ផ្នែកពណ៌សនៃស៊ុតផ្ទុកទៅដោយប្រូតេអ៊ីន គ្មានកូកូលេស្តេរ៉ូល ឬខ្លាញ់ ប៉ុន្តែខ្វះសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនមាននៅក្នុងផ្នែកលឿងនៃស៊ុត។ តើនឹងមានអ្វីកើតឡើងចំពោះរាងកាយ ប្រសិនបើយើងញុំាស៊ុតតែផ្នែកពណ៌សច្រើនគ្រាប់ក្នុងមួយថ្ងៃ?
អ្នកចង់សម្រក់ទម្ងន់ដែលញុំាតែស៊ុតផ្នែកពណ៌សជំនួសសាច់ ហើយញុំាស៊ុតសច្រើនគ្រាប់ជាប្រចាំក្នុងមួយថ្ងៃៗអាចមានផលប៉ះពាល់ដល់សុខភាពដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. កង្វះវីតាមីនB
វីតាមីន B ជួយឱ្យសក់ ស្បែក និងក្រចកមានសុខភាពល្អ ហើយជួយដល់ការរំលាយអាហារ បំប្លែងអាហារ និងជំនួយខួរក្បាល។ កង្វះវីតាមីនB អាចបណ្តាលឱ្យយើងប្រកាច់ ជ្រុះសក់ ឈឺសាច់ដុំ និងឈឺចាប់សន្លាក់ធ្ងន់ធ្ងរ។
ការញុំាស៊ុតផ្នែកពណ៌សច្រើនជារៀងរាល់ថ្ងៃក្នុងរយៈពេលយូរអាចបណ្តាលឱ្យបរិមាណវីតាមីនB ក្នុងរាងកាយយើងថយចុះ ដោយសារតែស៊ុតពណ៌សមានផ្ទុក Avidin ដែលជាប្រូតេអ៊ីនអាចរារាំងរាងកាយពីការស្រូបយកវីតាមីន B ពីចំណីអាហារ។
២. លើសប្រូតេអ៊ីនក្នុងខ្លួន
ស៊ុតពណ៌សសម្បូរទៅដោយប្រូតេអ៊ីន។ ការញុំាប្រូតេអ៊ីនក្នុងបរិមាណច្រើនអាចបណ្តាលឱ្យយើងយើងមានបញ្ហាសុខភាពជាច្រើនដូចជា ឈឺក្បាល ខ្សោយ ពុកឆ្អឹង ខ្សោះជាតិទឹកជាដើម។ ជាពិសេសប្រសិនបើយើងមានបញ្ហាតម្រងនោម យើងមិនគួរញ៉ាំស៊ុតពណ៌សលើសពីពីរគ្រាប់ក្នុងមួយថ្ងៃទេ។ ឯអ្នកដែលមានបញ្ហាថ្លើមស្រួចស្រាល់គួរតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលចាប់ផ្តើមរបបអាហារដែលមានស៊ុតពណ៌សច្រើន។
៣. អាលែកហ្ស៊ី
ស៊ុតជាកំពូលអាហារបង្កឱ្យយើងអាលែកហ្ស៊ីមិនថាស៊ុតពណ៌ស ឬស៊ុតផ្នែកលឿងទេ។ ស៊ុតសមានផ្ទុកអាល់ប៊ុយមីន (Albumin) ដែលជាប្រូតេអ៊ីនបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ី រួមមានរោគសញ្ញាដូចជា រមាស់ ហៀរទឹកភ្នែក ឡើងកន្ទួលក្រហម ឈឺពោះ រាក ទល់លាមក ថប់ដង្ហើម ឬក្អកជាដើម។
៤. អាចងាយពុលអាហារ
អាល់ប៊ុយមីននៅក្នុងស៊ុតផ្នែកពណ៌ស គឺងាយរងការចម្លងរោគដោយបាក់តេរីដូចជា salmonella ដែលជាបាក់តេរីស្ថិតនៅក្នុងពោះវៀនរបស់មាន់។ បាក់តេរីនេះអាចមានវត្តមានលើផ្ទៃខាងក្នុង និងខាងក្រៅរបស់សំបកស៊ុត។ ដើម្បីចៀសវាងហានិភ័យនេះ យើងត្រូវញុំាស៊ុតផ្នែកពណ៌សដែលឆ្អិតល្អ។
៥. ទល់លាមក
ស៊ុតពណ៌សផ្ទុកប្រូតេអ៊ីនខ្ពស់។ រាងកាយយើងត្រូវការពេលយូរដើម្បីរំលាយប្រូតេអ៊ីន ហើយកាលណាអាហារឆ្លងកាត់ផ្លូវរំលាយអាហារយូរ ពោះរៀននឹងស្រូបយកជាតិទឹកដែលបណ្តាលឱ្យលាមករឹង។ ប្រសិនបើយើងញុំាស៊ុតសច្រើន ហើយញុំាអាហារដែលមានជាតិសរសៃតិចអាចបណ្តាលឱ្យយើងទល់លាមក។
ស៊ុតផ្នែកពណ៌សអាចជួយឱ្យយើងបញ្ចុះទម្ងន់ និងជួយរក្សាម៉ាស់សាច់ដុំ ប៉ុន្តែយើងមិនគួរញ៉ាំស៊ុតសលើសពីពីរគ្រាប់ក្នុងមួយថ្ងៃទេ ហើយក៏មិនមានន័យថាស៊ុតផ្នែកពណ៌សជាជម្រើសអាហារជំនួសសាច់តែមួយគត់ដែលយើងគួរញ៉ាំច្រើនជាប្រចាំដែរ។ អាហារសម្បូរទៅដោយប្រូតេអ៊ីនក្រៅពីស៊ុត និងសាច់ មានដូចជា សណ្តែក តៅហ៊ូ ត្រី សណ្តែកដី និងគ្រាប់ផ្លែឈើជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]