ភ្នំពេញ៖ លទ្ធផលជំរឿន សត្វស្លាបនៅក្នុងតំបន់ការពារបឹងព្រែកល្ពៅឆ្នាំ២០២១ មានការកើនឡើងជាង១ ០០០សម្បុក ធៀបនឹងឆ្នាំ២០២០។ ទន្ទឹមនឹងនេះ មានសម្បុកសត្វស្លាបចំនួន៦ប្រភេទរួមមាន ចង្កៀលខ្យង ក្អែកទឹកតូច សត្វខ្វែក សត្វស្មោញ ក្រសារប្រផេះ សាធ្នង់ ត្រូវបានកត់ត្រាក្នុងឆ្នាំនេះផងដែរ។

ដោយឡែក សម្បុកសត្វស្លាប នៅតំបន់ការពារបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវក្នុងឆ្នាំ២០២១ បានកើនឡើងដល់ជាង៣ ០០០សម្បុក។ ចំនួននេះ កើនជាង១ ០០០សម្បុក បើធៀបនឹងឆ្នាំ២០២០ ដែលលទ្ធផលជំរឿនសត្វស្លាបប្រចាំឆ្នាំ២០២០ មានតែជាង ២ ០០០សម្បុកប៉ុណ្ណោះ។ នេះបើតាម លោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងចំណោមសម្បុកសត្វ ជាង៣ពាន់ ដែលបានកត់ត្រានៅឆ្នាំ២០២១នេះ មានសម្បុកសត្វស្លាប ៦ប្រភេទ ដោយសម្បុកសត្វចង្កៀលខ្យងមានច្រើនជាងគេ គឺចំនួន២៩៣១ ខណៈសម្បុកក្អែកទឹកតូចមានចំនួន២៨៥ សម្បុកសត្វខ្វែកមានចំនួន១៨០ សម្បុកសត្វស្មោញ មានចំនួន៣២សម្បុក សម្បុកសត្វក្រសារប្រផេះមាន៣០សម្បុក និងសាធ្នង់ ២២សម្បុក។

ជុំវិញកំណើនសម្បុកសត្វស្លាប ដ៏គួរឱ្យកត់សម្គាល់បែបនេះ ត្រូវបានលោក លឹម វ៉ាត ចាត់ទុកថា បឹងព្រែកល្ពៅពិតជាមានសារសំខាន់ខ្លាំង សម្រាប់សត្វស្លាបទឹករស់នៅ និងពងកូន។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា ការកើនឡើងប្រភេទសត្វស្លាបទឹកទាំងនេះ គឺជាដំណឹងដ៏រីករាយបំផុតសម្រាប់រដ្ឋាភិបាល និងសម្រាប់ក្រុមអភិរក្សដែលបានបង្ហាញឱ្យឃើញពីភាពប្រសើរឡើង នៅក្នុងការងារការពារអភិរក្សជីវៈចម្រុះធនធានធម្មជាតិ និងប្រសិទ្ធភាពខ្ពស់ក្នុងការអភិរក្ស។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ អំពាវនាវដល់ពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមក្នុងការអភិរក្សតំបន់បឹងព្រែកល្ពៅនេះ ឱ្យបានគង់វង្ស និងចាត់វិធានការច្បាប់នានា ប្រឆាំងនឹងអ្នកដែលទន្ទ្រានកាន់កាប់ដីអភិរក្សខុសច្បាប់ ដើម្បីរក្សាបាននូវទីជម្រក កន្លែងរកចំណី និងប្រភពទឹកសម្រាប់សត្វរស់នៅ ពិសេស ប្រភេទសត្វស្លាបកម្រៗ។

ចំណែកឯ លោកប៊ូ វរសក្ស នាយកអង្គការ BirdLife in Cambodia បានបញ្ជក់ថា៖ «តំបន់ការពារទេសភាពបឹងព្រែកល្ពៅជាតំបន់ដីសើមដ៏សំខាន់ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គនៃប្រទេសកម្ពុជា។ តំបន់នេះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបជាច្រើនប្រភេទក្នុងនោះមានសត្វស្លាបកម្រ និងជិតផុតពូជដូចជា ចាបព្រៃវែង ត្រដក់ធំ និងក្រៀលជាដើម»។នាយកអង្គការBirdLife in Cambodia បន្ថែមថា ការខិតខំប្រឹងប្រែងអភិរក្សរបស់ក្រសួងបរិស្ថាន ក្រុមការងារនៅក្នុងតំបន់ និងអង្គការដៃគូ បូករួមកត្តាធម្មជាតិបានធ្វើឱ្យសត្វស្លាបទឹកមានការកើនឡើងគួរឱ្យកត់សម្គាល់។ លោក បន្តថា ក្នុងនាមអង្គការដៃគូ ដើម្បីរក្សាទីជម្រកសំខាន់ៗដែលមានក្នុងតំបន់ការពារនេះ អង្គការBirdLife ត្រៀមខ្លួនក្នុងការចូលរួមជាមួយក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តតាកែវក្នុងការពន្លឿនការកំណត់ និងបែងចែកតំបន់គ្រប់គ្រងតំបន់ការពារទេសភាពនេះ។

ទន្ទឹមការកើនឡើងនេះ លោក លឹម វ៉ាត បានកំពុងរកដើមឈើដែលធន់នឹងទឹកដូចជា កូនរាំង កូនម្ដេញ ត្រស់ និងដើមមួយចំនួនទៀត ដើម្បីដាំក្នុងតំបន់ដែលសត្វស្លាបរស់នៅ។ «សត្វកាន់តែច្រើនទម្រកកាន់តែសឹករេចរឹល ដូច្នេះត្រូវតែដាំជំនួសវិញ។ ណាមួយកូនឈើទាំងនោះ ក៏ដាំមិនងាយធំដែរ ទើបយើងត្រូវដាំបន្ថែម។ នៅរដូវពងកូន សត្វត្រូវការកាច់មែកឈើច្រើនធ្វើសម្បុកជាចាំបាច់ ប្រសិនបើព្រៃឈើមិនគ្រប់ សត្វក៏ពិបាករស់នៅដែរ។ ដើមឈើជាជម្រកដ៏សំខាន់បន្ទាប់ពីចំណី ដែលអាចធ្វើឱ្យសត្វបន្តរស់នៅក្នុងតំបន់នេះ »។ នេះការបញ្ជាក់បន្ថែមពីលោក លឹម វ៉ាត នាយករងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។

សូមបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅមានផ្ទៃដីទំហំ ៨ ៣០៥ ហិកតាស្ថិតនៅក្នុងតំបន់ដីសើម ភូមិសាស្ត្រខេត្តតាកែវ៕

ប្រភព៖ ថ្មីថ្មី

សូមចូលទស្សនារូបភាពខាងក្រោម៖

សត្វស្លាបនៅបឹងព្រែកល្ពៅ
សត្វស្លាបនៅបឹងព្រែកល្ពៅ
សត្វស្លាបនៅបឹងព្រែកល្ពៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]