ភាគច្រើន​អាការៈ​ឈឺ​បំពង់​ក អាច​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ផ្ដាសាយ។ យ៉ាង​ណា​មិញ ​មាន​កត្តា​ផ្សេង​ទៀត ដែល​នាំ​ឲ្យ​យើង​កើត​មាន​អាការៈ​ឈឺ​ ឬ​ស្ងួត​បំពង់​ក​​។ ហេតុ​នេះ​ហើយ​ ដើម្បី​ដោះស្រាយ​អាការៈ​មួយ​នេះ គ្នា​យើង​គប្បី​ស្វែង​យល់​ពី​មូលហេតុ​បង្ក​ជា​មុន​សិន​។

១. អាលែកហ្ស៊ី​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើង​តែងតែ​យល់​ថា ការ​រមាស់​ និង​កណ្ដាស់​ជា​រោគសញ្ញា​ដំបូង​នៃ​បញ្ហា​អាលែកហ្ស៊ី ប៉ុន្តែ​​អាការៈ​ឈឺ​ និង​រមាស់​ក​ ក៏​អាច​កើត​​ឡើង​​នៅ​ពេល​ដែល​យើង​អាលែកហ្ស៊ី​នឹង​អ្វី​មួយ​​​ដែរ​។ តួ​យ៉ាង​ដូចជា​ លម្អង ​ធូលី ឬ​ពពួក​ផ្សិត​ ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ផ្លូវ​ដង្ហើម ​​ជា​ហេតុ​នេះ​ឲ្យ​យើង​ឈឺ​ក​ដោយ​មិន​ដឹង​​ខ្លួន​​។

២. ​​កត្តា​បរិយាកាស​

​​​​ទន្ទឹម​នឹង​នេះ​ដែរ សារធាតុ​ដែល​បង្ក​​ឲ្យ​មាន​ការ​រលាក​ដូចជា​ផ្សែង ឬ​ធូលី​ ​អាច​បណ្ដាល​ឲ្យ​យើង​មិន​ស្រួល​ក្នុង​បំពង់​ក ដោយ​សារ​តែ​វា​រំញោច​ឲ្យ​មាន​ប្រតិកម្មImmunologic​នៅ​ក្នុង​ច្រមុះ និង​បំពង់​ក ក៏​ដូចជា​​នាំ​ឲ្យ​មាន​ការ​រលាក​ និង​បង្កើន​ការ​ផលិត​ស្លេស្ម។

​៣. ចាល់​អាស៊ីដ​

ការ​ចាល់​អាស៊ីដ​ក៏​អាច​នាំ​ឲ្យ​រលាក​បំពង់​ក ​​ឈឺ​បំពង់​ក ឬ​ក្អក​ស្ងួត នេះ​បើ​យោង​តាម​វិបសាយ​របស់​Cleveland Clinic ហើយ​ដោយ​សារ​តែ​​ការ​ចាល់​អាស៊ីដ​ក្រពះ​កាន់​តែ​យ៉ាប់យ៉ឺន​នៅ​ពេល​យប់ វា​​អាច​​ធ្វើ​ឲ្យ​គ្នា​យើង​កើត​មាន​អាការៈ​ឈឺ​ក នៅ​ពេល​​ព្រឹក​ក្រោយ​ភ្ញាក់​ពី​គេង​បាន។

៤. ជំងឺ​​

ក្នុង​ករណី​កម្រ​ខ្លះ អាការៈ​ឈឺ​ក​ជា​ប្រចាំ​អាច​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដូចជា​មហារីក​បំពង់​ក ឬ​ជំងឺ​អេដស៍។ ជា​ទូទៅ បញ្ហា​សុខភាព​ទាំង​នេះ​ អម​ជាមួយ​នឹង​​រោគសញ្ញា​ដទៃ​ទៀត ដែល​រួម​មាន​ពិបាក​លេប​អាហារ ដុំ​ពក​ក ស្លេស្ម​មាន​ឈាម ឬ​រោគសញ្ញា​ដែល​ស្រដៀង​នឹង​គ្រុន​​ផ្ដាសាយ​ដែរ​។

តិចនិក​បំបាត់​ការ​ឈឺ​បំពង់​ក​

ក្នុង​ករណី​ដែល​អាការៈ​ស្ងួត​ក​នៅ​ពេល​ព្រឹក​​មិន​បណ្ដាល​មក​ពី​ជំងឺ​គ្រុន​ផ្ដាសាយ​ គ្នា​យើង​អាច​អនុវត្ត​តិចនិក​ទាំង​នេះ ដើម្បី​បំបាត់​បញ្ហា​ស្ងួត​ក ឬ​ឈឺ​បំពង់​៖

  • ញ៉ាំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដូចជា​ទឹក​តែ​ជាមួយ​ទឹក​ឃ្មុំ
  • ញ៉ាំ​អាហារ​ត្រជាក់​ៗ ដូចជា​ការ៉េម​ ពីព្រោះ​វា​មាន​​គុណប្រយោជន៍​ជួយ​​កាត់​បន្ថយ​ការ​រលាក
  • ខ្ពុរ​ទឹក​អំបិល​
  • ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​

ពេល​ណា​ដែល​យើង​គួរ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​?

ក្នុង​ករណី​ដែល​អាការៈ​ឈឺ​បំពង់​ក​​​នៅ​តែ​បន្ត​លើស​ពី​ ៥​ថ្ងៃ ព្រម​ទាំង​មាន​រោគសញ្ញា​ផ្សេង​ទៀត​​អម​មកជាមួយ​ គ្នា​យើង​គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

  • កន្ទួល
  • ឈឺ​ត្រចៀក​
  • ឈឺ​សន្លាក់​
  • ​ក្ដៅ​ខ្លួន​លើស​ពី​ ៣៨​អង្សាសេ​
  • ស្លេស្ម​មាន​ឈាម​
  • ហើម​មុខ
  • ដុំ​ពក​នៅ​ក្នុង​ក ឬ​បំពង់​ក
  • ពិបាក​ដកដង្ហើម។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]