រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ក្រៅពីការទទួលបានវ៉ាក់សាំងបង្ការជំងឹកូវីដ-១៩ជាជំនួយរបស់ប្រទេសជាមិត្ត កម្ពុជា បានដើរដល់ចំណុចមួយកម្រិតបន្ថែមទៀត គឺការរៀបចំផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯង។
ការប្រកាសរបស់សម្តេចតេជោ បែបនេះ
ធ្វើឡើងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
ក្នុងឱកាសដែលលោកទាំង២ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២លានដូសបន្ថែមទៀត
ដែលជាជំនួយរបស់ចិន នៅព្រលានយន្តហោះភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា
វ៉ាក់សំាង ដែលកម្ពុជា នឹងនាំចូល គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់
ដែលមានប្រភពមកពីចិន។ វ៉ាក់សាំង ដែលនឹងនាំចូលនោះ គឺនៅជាវត្ថុធាតុដើមនៅឡើយ
ដោយមិនទាន់ក្លាយជាផលិតផលចុងក្រោយនោះទេ តែនឹងត្រូវយកមកផលិតចេញជាផលិតផលសម្រេចចុងក្រោយនៅកម្ពុជា។
សម្តចនាយករដ្ឋមន្រ្តី បន្តថា ប្រទេសមួយចំនួនក្នុងអាស៊ាន ដូចជា
ឥណ្ឌូណេស៊ី និងថៃ ជាដើម បានផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខ្លួនឯងរួចមកហើយ។
សម្តេចបានលើកឡើងបន្ថែមទៀតថា កម្ពុជា
ក៏មានលទ្ធភាពអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ខ្លួនឯងបានដែរ។
ក្នុងសន្និសីទកាសែតរួមគ្នា សម្តេចនាយករដ្ឋមន្រ្តី
បង្ហាញក្តីសង្ឃឹមថា លោក វ៉ាង វិនធាន នឹងពាំនាំសំណើរបស់ភាគីកម្ពុជា
ទៅកាន់លោកប្រធានាធិបតីចិន ស៊ី ជិនភីង និងលោកនាយករដ្ឋមន្រ្តីចិន លី ខឹឈាំង
ដើម្បីបើកឲ្យមានការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា។ បើតាមសម្តេច កម្ពុជា
ត្រូវផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយខ្លួនឯង គឺដើម្បីធានាថា កម្ពុជា
មានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ចាក់ជូនប្រជាជន ខណៈដែលមិនអាចដឹងថា ជំងឺកូវីដ-១៩
នៅកម្ពុជា នឹងត្រូវបញ្ចប់នៅពេលណា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ដូច្នេះថា៖
តែយ៉ាងណា សម្តេចតេជោ ហ៊ុន សែន ពុំបានបញ្ជាក់ឡើយថា កម្ពុជា នឹងអាចផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាននៅពេលណា។
កាលពីខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឲ្យដឹងម្តងរួចមកហើយ
ពីគម្រោងនៃការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា។
ប្រមុខរដ្ឋាភិបាល អះអាងថា ពេលកម្ពុជា
ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បាន កម្ពុជា មិនត្រឹមតែយកវ៉ាក់សាំងនោះ
មកប្រើប្រាស់ខ្លួនឯងទេ តែនៅអាចចែកចាយទៅប្រទេសដទៃថែមទៀត បើមានការបញ្ជាទិញ។
គួររំលឹកផងដែរថា គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្ពុជាបានសម្រេចលទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦ លាននាក់ មាន ៨៧,៩៩ភាគរយ។ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]