ពិត​ណាស់​ ជំងឺ​សើ​ស្បែក​ Psoriasis ​ជា​ជំងឺ​រលាក​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ដល់​ស្បែក​ និង​សន្លាក់​។ យ៉ាង​ណា​មិញ ការ​រលាក​រយៈពេល​យូរ​ដោយ​សារ​តែ​ជំងឺ​សើ​ស្បែក​នេះ អាច​ប៉ះពាល់​ដល់​បេះដូង​ សរសៃ​ឈាម​ បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​។

ជំងឺ​សើ​ស្បែក​ប៉ះពាល់​ដល់​ប្រព័ន្ធ​បេះដូង​ដោយ​របៀប​ណា​?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជំងឺ​សើ​ស្បែក Psoriasis ​ជា​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ដែល​​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​វាយប្រហារ​កោសិកា​ល្អ។ ក្រៅ​ពី​បង្ក​​ការ​រលាក​​លើ​ផ្ទៃ​ខាង​លើ​នៃ​ស្បែក​ ​ការ​រលាក​នៅ​ក្នុង​រាងកាយ​ក៏​អាច​នាំ​ឲ្យ​ខូច​ដល់​សរសៃ​ឈាម​ដូច​គ្នា​។ ជា​លទ្ធផល​ ​វា​នឹង​បង្កើត​​​ការ​កក​ស្ទះ ឬ​កំណក​នៅ​ក្នុង​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​ឈាម​ទៅ​សាច់ដុំ​បេះដូង​។ ហេតុ​ដូច្នេះ​ហើយ​ អ្នក​ដែល​កើត​ជំងឺ​សើ​ស្បែក Psoriasis មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺ​បេះដូង សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹក​នោម​ផ្អែម​ និង​កូលេស្តេរ៉ូល​ខ្ពស់​។

គន្លឹះ​កាត់បន្ថយ​ជំងឺ​ហានិភ័យ​​នៃ​ជំងឺ​បេះដូង​សម្រាប់​អ្នក​ជំងឺ​សើ​ស្បែកPsoriasis

បើ​យើង​មាន​ជំងឺ​សើ​ស្បែកPsoriasis យើង​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​បេះដូង ក៏​ដូចជា​ពិនិត្យ​សុខភាព​បេះដូង​ ដើម្បី​រក​មើល​កត្តា​ហានិភ័យ​។ មួយ​វិញ​ទៀត យើង​ក៏​អាច​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​ជំងឺ​សើ​ស្បែក​​ ព្រម​ទាំង​ការពារ​សុខភាព​បេះដូង​​ដូច​ខាង​ក្រោម៖

១.​ ញ៉ាំ​អាហារ​សុខភាព​

ចំពោះ​អាហារ​ដែល​យើង​គួរ​ញ៉ាំ​​ដើម្បី​សុខភាព​បេះដូង ក៏​ដូចជា​ប្រឆាំង​​នឹង​ការ​រលាក​ រួម​មាន​ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ សាច់​គ្មាន​ខ្លាញ់​ ទឹក​ដោះ​គោ​​មាន​ជាតិ​ខ្លាញ់​ទាប បន្លែ និង​ផ្លែឈើ​​។ មួយ​វិញ​ទៀត គួរ​កាត់បន្ថយ​អាហារ​​ប្រៃ​​ ​អាហារ​កែច្នៃ ព្រម​ទាំង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​។

២. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់

​ទម្លាប់​អសកម្ម​អាច​បណ្ដាល​ឲ្យ​យើង​ធាត់​បាន​ និង​អាច​ប៉ះពាល់​ដល់​ទាំង​រោគសញ្ញា​នៃ​ជំងឺ​សើស្បែក​ និង​សុខភាព​បេះដូង។ សម្រាប់​មនុស្ស​ពេញ​វ័យ​ យក​ល្អ​ត្រូវ​ធ្វើ​លំហាត់​ប្រាណ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១៥០​នាទី​ក្នុង​​មួយ​សប្ដាហ៍ ទើប​ជា​ការ​ប្រសើរ​។

៣. ឈប់​ជក់​បារី​

ដូច​គ្នា​ទៅ​នឹង​ទម្លាប់​អសកម្ម​ដែរ​ ការ​ជក់​បារី​បង្កើន​ហានិភ័យ​​ដល់​ទាំង​ជំងឺ​សើ​ស្បែក​ និង​ជំងឺ​បេះដូង។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​តែ​បញ្ឈប់​ការ​ជក់​បារី​ ដែល​បំផ្លាញ​សុខភាព​ធ្ងន់ធ្ងរ​។

៤. ការ​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​

ថ្នាំ​ដែល​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​សើស្បែកPsoriasis ​អាច​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​បេះដូង។ ដូច​នេះ យើង​គួរ​តែ​ញ៉ាំ​ថ្នាំ​ឲ្យ​បាន​ទៀងទាត់​ និង​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា។

ចំណុចសំខាន់

ជំងឺ​សើ​ស្បែក​ Psoriasis ​ជា​ជំងឺ​រលាក​រ៉ាំរ៉ៃ ដែល​ប៉ះពាល់​ដល់​ស្បែក​ និង​សន្លាក់​ ហើយ​​ជំងឺ​សើ​ស្បែក​នេះ ក៏​អាច​ប៉ះពាល់​ដល់​បេះដូង​ សរសៃ​ឈាម​ បង្កើន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​សរសៃ​ឈាម​បេះដូង គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ផង​ដែរ​ ប្រសិនបើ​​ការ​រលាក​នៃ​ជំងឺ​សើ​ស្បែក​នេះ បន្ត​រយៈ​ពេល​យូរ។ យ៉ាំង​ណា​មិញ យើង​នៅ​តែ​អាច​ការពារ​ជំងឺ​បេះដូង​បាន​ បើ​ទោះ​បី​ជា​យើង​កំពុង​ប្រឈម​នឹង​ជំងឺ​សើស្បែក​យ៉ាង​ណា​ក្តី ដោយ​ការ​អនុវត្ត​តាម​គន្លឹះ​មួយ​ចំនួន​ដូចជា​ ញ៉ាំ​អាហារ​ល្អ​ៗ​ ធ្វើ​លំហាត់​ប្រាណ​ទៀងទាត់​ ឈប់​ជក់​បារី និង​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]