រាជធានីភ្នំពេញ៖ ចម្លាក់គឺជាសិល្បៈមួយប្រភេទដែលមានសារៈសំខាន់ណាស់ ដែលបានបង្ហាញអត្តសញ្ញារបស់ប្រទេស ឬវប្បធម៍ អរិយធម៍របស់ប្រជាជាតិមួយ។ ជាក់ស្តែង យើងអាចឃើញចម្លាក់ដែលមានក្បាច់រចនាយ៉ាងល្អប្រណិតនៅលើប្រាង្គប្រាសាទនានា នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅលើប្រាង្គប្រាសាទអង្គរវត្តតែម្តង។
នាពេលបច្ចុប្បន្ននេះ ចម្លាក់នៅក្នុងប្រទេសកម្ពុជា មានភាពពេញនិយមជាខ្លាំង នៅត្រង់ថា ចម្លាក់របស់ខ្មែរមានភាពខុសប្លែកគ្នា និងលក្ខណៈពិសេសខុសពីចម្លាក់របស់បរទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកគ្រូ ជា យុទ្ធា ដែលជាជាងចម្លាក់មួយរូប ដែលត្រូវបានមហាជនជាច្រើនបានស្គាល់ និង កោតសរសើរមិនដាច់ពីមាត់ស្នាដៃទេពកោសល្យទឹកដៃនៃចម្លាក់របស់លោក ពោរពេញទៅដោយភាពច្នៃប្រឌិត និង ភាពផ្ចិតផ្ចង់យ៉ាងល្អប្រណិត។
ក្នុងនោះ ក្រុមការងារខ្មែរឡូត ក៏បានទទួលបានការអនុញាតិសុំការសម្ភាសន៍ ពីលោក ជា យុទ្ធា ដែលជាជាងចម្លាក់មួយរូបមានកេរ្តិ៍ឈ្មោះដ៏លេចធ្លោមួយរូប ក្នុងចំណោមជាងចម្លាក់ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះ គឺជាខ្លឹមសារដែលដកស្រង់ពីការសម្ភាសន៍ជាមួយ លោកពូ ជា យុទ្ធា។
លោកពូជាងចម្លាក់ ជា យុទ្ធា មានវ័យ ៦៦ឆ្នាំ រស់នៅភូមិសាលាកាត់សក់ ឃុំវិហារហ្លួង ស្រុកពញាលឺ ខេត្តកណ្តាល។
លោកពូ បានបញ្ជាក់ឱ្យដឹងថា លោករៀនចម្លាក់នេះ តាំងពីចន្លោះទសវត្សឆ្នាំ ១៩៦៦-១៩៦៧ តាមរយៈលោកឪពុកធំរបស់ពូ នាទីក្រុងភ្នំពេញ ដោយបានរៀននៅអាយុប្រហែលខ្ទង់១០ ឬ១២ ឆ្នាំ។ ហើយបានផ្អាកទៅវិញ នៅឆ្នាំ១៩៧៥ ដោយសារមានសង្គ្រាមនៅក្នុងសម័យខ្មែរក្រហមប៉ុលពត។ ក្នុងនោះ លោកពូ ជា យុទ្ធា បានមានប្រសាសន៍ថា រូបគាត់រៀនចម្លាក់នេះជាមួយលោកគ្រូពីររូប គ្រូមួយឈ្មោះគង់ បុណ្យ និងគ្រូទី២ ឈ្មោះ ណេត ឆោម រស់នៅស្រុកជាមួយគ្នា។
ឆ្លើយតបទៅនឹងសំនួរ អ្វីដែលធ្វើឱ្យលោកពូចាប់យកការងារជាជាងចម្លាក់នេះ លោកបានមានប្រសាសន៍ប្រាប់ថា ដោយសារតែ លោកមានការលំបាកខាងជីវភាពនៅពេលនោះ ណាមួយលោកក៏រៀនមិនសូវពូកែ ហើយបែរជាមកចាប់ចិត្តស្រលាញ់ការងារជាជាងចម្លាក់នេះតែម្តង។
ជាមួយគ្នានេះ លោកពូ ជា យុទ្ធា បានធ្វើជាជាងចម្លាក់មករហូត លើកលែងតែក្នុងអំឡុងពេលសម័យប៉ុល ពត។ ក្រោយពីរបរប៉ុល ពត នៅឆ្នាំ១៩៨៩ ដោយមិនមានអាជីពផ្សេង លោកក៏បានចាប់ផ្តើមប្រកបរបរជាជាងចម្លាក់ឡើងវិញ។ លោកពូ ជា យុទ្ធា ប្រកបរបរពីរមុខ ក្រៅពីការងារជាជាងចម្លាក់ លោកក៏ធ្វើស្រែចំការផងដើម្បីចិញ្ចឹមជីវិតរហូតដល់សព្វថ្ងៃនេះ ណាមួយលោកមិនអាចពឹងពាក់តែលើការប្រកបរបរជាជាងចម្លាក់តែមួយមុខនោះទេ។ ចំពោះតម្លៃនៃចម្លាក់ លោកបានបញ្ជាក់ប្រាប់ថា តម្លៃចម្លាក់និមួយៗ ថ្លៃចាប់ពី ៣០០ដុល្លារ ទៅ១០០០០ដុល្លារ ទៅតាមប្រភេទនៃចម្លាក់និមួយៗ ដែលភ្ញៀវកម្ម៉ង់ចង់បាន ដូចជាចម្លាក់ក្បាច់រូបអង្គវត្តជាដើម។
ទន្ទឹមនេះ លោកបានឱ្យដឹងទៀតថា ក្នុងការឆ្លាក់ចម្លាក់មួយៗ យ៉ាងហោចណាស់ក៏ចំណាយពេលចាប់ពីពេល២ខែឡើងទៅ អាស្រ័យលើប្រភេទ ដោយលោក ត្រូវធ្វើចម្លាក់ទាំងនោះ ដោយដៃមនុស្សផ្ទាល់ គ្មានម៉ាស៊ីននោះទេ ពោលគឺប្រើប្រាស់កម្លាំងពលកម្មមនុស្សសុទ្ធសាធ។ ទោះជាយ៉ាងណា សព្វថ្ងៃនេះ លោកថា ក៏មិនសូវមានអ្នកពូកែឆ្លាក់អង្គរបូរាណ ដោយបន្ថែមថា ក្បាច់អង្គរជាក្បាច់មួយដែលពិបាកក្នុងឆ្លាក់ ហើយថែមទាំងចំណាយពេលយូរទៀតផង ហើយត្រូវធ្វើដោយចិត្តផ្ចិតផ្ចង់។ គួរបញ្ជាក់ថា លោកពូ ជា យុទ្ធា ក៏បានរួមចំណែកលើកតម្កើងតម្លៃប្រាសាទអង្គរ តាមរយៈទឹកដៃឆ្លាក់ ប្រកបដោយភាពច្នៃប្រឌិតល្អប្រណិតតែម្តង។
ក្នុងនោះ លោកពូបន្តថា លោកធ្វើការឆ្លាក់តាមការកម្ម៉ង់របស់ភ្ញៀវ សឹងតែមិនទាន់ ហើយរកពេលដកឃ្លាសឹងតែមិន ដោយលោកត្រូវធ្វើការទាំងថ្ងៃសៅរិ៍ អាទិត្យ។ លោបានបង្ហើបថា ក្បាច់ដែលោកពូឆ្លាក់ភាគច្រើន គឺចម្លាក់ក្បាច់រូបអង្គរហើយ ហើយក៏ជាក្បាច់ដែលភ្ញៀវភាគច្រើនកម្ម៉ង់ចង់បានផងដែរ។ មិនត្រឹមតែរកចំណូលពីរបរជាជាងចម្លាក់នោះទេ លោកពូ ជា យុទ្ធា ក៏បានរួមចំណែកក្នុងការលើកកម្ពស់តម្លៃប្រាសាទអង្គរបុរាណរបស់ខ្មែរយើង តាមរយៈទឹកដៃឆ្លាក់ប្រកបដោយចិត្តផ្ចិតផ្ចង់ និងភាពអំណត់អត់ធ្មត់។
ថ្វីបើប្រទេសជាច្រើននៅក្នុងពិភពលោក និងប្រទេសកម្ពុជាផងដែរ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ លោកពូមានប្រសាសន៍ប្រាប់ថា នៅតែមានភ្ញៀវជាច្រើនទាក់ទងមកកម្ម៉ង់ចម្លាក់ពីលោកគ្រូ តាមរយៈទូរស័ព្ទ និងវិធីទំនាក់ទំនងផ្សេងៗទៀតផង ដូចជា ភ្ញៀវមកប្រទេសក្រៅ ដូចជា អាមេរិក អូស្ត្រាលី ថៃ និងប្រទេសផ្សេងទៀតផងដែរ។ លោកបន្តទៀតថា ប្រសិនជាបើគ្មានកូវីដ១៩ លោកប្រហែលជាធ្វើមិនទាន់តាមការកម្ម៉ង់របស់ភ្ញៀវនោះឡើយ ជាក់ស្តែង ក្នុងអំឡុងសម័យកូវីដ១៩នេះ លោកពូ នៅតែទទួលបានភ្ញៀវទាក់ទងកម្ម៉ង់មកធ្វើចម្លាក់ សឹងតែរកពេលធ្វើជូនភ្ញៀវមិនទាន់ទៀតផង។ ណាមួយ លោកពូ មិនធ្វើឱ្យភ្ញៀវខកចិត្តនោះទេ ដោយលោកតែងធ្វើចម្លាក់ដែលភ្ញៀវកម៉្មង់ ទាន់ពេលវេលាកំណត់។
បន្ថែមពីនេះ និយាយពីការបង្រៀនដល់កូនសិស្ស ពីមុន លោកគ្រូ ក៏បានទទួលបង្រៀនសិស្សពីចម្លាក់នេះផងដែរ ភាគច្រើនជានារី តែដោយសារតែមួយចំនួន ក៏បានបោះបង់ចោលការរៀនកណ្តាលទី ដោយសារតែតម្រូវការពេលវេលាយូរផង និងណាមួយពួកគាត់ឈប់រៀនទៅធ្វើការរោងចក្រជាដើម។
ឆ្លើយតបនឹងសំនួរថា តើការរៀនចម្លាក់នេះ ត្រូវការដុងសមត្ថភាពអ្វីដែរឬទេ លោកពូបានគូសបញ្ជាក់ថា គឺសិស្សដែលចង់រៀនពីចម្លាក់នេះ ចេះត្រូវមានចំណង់ និងភាពអត់ធន់ជាធំ។ តែយ៉ាងណា សព្វថ្ងៃនេះ លោកពូ ជា យុទ្ធា ក៏បានផ្តល់ចំណេះជំនាញបង្រៀនចែកចាយផ្នែកចម្លាក់នេះ បន្តដល់កូនចៅសាច់ញាតិរបស់លោកផងដែរ។ ជាចុងក្រោយ លោកពូ ជា យុទ្ធា បានផ្តាំផ្ញើបងប្អូនកូនខ្មែរទាំងអស់ ឱ្យជួយអភិរក្សរៀនសូត្របន្ថែមនូវក្បាច់ចម្លាក់បុរាណឱ្យបានច្រើន និងបង្ហាត់កូនចៅបន្តដើម្បីកុំឱ្យបាត់បង់។
ប្រសិនបើបងប្អូន មានចំណាប់អារម្មណ៍ចង់ជាវនូវចម្លាក់របស់លោកពូ ជា យុទ្ធា អាចធ្វើការទំនាក់ទំនងតាមរយៈ ហ្វេសប៊ុកផេក ឈ្មោះថា Ramo ជាងចម្លាក់៕
ខ្មែរឡូតសូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]