Thalassemia ជា​ជំងឺ​គ្រាប់​ឈាម​ក្រហម​ពី​កំណើត ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ជា​ជំងឺ​តំណពូជ​ពី​ឪពុក ឬ​ម្តាយ ឬ​អាច​ទាំង​ម្តាយ​ទាំង​ឪពុក​ដែល​មាន​ជំងឺ​នេះ រួច​បន្ត​ទៅ​កូន ដែល​ធ្វើ​ឲ្យ​រាងកាយ​មាន​អេម៉ូក្លូប៊ីន​តិច​ជាង​ធម្មតា ដែល​មិន​អាច​ដឹក​ជញ្ជូន​អុកស៊ីសែន ទៅ​ចិញ្ចឹម​រាងកាយ​បាន។

“ជំងឺ Thalassemia ស្ថិត​នៅ​លើ​ក្រូម៉ូសូម​របស់​ម្តាយ​ឪពុក​ដែល​បង្ក​កំណើត​ផ្តល់​ទៅ​កូន បើ​ទាំង ២នាក់ (ឪពុក និង​ម្តាយ) មាន​ជំងឺ Thalassemia នោះ​កូន​នឹង​មាន​ឱកាស​កើត​ជំងឺ​នេះ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ក្នុង​ចំណោម ២នាក់ (ម្តាយ និងឪពុក) មាន​ម្នាក់​មាន​ផ្ទុក​ជំងឺ Thalassemia នេះ នោះ​កូន​នឹង​មាន​ឱកាស​ឆ្លង​ជំងឺ​នេះ ៥០% តែ​ប៉ុណ្ណោះ (៥០% អាច​អត់​អី ឯ ៥០% ទៀត​អាច​កើត​ជំងឺ​នេះ​ដូច​ឪពុក ឬ​ម្តាយ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​អាស៊ី​អាគ្នេយ៍​អត្រា​អ្នក​កើត​ជំងឺ Thalassemia មាន​ប្រហាក់​ប្រហែល​គ្នា ហើយ​រឹត​ប្រហាក់​ប្រហែល​គ្នា​នោះ គឺ​អត្រា​អ្នកកើត Thalassemia នៅ​ស្រុកខ្មែរ វៀតណាម ឡាវ ថៃ មាន​ពី ៣០-៤០% នៃ​ប្រជាជន​ទូទៅ​ដែល​ផ្ទុក​ជំងឺ​នេះ។ ក្នុង​ចំនួន ៣០-៤០% នៃ​ប្រជាជន​ទូទៅ​ដែល​ផ្ទុក​ជំងឺ Thalassemia មាន ១% ឈឺ​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​ព្យាបាល​ជា​​ទៀង​ទាត់ ដោយសារ​តែ​ស្លេក​ស្លាំង​ខ្លាំង។

ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​នេះ​ដែល​ពី​មុន​មាន​អត្រា​កើត Thalassemia ច្រើន តែ​បច្ចុប្បន្ន​បាន​ធ្លាក់​ចុះវិញ ដោយសារ​តែ​មាន​គោល​នយោបាយ​ជាតិ គឺ​រាល់​ពេល​​ដែល​​ស្ត្រី និង​​បុរស​​រៀបការ ឬ​​មាន​​គម្រោង​​យក​​កូន គឺ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​ទាំង ២នាក់ រក​ជំងឺ Thalassemia។

“ការ​​ដែល​​អ្នក​​ទាំង ២ មាន​​ផ្ទុក​​ជំងឺ Thalassemia មិន​​មែន​​មាន​ន័យ​ថា អ្នក​ទាំង​២ មិន​អាច​រៀបការ​ជាមួយគ្នា​បាន​នោះ​ទេ គ្រាន់​តែ​ឲ្យ​អ្នក​ទាំង២ មាន​ផែនការ​មាន​កូន ដោយ​រាល់​ពេល​មាន​ផ្ទៃពោះ ត្រូវ​ធ្វើ​តេស្ត​កូន​ក្នុង​ផ្ទៃ បើ​កូន​មាន​ជំងឺ​នេះ​ដែរ តម្រូវ​ឲ្យ​យក​ចេញ ផ្ទុយទៅ​វិញ បើ​កូន​ល្អ មិន​មាន​ជំងឺ Thalassemia ទេ អាច​ទុក​បាន​ធម្មតា”។​

គោលនយោបាយខាងលើ ធ្វើឲ្យក្មេងជំនាន់ក្រោយៗកើតមកលែងមានអ្នកកើតជំងឺ Thalassemia ។ ខណៈ​នៅ​អាស៊ី​អាគ្នេយ៍​យើង​នេះ មាន​ប្រទេស​ខ្លះ​មាន​គោលនយោបាយ​នេះ​ដូចគ្នា ដូចជា​នៅប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ថៃ ជាដើម។​

យើង​អាច​ដឹង​ថា ក្នុង​ផ្ទៃ​មាន​ជំងឺ Thalassemia នេះ ឬ​អត់ ដោយ​ការ​បូម​ទឹកភ្លោះ​យក​ទៅ​វិភាគ នៅ​ក្នុង​អំឡុង​ត្រីមាស​ទី ១២-១៥ សប្តាហ៍។ បើ​សិន​ជា​ពិនិត្យ​ឃើញ​ថា កូន​ក្នុង​ផ្ទៃ​កើត​ជំងឺ Thalassemia ក្នុង​កម្រិត​ធ្ងន់ នោះ​ក្រុម​គ្រូពេទ្យ​មិន​ឲ្យ​ឪពុក​ម្តាយ​បន្ត​ទុក​កូន​នោះ​ក្នុង​ផ្ទៃ​នោះ​ទេ ព្រោះ​ពេល​កូន​កើត​មក​ឈឺ​វេទនា​ណាស់ ត្រូវ​ការ​ព្យាបាល ១ ជីវិត ហើយ​ចំណាយ​ថវិកា​ក៏​ច្រើន។

រោគសញ្ញាជំងឺ Thalassemia រួមមាន៖

– ស្លេកស្លាំង
– អស់កម្លាំង
– ខ្សោយ
– ស្បែកលឿង
– លូតលាស់យឺត
– បាត់បង់ចំណង់អាហារ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]