ការធ្វើក្រចក ជួយ​ឱ្យក្រចកយើងស្អាត និងបង្កើនទំនុកចិត្ត ប៉ុន្តែការទៅធ្វើ​ក្រចក​នៅហាងធ្វើក្រចកអាចធ្វើឱ្យយើងមានហានិភ័យឆ្លងបាក់តេរី មេរោគផ្សិត ឬវីរុស​ដែលបណ្តាលឱ្យមានបញ្ហាសើស្បែក ឬខូច​ក្រចក។

ការធ្វើក្រចកនៅហាងធ្វើក្រចកអាច​ប្រឈមហានិភ័យដូចជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • ឆ្លងបាក់តេរី៖ នៅពេលឆ្លងបាក់តេរី ក្រចក ឬតំបន់ជុំវិញ​ក្រចក​​​នឹង​ឡើង​ពណ៌ក្រហម ឬហើម
  • ឆ្លងមេរោគផ្សិត៖ ប្រសិនបើយើងឆ្លងមេរោគផ្សិត ក្រចកនឹងប្រែ​ជា​ពណ៌​លឿង ឬរបើក
  • ឆ្លងវីរុស៖ បើយើងឆ្លងវីរុស បាតជើងនឹងកើតឫស​ ដែលមាន​សភាព​ដូច​សាច់​ក្រិន ហើយមានចំណុចពណ៌ខ្មៅតូចៗ បន្ទាប់ពីធ្វើក្រចកហើយប៉ុន្មានខែ។

ដើម្បីចៀសវាងមានបញ្ហាដូចខាងលើ យើងគួរអនុវត្តតាម​គន្លឹះ​ដូចខាងក្រោម​ នៅ​ពេល​ទៅធ្វើក្រចក៖

១. ត្រូវប្រាកដថាឧបករណ៍ធ្វើក្រចកបានសម្លាប់មេរោគ

មុននឹងឱ្យជាងធ្វើក្រចក យើងត្រូវប្រាកដថាជាងបានសម្លាប់មេរោគឧបករណ៍​ធ្វើក្រចក ក៏ដូចជាផ្តិលសម្រាប់ត្រាំក្រចក ឲ្យបាន​រួចរាល់សិន។ ការសម្លាប់មេរោគអាចធ្វើឡើងតាមរយៈត្រាំឧបករណ៍ក្នុងទឹកថ្នាំសម្លាប់មេរោគ។

យើងមិនគួរប្រើឧបករណ៍ធ្វើក្រចកដែលមិនធ្វើពីលោហធាតុ ដូចជាប្រដាប់ខាត់ក្រចករួមជាមួយភ្ញៀវផ្សេងទេ ព្រោះឧបករណ៍ទាំងនេះ​មិនអាចត្រាំ​ក្នុង​​ទឹកថ្នាំសម្លាប់មេរោគ​បាន។

ការសម្លាប់មេរោគលើ​ឧបករណ៍ធ្វើក្រចកអាចការពារយើង​ពីការឆ្លងមេរោគ វីរុស ឬមេរោគ​ផ្សិតដែលជាប់លើឧបករណ៍ធ្វើក្រចកពីអ្នកផ្សេង។

២. កុំកោររោមជើង

មុនទៅធ្វើក្រចក យើងគួរចៀសវាងកោររោមជើង ព្រោះការកោររោមជើង​អាចធ្វើឱ្យ​រលាត់​ស្បែក ឬមុតដាច់សាច់ជើងដែលងាយនឹងឱ្យមេរោគឆ្លងចូល​ខ្លួន។

៣. ស្នើឱ្យជាងកាត់ក្រចករាងការេ៉

ពេលធ្វើក្រចក យើងអាចប្រាប់ឱ្យជាងកាត់ក្រចកជារាងការេ៉ ជាជាងរាងពងក្រពើ ដើម្បីការពារក្រចកកប់ក្នុងសាច់ (ត្រចៀកក្រាញ)។

៤. កុំឱ្យជាងកាត់សាច់គល់ក្រចក

សាច់គល់ក្រចកមាននាទីការពារក្រចករបស់យើង។ ប្រសិនបើសាច់គល់ក្រចក​​ត្រូវ​កាត់​ចេញ បាក់តេរី វីរុស ឬមេរោគផ្សិតអាចឆ្លងចូលសាច់ក្រចកបានដោយងាយ។

ប្រសិនបើចៀសកាត់សាច់គល់ក្រចកមិនបាន យើងត្រូវស្នើជាងឱ្យជូត​អាល់កុល​មុន និងក្រោយ កាត់សាច់គល់ក្រចកដើម្បីសម្លាប់មេរោគ ឬឱ្យជាង​រុញ​សាច់គល់​​ក្រចក​ជា​ជាង​កាត់ចេញ។

៥. ពិនិត្យមើលថ្នាំលាបក្រចក

បើយើងចង់ប្រើថ្នាំលាបក្រចករបស់ហាង យើងគួរជ្រើសរើសថ្នាំណានៅ​ជិត​ពេញ​ដប ចៀសវាង​ថ្នាំលាបដែលជិតអស់ ឬអស់ពាក់កណ្តាល ព្រោះថ្នាំលាបដែលជិតអស់ ឬ​អស់​ពាក់កណ្តាលយើងមិនដឹងជាឆ្លងកាត់ការលាបឱ្យភ្ញៀវប៉ុន្មាននាក់ហើយទេ។ មេរោគ​អាចតោងជាប់នឹងជក់ក្នុងថ្នាំលាបក្រចក ហើយឆ្លងចូលទឹកថ្នាំលាបក្រចក។

៦. ជូតជើងឱ្យស្ងួត

ប្រសិនបើជើងយើងនៅសើម ជាពិសេសចន្លោះម្រាមជើង​ នឹងអាចបណ្តាល​ឱ្យ​មាន​មេរោគ​ផ្សិត។ ប្រសិនបើជាងធ្វើក្រចកជូតជើងយើងមិនស្ងួតល្អទេ យើងគួរជូតបន្ថែម​ដើម្បីឱ្យជើងស្ងួតល្អ។

៧. ប្រើឧបករណ៍ធ្វើក្រចកផ្ទាល់ខ្លួន

ការប្រើឧបករណ៍ធ្វើក្រចកផ្ទាល់ខ្លួន ក៏ដូចជាឈើរូសក្រចក ផ្តិលត្រាំក្រចក កន្សែងជូត ថ្នាំលាបក្រចកជាដើមអាចការពារយើងពីការឆ្លងមេរោគបាន។

យើងគួរចៀសវាងធ្វើក្រចក ប្រសិនបើប្រអប់ជើង ឬប្រអ់ដៃមានរបួស រលាត់​ស្បែក ឆ្លងមេរោគសើស្បែក ឬកប់ក្រចកក្នុងស្បែក។ ជាពិសេសយើងត្រូវជ្រើសរើស​ហាងធ្វើក្រចកណាដែលមានអនាម័យល្អ ហើយមុនធ្វើក្រចក ត្រូវស្នើ​ឱ្យ​ជាង​លាង​សម្អាតដៃឱ្យបានស្អាតល្អដើម្បីចៀសវាងចម្លង​មេរោគពីភ្ញៀវផ្សេងមកយើង។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]