ​មាន​ហានិភ័យ​កាន់​តែ​​ខ្ពស់​ក្នុង​ការវិវត្តន៍​ទៅ​ជា​​ជំងឺ​មហារីក​ស្បែក​ ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​ព្រះអាទិត្យ។​ យ៉ាង​ណា​មិញ​ យើង​ទាំង​អស់​គ្នា​ចាំបាច់​ការពារ​ខ្លួន​ពី​កាំរស្មី​ព្រះ​អាទិត្យ​ដ៏​គ្រោះថ្នាក់​​នេះ​ មិន​ថា​យើង​មាន​ពណ៌​សម្បុរ​ស្បែក​បែប​ណា​នោះ​ទេ។​ ​ការ​ប្រើ​​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ ដើម្បី​ការពារ​​ខ្លួន​យើង​​ពី​កាំរស្មី UVA និង​UVB អាច​​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែកបាន។​ បន្ថែម​ពី​នេះ​ យើង​គួរ​ចៀសវាង​ការ​​​ចេញ​ក្រៅ​នៅ​ចន្លោះ​ម៉ោង​ ១១​ព្រឹក​ ដល់​ម៉ោង​៣​រសៀល​ ឬពាក់​មួក​ ក៏​ដូចជា​សម្លៀក​បំពាក់​បិទ​ជិត​។ល។​

២. ចៀសវាង​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ

​​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​នៅ​ក្នុង​អាហារ​ គឺ​ជា​សមាសធាតុ​ដែល​បំពុល​អាហារ ដែល​មាន​នៅ​ទឹក​កខ្វក់​ សារជាតិ​ពុល​នៃ​ផ្សិត​នៅ​ក្នុង​គ្រាប់​ធញ្ញ​ជាតិ​ និង​សណ្ដែក​ដី​ ក៏​ដូចជា​សារជាតិ​ពុល​នៃ​ជាតិ​ដែក ដែល​មាន​នៅ​ក្នុង​គ្រឿង​សមុទ្រ​​ជាដើម​។​ អាហារ​ប្រភេទ​អាំង​ ឆ្អើរ​ ដុត​។ល។​ អាច​បណ្ដាល​ឲ្យ​កើត​មាន​​​​​​​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​បាន​​​យ៉ាង​ធ្ងន់ធ្ងរ។​ ដូច្នេះ​ហើយ​ យើង​គួរ​ចៀសវាង​អាហារ​ប្រភេទ​ទាំង​នោះ ដោយ​ងាក​មក​​ញ៉ាំ​អាហារ​ប្រភេទ​រុក្ខជាតិ​ ដែល​មាន​ដូចជា​​បន្លែ​ ផ្លែឈើ គ្រាប់​ធញ្ញជាតិ​ ​ឬ​គ្រាប់​ពូជ​ជាដើម​ ពីព្រោះ​​ពួក​វា​​អាច​​​ផ្ដល់​នូវ​ជាតិ​សរសៃ​គ្រប់គ្រាន់​​​ទៅ​ក្នុង​រាងកាយ ដើម្បី​កម្ចាត់​សារធាតុ​បង្ក​​ជា​ជំងឺ​មហារីក​ ក៏​ដូចជា​ជាតិ​ពុល​ដទៃ​ទៀត​បាន​យ៉ាង​អស្ចារ្យ​។​

៣. ការ​ហាត់ប្រាណ​

​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ​ដែល​លើស​ ក៏​​អាច​បង្កើន​ហានិភ័យ​នៃ​​ជំងឺ​មហារីក​សុដន់​ តម្រង​នោម​ ពោះវៀន​ធំ​ និង​មហារីក​ដទៃ​ទៀត​ផង​ដែរ​។​ ដូច្នេះ​ហើយ​ ​ចូរ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ ​៣០​នាទី/​ថ្ងៃ​ ដើម្បី​រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ថេរ​ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក។​ ជាមួយ​គ្នា​នេះ​ដែរ ការ​ហាត់ប្រាណ​ជា​ទៀងទាត់​ ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ កំណត់​អ័រម៉ូន​ត្រឹមត្រូវ​ និង​បង្កើន​មុខងារ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ផង​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]