១. ព្រម​ទទួល​ការពិតពី​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១

នៅ​ពេលធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ថា​កូនយើង​មាន​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ១ ពិត​ណាស់​ប៉ាម៉ាក់​​អាច​នឹង​មាន​អារម្មណ៍​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ខ្លាំង ហើយ​និងត្រូវ​​ចាប់​ផ្ដើម​តស៊ូ​ខ្លាំង​ជាមួយ​កូន​យើង​​ក្នុង​ជីវិត។ ពេល​ដឹង​ថា​កូន​​​មាន​ជំងឺ​នេះ យើង​ក៏​​ដឹងពី​ផល​វិបាក​ដ៏​ធ្ងន់ធ្ងររបស់​ជំងឺ​ចំពោះ​គុណភាព​ជីវិត ​អាយុ​ជីវិត និង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​កូនៗ​ដែរ​។ បន្តិច​ម្ដងៗ​ប៉ាម៉ាក់​​​នឹង​ចាប់​អារម្មណ៍​ដឹងថា​ជំងឺ​នេះ​មួយ​នេះ​បាន​ផ្ដល់​វិបាក​អ្វី​ខ្លះ​ដល់​ក្រុម​គ្រួសារ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​គ្រប់​គ្រង​ស្ថានភាព​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ គឺ​​តម្រូវ​ឱ្យ​កូន​យើង​​ផ្លាស់ប្តូរ​ទម្លាប់ ដោយ​ត្រូវ​​យក​ចិត្ត​ទុក​ដាក់​ក្នុង​របប​អាហារ ​និង​របៀប​រស់​នៅ។ ការណ៍​នេះ​ពិត​ជា​​ពិបាក​បន្តិច​ហើយ​នៅ​ពេល​ដឹង​ថា​កូន​យើង​​ចាំបាច់​ត្រូវ​គ្រប់គ្រង​​ស្ថាន​ភាព​ជំងឺ​ពេញ​មួយ​ជីវិត​។ នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់ប៉ាម៉ាក់ ក៏​ដូច​ជា​កូន ដែល​មាន​អារម្មណ៍​ឈឺចាប់ ​និង​សោកសៅ​នៅ​ដំណាក់​កាល​នេះ។ ប៉ាម៉ាក់​ជា​ច្រើន​ក៏​មាន​អារម្មណ៍​ថា​មាន​កំហុស​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ១ របស់​កូនៗ ​ហើយ​​ក៏​មាន​អ្នក​ខ្លះ​ឆ្ងល់​ថា​តើ​ពួក​គេ​អាច​ការពារ​ជំងឺ​នេះ​​បាន​ដោយ​របៀប​ណា។

ប៉ាម៉ាក់​មួយ​ចំនួន អាច​មាន​អារម្មណ៍ថា​ខ្លួន​មិន​ដឹង​ត្រូវ​ធ្វើ​​ម៉េច​ខ្លះ​ ដើម្បី​ជួយ​កូន​ក្នុង​ការ​ថែទាំ ​និង​គ្រប់​គ្រង​ជំងឺទឹក​នោម​ផ្អែម​ប្រភេទ​១​នេះ ណាមួយ​ត្រូវ​ប្រើប្រាស់អាំងស៊ុយលីន ណាមួយ​ត្រូវ​មាន​ផែនការ​អាហារ​ទៀត។​ ការ​បារម្ភ​នេះ​​ជា​រឿង​ធម្មតា​ទេ ព្រោះ​យើង​​ព្រួយ​បារម្ភ​អំពី​​បញ្ហា​ជំងឺ​ទឹកនោម​ផ្អែមនេះ ​និង​ការ​ដែល​អាច​ទទួល​បាន​ជំនួយ​ខាង​វេជ្ជសាស្ត្រ​។

អារម្មណ៍​ទាំង​អស់​នេះ​ត្រូវ​បាន​ចែក​រំលែក​ក្នុង​ចំណោម​ឪពុក​ម្តាយ​ទាំង​អស់​ដែល​កូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​ ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ដែល​មាន​អារម្មណ៍​ឈឺចាប់​បែបនេះ​ ប៉ុន្តែ​កុំ​ភ្លេច​ថា​យើង​​មិន​នៅ​ម្នាក់​ឯង​ទេ។ យើង​​តែង​តែ​អាច​ស្វែង​រក​ការ​គាំទ្រ​ និង​ជំនួយ​ពី​គ្រូពេទ្យ​ដែល​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កូនៗ សាច់ញាតិ​ និង​ក្រុម​គ្រួសារ​យើង​បាន​។

២. វិធី​ដោះ​ស្រាយចំពោះ​បញ្ហា​ផ្លូវ​ចិត្ត​​

ប៉ា​ម៉ាក់​​ជា​ច្រើន​ជួប​ប្រទះ​ភាព​តានតឹង​ខាង​ផ្លូវ​អារម្មណ៍ ​និង​ផ្លូវ​ចិត្ត​បន្ទាប់​ពី​ដឹងថា​កូន​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១។ ប្រសិន​បើ​គ្នា​យើង​មាន​បញ្ហា​ស្រដៀង​គ្នា​នេះត្រូវ​ដឹង​​ថា​យើង​មិន​នៅ​ម្នាក់​ឯង​ទេ។ ក្នុង​ដំណាក់​កាល​នេះ ប៉ាម៉ាក់​អាច​នឹង​មាន​ទុក្ខលំបាក​ទ្វេ​ដង​ទុក្ខសោក និងព្រួយ​បារម្ភ​ដោយសារកូន​មាន​ជំងឺនេះ និង​មួយ​ទៀតទុក្ខសោក ព្រួយ​បារម្ភ​ដល់​កូន​ និង​អាការៈជំងឺ​កូន។​

ជំហាន​ដំបូង​ដើម្បី​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​បាន គឺ​យើង​ត្រូវ​រៀន​សូត្រ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១។ កម្មវិធី Hello Type 1 នឹង​ផ្ដល់​ឲ្យ​ប៉ាម៉ាក់​ នូវ​​ព័ត៌មាន​គន្លឹះ ដែល អាច​យល់​ពី​ជំងឺ និង​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​គ្រប់​គ្រងជំងឺ។ ប៉ុន្តែ​ប៉ាម៉ាក់​ក៏​នៅ​តែ​ទទួល​បាន​ចម្លើយ​ពី​ក្រុមគ្រូ​ពេទ្យ​បាន​ដូច​គ្នា​។ ការ​រៀន​ពី​ជំងឺ ​និង​ការ​គ្រប់​គ្រង​ជំងឺ អម​ជាមួយ​នឹង​ជំនួយពីអ្នកជំនាញ​ នោះ​យើង​នឹង​អាច​ទទួល​បាន​អារម្មណ៍​ថា​អាច​គ្រប់​គ្រង​ជំងឺនេះបាន ​និង​យល់​ពី​វា​បាន​កាន់​តែ​ច្រើន​។ ការ​រៀន​នេះ​នឹង​ជួយ​យើង​​ឲ្យ​អាច​ផ្ដល់​ជំនួយ ​និង​ការ​គាំទ្រ​ដល់​កូនយើង​បាន​។ ក្រៅពីនេះ​​យើង​អាច​ជួយ​ឲ្យកូន​មាន​ការ​​ព្យាយាម​កាន់​តែ​ខ្លាំង និង​ជួយ​ឲ្យ​កូន​​យល់​ពី​ជំងឺ​ និង​អាច​គ្រប់​គ្រង​ជំងឺ​ជា​ប្រចាំ​ថ្ងៃ​បាន ហើយ​អាច​ជួយ​គ្រប់​គ្រង​អារម្មណ៍កូន​បាន​​ទៀត​ផង។

សូម​កុំ​ភ្លេច​ថា យើង​អាច​ស្វែង​រក​ជំនួយ​ពីសាច់ញាតិបាន​ដូច​គ្នា។ សមាជិក​គ្រួសារ ដូច​ជា​ជីដូន​ជីតា អ៊ំ ពូ មីង ក៏​អាច​ព្រួយ​បារម្ភ​ពី​សុខភាព​កូនរបស់​យើង​​ដូច​គ្នា។ សូម​ព្យាយាម​និយាយ​ប្រាប់​រឿង​ទាំង​អស់​ស្ដី​ពី​អារម្មណ៍​យើង​​ទៅ​សមាជិក​គ្រួសារ​។

៣.តើ​ប៉ា​ម៉ាក់​ត្រូវ​ជួយ​កូន​ដោយ​របៀប​ម៉េច?

ដើម្បី​ជួយ​កូន​បាន យើង​​ត្រូវ​យល់​ពី​ស្ថានភាព​ផ្លូវ​អារម្មណ៍​ និង​ផ្លូវ​ចិត្ត​របស់​កូន​ជាមុន​សិន ហើយ​ត្រូវ​មាន​ភាព​ក្លាហាន​ក្នុង​នាម​ជា​ឪពុក​ម្ដាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដល់​កូន​។

យើង​ត្រូវ​ទទួល​ដឹង​​អារម្មណ៍​របស់​កូន​ ដោយ​តាម​ដាន​កូន​ជា​ប្រចាំ​។ នេះ​ជារឿង​ចាំបាច់​ក្នុង​ការ​ចង់​ដឹង​ ចង់​ឃើញ ​និង​ស្វែង​យល់​ពី​ទុក្ខ​លំបាក​ដែល​កូន​អាច​ជួប​ប្រទះ។ យើង​ក៏​ត្រូវ​ព្យាយាម​ស្តាប់​អ្វី​គ្រប់​យ៉ាង​ដែលកូន​​និយាយ​ មុន​ពេល​យើង​បញ្ចេញ​អារម្មណ៍​ផ្ទាល់​ខ្លួន​។

ក្រៅពី​នេះ​​ រឹត​តែ​សំខាន់​ទៅ​ទៀត​ គឺ​យើង​ត្រូវ​ព្យា​យាម​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​រវាង​ការ​បារម្ភ​ចំពោះ​កូន និង​ការ​ថែទាំ​កូន។ យើង​ត្រូវ​ចេះ​តាម​ដាន សួរ​នាំ​កូន​ពី​បញ្ហា​សុខ​ភាព ហើយ​ក៏​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​កូ​ន​ឲ្យ​ចេះ​តស៊ូ​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១នេះ ព្រោះ​ថា​ការ​កើត​ជំងឺ​នេះ មិន​មែន​​មាន​ន័យ​ថា​ជីវិត​របស់​យើង​ត្រូវ​ចប់​នោះទេ។​

យើង​​អាច​ស្តាប់​គំនិត​ និង​ការ​ខក​ចិត្ត​របស់​កូន​​ ហើយ​ក៏​ត្រូវ​ព្យាយាម​ឆ្លើយ​តប​ទៅ​កូន និង​ព្យាយាម​ណែនាំ​កូន​ថា​ទម្លាប់​ថ្មីៗ រស់​នៅ​ជាមួយ​ជំងឺ​ទឹក​នោម​ផ្អែប្រភេទ១នេះ គឺ​នឹង​ជួយ​ឲ្យ​កូន​យើង​មាន​ជីវិត​ធម្មតា​ អាច​ទៅ​រៀន អាច​ចូល​មហាវិទ្យាល័យ និង​អាច​ជោគជ័យ​ក្នុង​ជីវិត​ដូច​គេ​ដូច​ឯង​ដែរ។​

រឿង​សំខាន់​មួយ​ទៀត គឺ​យើង​ត្រូវ​បង្រៀន​កូន​ឲ្យ​មាន​ឯករាជ្យ​ម្ចាស់​ការ​លើ​ខ្លួន​ឯង។ នេះ​​អាច​ជា​ការ​ពិបាក ​ជា​ពិសេស​នៅ​ដំណាក់​កាល​ដំបូង​ ​ដើម្បី​ជំរុញ​ឲ្យ​កូន​ទម្លាប់​ទៅ​នឹង​ការ​រស់នៅ និង​គ្រប់​គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១​។ ជាមួយ​នឹង​ការ​លើក​ទឹកចិត្ត​ និង​ការ​គាំទ្រ​កូន​ យើង​​ត្រូវ​រៀន​ពីរ​បៀប​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​សម្រាប់​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​របស់​កូន​ដូច​ជា​ថ្នាំ​ ឬ​ការ​ធ្វើ​ផែនការ​អាហារ​ជា​ដើម។ ការ​ធ្វើ​បែប​នេះ​​នឹង​មាន​ឥទ្ធិពល​វិជ្ជមានដល់​កូន ​និង​ក៏​ជួយ​​ពង្រឹង​ទំនុក​ចិត្ត​កូន​កាន់​តែ​ខ្លាំង។

៤. ការ​ចូល​រួម​ពី​គ្រួសារ

នៅ​ពេល​កូន​​មាន​ជំងឺ​ទឹកនោម​ផ្អែមប្រភេទ១​ ​វា​នឹង​ប៉ះពាល់​ដល់​គ្រួសារ​ទាំង​មូល។ ប្រសិន​បើ​យើង​​មាន​កូន​ដទៃ​ទៀត​ដែល​មិនមាន​ជំងឺ​រ៉ាំរ៉ៃ​ យើង​អាច​កត់​សម្គាល់​ថា​ពួក​គេ​អាច​តូច​ចិត្ត​នឹង​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ដែលចំពោះ​កូន​​ដែល​មាន​ជំងឺ​​ទទួល​បាន។ សូម​ចង​ចាំ​ផង​ដែរ​ថា​ប៉ាម៉ាក់​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ និង​បង្ហាញ​ការ​ស្រលាញ់​ដល់​កូនៗគ្រប់​គ្នា ​ដើម្បី​ចៀស​វាង​ភាព​តានតឹង​ណាមួយ​នៅ​ក្នុង​គ្រួសារ​។ យើង​អាច​នាំ​កូន​ៗ​ដែល​មិន​កើត​ជំងឺ​ឲ្យ​ចូល​​​រួម​ជា​មួយជាមួយ​យើង ​រៀន​សូត្រ​ពី​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ ហើយ​ក៏​ត្រូវ​​សុំ​ឱ្យ​កូន​ៗ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ទាំង​នេះ យើង​​គួរ​តែខិតខំ​ប្រឹង​ប្រែង​ជា​មួយ​​ក្រុម​គ្រួសារ​ទាំងមូល។

ការ​ប្រាស្រ័យ​ទាក់ទង​ល្អ​រវាង​ឪពុក​ម្តាយ​និង​កូន អម​និង​ការ​គាំទ្រ​វិជ្ជមាននឹង​បង្ហាញ​ពី​ការ​ប្រសើរ​ឡើង​យ៉ាង​ពិត​ប្រាកដ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​១។ កូន​របស់​យើង​​អាច​រស់​នៅ​បាន​យូរ ​មាន​សុភមង្គល​ និង​ពេញ​លេញ​ដូច​ក្មេង​ដទៃ​ទៀត​ដែរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]