អំឡុងពេលមានគភ៌ ម៉ាក់ៗប្រហែលជានោមញឹកញាប់ជាងមុនមិនខាន ដែលនេះជាអាការៈធម្មតាប៉ុណ្ណោះសម្រាប់ស្ត្រីពពោះ។ យ៉ាងណាមិញ ប្រសិនបើម៉ាក់ៗមានអារម្មណ៍ឈឺអួល ឬក្រហាយនៅពេលនោម វាអាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដូចខាងក្រោម។
មូលហេតុអ្វីបានជាម៉ាក់ៗនោមឈឺអំឡុងពេលពពោះ?
ពិតណាស់ មានកត្តាមួយចំនួនដែលនាំឲ្យស្ត្រីពពោះឈឺអួល ឬក្រហាយនៅពេលនោម ហើយមូលហេតុទូទៅគឺការបង្ករោគប្រព័ន្ធទឹកនោម (UTI) ដែលកើតឡើងដោយសារតែការប្រែប្រួលអ័រម៉ូន និងរាងកាយ។ ស្ថានភាពសុខភាពខាងក្រោមអាចនាំឲ្យកើតមានការបង្ករោគប្រព័ន្ធទឹកនោម ឬអាចជាមូលហេតុនៃការឈឺចាប់ប្លោកនោម និងនោមឈឺអំឡុងពេលពពោះ។
១. បាក់តេរីនៅទ្វារមាស
បាក់តេរីនៅទ្វារមាស ជាបញ្ហាសុខភាពទូទៅដែលបណ្ដាលមកពីអតុល្យភាពនៃបាក់តេរីធម្មតា ដែលរស់នៅក្នុងទ្វារមាស។ វាអាចបណ្ដាលឲ្យនោមឈឺ ដោយសារតែការរលាកនៅកន្លែងដដែល ឬដោយការធ្លាក់បាក់តេរីចូលទៅក្នុងផ្លូវទឹកនោម ដែលអាចនាំឲ្យមានការបង្ករោគលើប្រព័ន្ធទឹកនោម។
២. ជំងឺកាមរោគ (STIs)
ជំងឺកាមរោគដែលមិនបានធ្វើរោគវិនិច្ឆ័យ អាចបណ្ដាលឲ្យម៉ាក់ៗនោមឈឺអួល ឬក្រហាយនៅអំឡុងពេលពពោះ។ ពិតណាស់ ជំងឺកាមរោគអាចបង្កជាការឈឺចាប់នៅអាងត្រគាក ជួនកាលនៅទ្វារមាស ឬធ្វើឲ្យយើងនោមឈឺជាដើម។
៣. រើមលើប្រដាប់ភេទ
ជាមួយគ្នានេះដែរ រើមអាចបណ្ដាលឲ្យនោមឈឺ មិនថាយើងមានផ្ទៃពោះ ឬអត់នោះទេ។ ប៉ុន្តែ បញ្ហាសុខភាពមួយនេះ អាចបង្កជាផលវិបាកបន្ថែមអំឡុងពេលមានផ្ទៃពោះ។ ដូច្នេះហើយ ស្ត្រីពពោះដែលកើតរើម គប្បីអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ជាពិសេសនៅពេលដែលយើងជិតដល់ថ្ងៃសម្រាល។
នោមឈឺអួល អំឡុងពេលមានគភ៌គ្រោះថ្នាក់ទេ?
ប្រសិនបើម៉ាក់ៗកំពុងពពោះ ជួបប្រទះការឈឺចាប់នៅពេលនោម ឬឈឺប្លោកនោម គប្បីពិគ្រោះជាមួយគ្រូពេទ្យ ទើបជាការប្រសើរ ពីព្រោះថាការបង្ករោគផ្លូវទឹកនោមដែលមិនបានព្យាបាល អាចនាំឲ្យមានផលវិបាកនៃការមានផ្ទៃពោះ ដូចជាសម្រាលកូនមិនគ្រប់ខែ ឬអាចធ្វើឲ្យម៉ាក់ៗខូចតម្រងនោម ឆ្លងមេរោគពេញរាងកាយ ឬហៅថាជំងឺSepsisក្នុងអំឡុងពេលពពោះ។
តិចនិកបង្ការការនោមឈឺអំឡុងពេលពពោះ
- ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់
- ជៀសវាងទប់នោម
- ជូតបរិវេណប្រដាប់ភេទពីខាងមុខទៅខាងក្រោយ ដើម្បីបញ្ចៀសបាក់តេរីចូលទៅក្នុងទ្វារមាស
- នោមមុន និងក្រោយពេលរួមភេទ
- ពាក់ខោទ្រនាប់ដែលធ្វើពីកប្បាស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]