សក់សំពោងអាចកើតឡើងដោយសារកត្តាហ្សែន ប៉ុន្តែភាគច្រើនបណ្តាលមកពីកត្តាអាកាសធាតុ សក់ស្ងួត ឬសក់ខូចដែលធ្វើឱ្យសក់យើងគ្មានសណ្តាប់ធ្នាប់ មើលទៅដូចអត់បានសិតអ៊ីចឹង។ យើងគួរថែសក់បែបណាដើម្បីការពារសក់កុំឱ្យសំពោង?
នៅពេលសក់ស្ងួត ឬខូច ស្រទាប់ខាងក្រៅរបស់សក់នឹងរបើកដែលជាហេតុបណ្តាលឱ្យសំណើមពីអាកាសធាតុជ្រាបចូលសក់ រួចធ្វើឱ្យសរសៃសក់យើងហើម និងសំពោង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះជាតិចនិចសាមញ្ញមួយចំនួនដែលយើងអាចសាកល្បងដើម្បីការពារសក់សំពោង៖
១. កាត់តម្រឹមចុងសក់
ការកាត់តម្រឹមចុងសក់ដែលស្ងួត ឬបែកគឺជាមធ្យោបាយដ៏ល្អក្នុងការដោះស្រាយបញ្ហាសក់សំពោង ព្រោះចុងសក់ដែលបែក ស្ងួត ឬខូចអាចបែក ឬខូចកាន់តែខ្លាំងរហូតដល់ឫសសក់ ហើយធ្វើឱ្យសក់យើងកាន់តែសំពោងខ្លាំង ជាពិសេសប្រសិនបើយើងរស់នៅកន្លែងដែលមានសំណើមខ្ពស់។
២. ជ្រើសរើសសាប៊ូកក់សក់ឱ្យបានត្រឹមត្រូវ
សាប៊ូកក់សក់ជាច្រើនមានធាតុផ្សំដែលអាចធ្វើឱ្យសក់យើងស្ងួត។ យើងគួរជ្រើសរើសសាប៊ូកក់សក់ដែលគ្មានជាតិស៊ុលហ្វាត មានកម្រិត pH ទាប និងមានសារធាតុផ្តល់សំណើមដូចជា glycerin, ប្រេង argan ប្រូតេអ៊ីន elastin និង ceramides ជាដើមដើម្បីជួយបំប៉ន និងផ្តល់សំណើមដល់សក់ និងការពារសក់សំពោង។
៣. បន្ទន់សក់
ការបន្ទន់សក់អាចជួយឱ្យសក់យើងមានសំណើម និងថែរក្សាសក់បន្ទាប់ពីកក់សក់រួច ព្រោះសូម្បីតែសាប៊ូកក់សក់ដែលមានសារធាតុផ្តល់សំណើមខ្លាំងក៏ធ្វើសក់យើងបាត់បង់សំណើមតិចតួចដែរ។
៤. កាត់បន្ថយការប្រើម៉ាស៊ីនកម្តៅលើសក់
ការផ្លុំ មូរ ឬកៀបសក់ញឹកញាប់អាចធ្វើឱ្យសក់យើងស្ងួត ខូច និងសំពោង។ ជំនួសឱ្យការផ្លុំសក់ឱ្យស្ងួត យើងអាចទុកសក់ឱ្យស្ងួតតាធម្មតា។ លើសពីនេះទៅទៀត យើងអាចប្រើវីធីមូរ ឬធ្វើឱ្យសក់ត្រង់តាមធម្មជាតិជាជាងមូរ ឬកៀបដោយម៉ាស៊ីន។
ប្រសិនបើយើងត្រូវប្រើម៉ាស៊ីនទាំងនេះ យើងត្រូវបន្ថយកម្តៅម៉ាស៊ីន។ លើសពីនេះទៅទៀត មុនកៀប ឬមូរសក់ យើងត្រូវការពារសក់ជាមួយផលិតផលការពារកម្ដៅដូចជាស្ព្រាយ ឬក្រែមជាដើម។
៥. កុំជូតត្រដុសសក់
ការញី ឬជូតត្រដុសសក់ជាមួយកន្សែងពោះគោធ្វើឱ្យសក់យើងរញ៉េរញ៉ៃ និងកកិតដែលបណ្តាលឱ្យសក់សំពោង។ បន្ទាប់ពីកក់សក់រួច យើងគ្រាន់តែយកកន្សែងមកផ្តិតទឹកលើសក់ថ្នមៗបានហើយ។
យើងគួរប្រើកន្សែងមីក្រូហ្វាយបឺរ ឬកន្សែងសម្រាប់រុំសក់យកផ្តិតជាតិទឹក លើសក់ទើបមិនសូវធ្វើឱ្យសក់ខូច ព្រោះកន្សែងទាំងនេះមានសរសៃកំណាត់តូចៗ និងស្រាលជាងកន្សែងធ្វើពីកប្បាស។
៦. ប្រើស្រោមខ្នើយសូត្រ
ការប្តូរពីការប្រើស្រោមខ្នើយកប្បាសទៅស្រោមខ្នើយសូត្រធ្វើឱ្យសក់ប្ដូរទីតាំងលើខ្នើយបានយ៉ាងសេរី និងរលូននៅពេលគេងជាជាងជាប់សក់លើខ្នើយ។
៧. បួងសក់មុនចូលគេង
ពេលគេងយើងគួរបួងសក់ឡើងលើឱ្យរលុងៗដើម្បីជួយការពារសក់ពីការខូច ឬជំពាក់ដោយសារប្រែ ឬរំកិលខ្លួនពេលគេង។ លុះព្រឹកឡើង យើងគ្រាន់តែយកម្រាមដៃសិតទម្លាក់សក់ថ្នមៗជាការស្រេច។
៨. ប្រើប្រេងដូងលាបសក់
ប្រេងដូងផ្តល់ប្រយោជន៍ច្រើនដល់សក់ ជាពិសេសនៅពេលសក់សំពោង។ ប្រេងដូងជួយចិញ្ចឹម បំប៉ន និងព្យាបាលសក់របស់យើងតាំងពីស្រទាប់ខាងក្នុងដល់ស្រទាប់ខាងក្រៅ និងធ្វើឱ្យសក់រលោងល្អ។ យើងក៏អាចប្រើប្រេងផ្សេងទៀតដូចជា ប្រេង argan ប្រេងអូលីវ និងប្រេងអាល់ម៉ុនផ្អែមដែរ។
៩. ចៀសវាងប្រើផលិតធ្វើម៉ូតសក់មានជាតិអាល់កុល
យើងគួរចៀសវាងប្រើផលិតធ្វើម៉ូតសក់ដូចជា ស្ព្រាយបាញ់សក់ជាដើមដែលមានជាតិអាល់កុលព្រោះជាតិអាល់កុលអាចធ្វើឱ្យសក់ស្ងួតខ្លាំង និងបណ្តលឱ្យសក់សំពោង។ យើងអាចប្រើប្រេង ឬគ្រីមធ្វើម៉ូតសក់ដើម្បីជួយរក្សាសំណើមរបស់សក់ និងធ្វើឱ្យសក់រលោង។
សក់សំពោងក៏បណ្តាលមកពីការកក់សក់ជាមួយទឹកក្តៅឧណ្ហៗដែរ បណ្តាលឱ្យសក់បាត់បង់ជាតិប្រេងធម្មជាតិដែលមាននាទីធ្វើឱ្យសក់មានសំណើម និងរលោង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]