ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ (Ford-TSI) ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាកិច្ចចាប់ផ្ដើម ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនបានរាយការណ៍ជូនអង្គពិធី អំពីសមិទ្ធិផលដែលវិទ្យាស្ថានសម្រេចបាន បន្ទាប់ពីការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវអគារវិទ្យាស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែមករា ឆ្នាំ២០២១ ដែលរួមមានការចាប់ផ្តើមដំណើរការរៀបចំការប្រឡងជ្រើសរើសទទួលនិស្សិតជំនាន់ទី១ និងនិស្សិតជំនាន់ទី២ ឱ្យចូលរៀននៅវិទ្យាស្ថាន លើឯកទេសសំណង់សាធារណការ ដែលមានជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពង់ផែ និង ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់, ឯកទេសគ្រប់គ្រងការដឹកជញ្ជូន និងភស្ដុភារកម្ម ដែលមានជំនាញសេដ្ឋកិច្ច និងគ្រប់គ្រងការដឹកជញ្ជូន និងជំនាញភស្ដុភារកម្ម និងឯកទេសនាវាចរណ៍ ដែលមានជំនាញបើកបរនាវា និងជំនាញម៉ាស៊ីននាវា។
ចំពោះការសិក្សានៅវិទ្យាស្ថាន វិទ្យាស្ថានក៏បានផ្តល់អាហារូបករណ៍ ១០០% ជូននិស្សិតទទួលបានពិន្ទុខ្ពស់ជាងគេចំនួន ៥០នាក់ និងបានលើកទឹកចិត្តដល់និស្សិតជានារី ដែលបានប្រលងជាប់ ដោយផ្តល់អាហារូបករណ៍។ ក្នុងគោលដៅអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឱ្យក្លាយទៅជាអ្នកបន្ដវេណប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ សីលធម៌ និងគុណធម៌ខ្ពស់ វិទ្យាស្ថានក៏បានពង្រឹងកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ធជាមួយដៃគូជាតិ និងអន្ដរជាតិ ទាំងភាគីរដ្ឋ និងឯកជន ហើយកន្លងមកនេះ វិទ្យាស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នា ជាមួយស្ថាប័ន ជាច្រើន។
តាមរយៈការចុះអនុស្សារណៈ នៃការយោគយល់គ្នានេះ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វិទ្យាស្ថានបានចុះអនុស្សារណៈ នៃការយោគយល់គ្នាជាមួយក្រុមហ៊ុន អ អិម អេ (ខេមបូឌា) លើក្របខណ្ឌកិច្ចសហប្រតិបត្ដិការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស រយៈពេល ៥ឆ្នាំ។ ជាសមិទ្ធិផល នៃការចុះអនុស្សារណៈ នៃការយោគយល់នេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានជួយជាសម្ភារៈបច្ចេកទេស មកដល់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការរៀបចំ និងធ្វើនវានុវត្ដ អគារមួយកន្លែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ នឹងត្រូវរៀបចំជាដំណាក់កាលៗ ដោយនៅដំណាក់កាលទី១ ក្រុមហ៊ុនបានផ្ដល់ថវិកាសម្រាប់រៀបចំមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ និងផ្ដល់រថយន្ដចំនួន ៥គ្រឿង ដើម្បីឱ្យសិស្សអនុវត្ដនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេសនោះ គិតជាប្រាក់ប្រហែល ២០ម៉ឺនដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលពន្ធ) ព្រមទាំងមានរថយន្ដ Forklift និងគ្រឿងចក្រធុនធ្ងន់ផ្សេងទៀត សម្រាប់គាំទ្រដល់ការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដនៅក្នុងមជ្ឈមណ្ឌល នៅក្នុងដំណាក់កាលបន្ដបន្ទាប់ ដែលគិតជាប្រាក់ប្រហែល ៥០ម៉ឺនដុល្លារអាមេរិក។
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនដោយមានការគាំទ្រពី ក្រុមហ៊ុន អ អិម អេ បានស្នើសុំប្រាក់ពីមូលនិធិសម្រាប់ការអភិវឌ្ឍជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលបានប្រាក់ ១០ម៉ឺនដុល្លាអាមេរិក ដើម្បីចាប់ផ្ដើមអនុវត្ដកម្មវិធីបណ្ដុះបណ្ដាល វគ្គទី១ ដែលមានសិក្ខាកាម ១២៥នាក់។ ប្រាក់បានពីមូលនិធិសម្រាប់ការអភិវឌ្ឍជំនាញនេះ ត្រូវប្រើប្រាស់សម្រាប់ប្រាប់ឧបត្ថមសិក្ខាកាម, ប្រាក់ខែគ្រូបណ្ដុះបណ្ដាល, សម្ភារៈបរិក្ខារនានា និងចំណាយរដ្ឋបាល។ការបណ្ដុះបណ្ដាលនេះ បានចាប់ផ្ដើមនៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ កន្លងមកនេះ។ នាពេលបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ បានបើកឱ្យដំណើរការថ្នាក់រៀនចំនួន២ និងមានសម្ភារៈបរិក្ខាបច្ចេកទេសសម្រាប់សិក្សា និងអនុវត្ដ។
បន្ទាប់ពីការបណ្ដុះបណ្ដាល ៤ខែ សិក្ខាកាមត្រូវចុះកម្មសិក្សាបន្ដ រយៈពេល ៣ខែ និងចុងបញ្ចប់សិក្ខាកាមប្រមាណ ៨០% នឹងត្រូវផ្ដល់ការងារនៅក្រុមហ៊ុន ហ្វដ ខេមបូឌា។ ក្រៅពីវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសយានយន្ដ មជ្ឈមណ្ឌលក៏មានគម្រោងបង្រៀនវគ្គខ្លីៗ ដូចជា៖ ការបើកបរ Forklift, ការបើកបរគ្រឿងចក្រធុនធ្ងន់ និងការថែទាំងគ្រឿងចក្រទាំងអស់នោះ ផងដែរ។
លោក ងន សាំង ប្រធានក្រុមហ៊ុនប្រចាំប្រទេសនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ភីអិលស៊ី បានថ្លែងចំណាប់អារម្មណ៍ជូនអង្គពិធី និងបានលើកឡើងពីប្រវត្តិសង្ខេបខ្លះៗរបស់ក្រុមហ៊ុន អ អិម អេ។ ក្រុមហ៊ុន អ អិម អេ បានទទួលសិទ្ធិ ផ្តាច់មុខនាំចូលចែកចាយនូវផលិតផល និងជាដៃគូអាជីវកម្មនៃយីហោល្បីៗជាច្រើននៅក្នុងសកលលោក ដូចជា រថយន្តម៉ាក FORD Jaguar Land Rover និង Range Rover រថយន្តដឹកទំនិញម៉ាក FUSO គ្រឿងចក្រកសិកម្ម ត្រាក់ទ័រម៉ាក John Deere គ្រឿងចក្រឧស្សាហកម្មម៉ាក JCB រថយន្ត និងឧបករណ៏សម្អាតម៉ាក Hako Power Boss Minuteman ឧបករណ៏លើកដាក់ទំនិញម៉ាក TCM ក្រុមហ៊ុន Comin Khmere ផ្តល់ដំណោះស្រាយផ្នែកវិស្វកម្ម ក្រុមហ៊ុនជួលរថយន្តម៉ាក AVIS និង Budget ក្រុមហ៊ុនកង់បីអ៊ីតាលីម៉ាក Piaggio ក្រុមហ៊ុនចំណីអាហារ EFG ដែលមានក្រុមហ៊ុន Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza និង The Coffee Club។
ថ្មីៗនេះ ក្រុមហ៊ុនបានបង្កើត Hungry App និងបាននាំចូលនូវរថយន្តម៉ាក Changan ហើយកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ម្សិលម៉ិញនេះ ក្រុមហ៊ុន បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវ រោងចក្រដំឡើងរថយន្ដ Ford នៅខេត្ដពោធិ៍សាត់ ផងដែរ។
លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍បន្តទៀតថា៖
បន្ទាប់មក លោកស្រី Dianne Craig, President International Markets Group at Ford Motor Company តំណាងក្រុមហ៊ុន RMA Group ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងស្វាគមន៍ និងបានថ្លែងចំណាប់អារម្មណ៍ចំពោះអង្គពិធី ថា៖
ទន្ទឹមជាមួយគ្នានេះ លោក Benjamin V. Wohlauer, ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងចំណាប់អារម្មណ៍ និងបានថ្លែងអបអរសាទរចំពោះកម្មវិធីសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ ដែលជាសមិទ្ធិផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងជាសមិទ្ធិផល ដែលកើតចេញពីកិច្ចសហប្រតិបត្ដិការរវាងវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា)។
ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍សំណេះសំណាល និងលើកឡើងថា ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយ និងទស្សនវិស័យប្រកបដោយភាពឧត្តុងឧត្តម ចង់ឃើញកូនខ្មែរជំនាន់នេះ និងជំនាន់បន្តបន្ទាប់ទៀត មានសមត្ថភាពចេះសាងសង់ផ្លូវ ស្ពានឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ដោយខ្លួនឯង និងមានគុណភាពជូនជាតិមាតុភូមិយើងនាពេលអនាគត វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ត្រូវបានបង្កើតឡើង ក្នុងគោលបំណង បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព ចំណេះដឹងទូលំទូលាយ និងសីលធម៌វិជ្ជាជីវៈ ដើម្បីដោះស្រាយបញ្ហាកង្វះជំនាញបច្ចេកទេស ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។
ក្នុងបរិបទដែលប្រទេសកម្ពុជា បានសម្រេចបាននូវការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយជោគជ័យ និងរហូតដល់អាចគ្រប់គ្រងនូវស្ថានភាពជំងឺកូវីដ-១៩ ព្រមបានរក្សាស្ថានភាព Zero Covid មកដលបច្ចុប្បន្ន គ្រឹះស្ថានអប់រំក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងនោះក៏មានវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ផងដែរ បានបើកដំណើរការរៀន និងបង្រៀន នៅក្នុងថ្នាក់យ៉ាងពេញលេញ ដោយបន្ដអនុវត្ដយ៉ាងម៉ឺងម៉ាត់នូវវិធាន ៣កុំ និង ៣ការពារ។ ជាសមិទ្ធិផល នៃកិច្ចសហប្រតិបត្ដិការ រវាងវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន អ អិម អេ (ខេមបូឌា) មជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាសមិទ្ធិផលមួយទៀត ដែលនឹងចូលរួមចំណែកដល់ការបណ្ដុះបណ្ដាលសមត្ថភាព និងកសាងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារការងារ ដែលមានជាលំដាប់។
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ក៏បញ្ជាក់ផងដែរ អំពីកិច្ចសហប្រតិបត្ដិការ និងភាពជាដៃគូ ដែលមិនអាចខ្វះបានរវាងភាគីរដ្ឋ និងភាគីឯកជន ក្នុងចូលរួមកសាង និងជំរុញសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈកិច្ចសហប្រតិបត្ដិការ រវាង វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ និងតាមរយៈមជ្ឍមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ នេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា បញ្ហាកង្វះខាតធនធានមនុស្សលើបច្ចេកទេសជួសជុលយានយន្ត ក៏ដូចជាកង្វះខាតធនធានមនុស្សតាមយានដ្ឋាន នានា នឹងត្រូវបានដោះស្រាយ ហើយសិក្ខាកាម និងនិស្សិត ដែលបានចូលរៀននៅមជ្ឈមណ្ឌលនេះនឹងទទួលបានចំណេះដឹងច្បាស់លាស់ និងអាចមានសមត្ថភាពតម្លើងរថយន្ត បម្រើការនៅតាមយានដ្ឋាន ឬ គ្រប់គ្រងយានដ្ឋានដោយផ្ទាល់បាន។
ការដែលមានជំនាញវិជ្ជាជីវៈ និងបច្ចេកទេសយានយន្ដ ច្បាស់លាស់នេះ ក៏នឹងអាចចូលរួមចំណែកដល់ការកាត់បន្ថយការកែច្នៃ ការដំឡើងយានយន្ដ ខុសបច្ចេកទេសគ្មានគុណភាព និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ព្រោះថា នៅពេលដែលយានយន្ដត្រូវបានដំឡើង ត្រូវបានជួសជុល និងត្រូវបានថែទាំ ដោយអ្នកជំនាញវិជ្ជាជីវៈ នោះបញ្ហាបច្ចេកទេស ដែលអាចមានជាយថាហេតុ នៅលើដងផ្លូវក៏ត្រូវបានកាត់បន្ថយបណ្ដើរៗ ផងដែរ។
សូមជម្រាបជូនផងដែរថា ការបណ្ដុះបណ្ដាលបច្ចេកទេសយានយន្ដនេះ បានចាប់ផ្ដើមនៅថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ កន្លងមកនេះ ហើយបច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស ហ្វដ-ធី អេស អាយ បានបើកឱ្យដំណើរការថ្នាក់រៀនចំនួន២ និងមានសម្ភារៈបរិក្ខាបច្ចេកទេសសម្រាប់សិក្សា និងអនុវត្ដ។ បន្ទាប់ពីការបណ្ដុះបណ្ដាល ៤ខែ (ដែលទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារអាមេរិកក្នុងមួយខែ) សិក្ខាកាមត្រូវចុះកម្មសិក្សាបន្ដ រយៈពេល ៣ខែ (ដោយទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០ដុល្លារអាមេរិក ក្នុងមួយខែ) និងចុងបញ្ចប់សិក្ខាកាមប្រមាណ ៨០% នឹងត្រូវផ្ដល់ការងារនៅក្រុមហ៊ុន ហ្វដ ខេមបូឌា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]