សុខភាពក្រពះពោះវៀនកូនល្អមិនល្អ គឺអាស្រ័យទៅលើបាក់តេរីនៅក្នុងពោះវៀន ហើយបាក់តេរី​ល្អ​ៗជួយឱ្យពោះវៀនកូនមានសុខភាពល្អ។ តើបាក់តេរី​ល្អ​ៗ​នៅក្នុងពោះវៀនជួយអ្វីខ្លះដល់ប្រព័ន្ធរំលាយអាហារ សុខភាព​ទូទៅ និងការអភិវឌ្ឍ​ខួរក្បាល​របស់​កូន? ហើយម៉ាក់ប៉ាគួរធ្វើយ៉ាង​ណាដើម្បីជួយបង្កើនបាក់តេរី​ល្អ​ៗ​នៅក្នុងពោះវៀនកូន?

១. នាទីរបស់បាក់តេរីល្អៗនៅក្នុងប្រព័ន្ធរំលាយអាហារ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– ជួយរំលាយអាហារ៖ ក្រពះមាននាទីកិនបំបែកអាហារ ហើយពេលទៅដល់ពោះរៀន បាក់តេរីល្អ​ៗ​បំបែកអាហារទៅជាសារធាតុចិញ្ចឹម។

– ស្រូបយកសារធាតុចិញ្ចឹម៖ បាក់តេរីល្អៗក្នុងពោះវៀនជួយ​ឱ្យពោះវៀនស្រូបយកសារធាតុ​ចិញ្ចឹម​ពី​ចំណីអាហារ រួចបញ្ជូនទៅក្នុងចរន្តឈាមដើម្បីចែកចាយទៅចិញ្ចឹមរាងកាយ។

– បញ្ចេញចោល៖ បាក់តេរីល្អៗក្នុងពោះវៀន​ជួយពោះរៀនបញ្ចេញកាក​សំណល់ចំណីអាហារ​ពីរាងកាយ​បាន​ល្អ និងជួយឱ្យកូនចៀសផុតពីបញ្ហាទល់លាមក ហើមពោះ និងឈឺពោះ។

– ការពាររាងកាយ៖ ប្រព័ន្ធភាពស៊ាំរបស់យើង ៧០% គឺស្ថិតនៅក្នុងពោះវៀន ព្រោះ បាក់តេរី ល្អៗ​នៅ​ក្នុង​ពោះវៀន​ក៏មាននាទីកម្ចាត់វីរុស និងបាក់តេរីអាក្រក់ដែលចូលមកយាយីរាងកាយ​កូនដែរ។

– ធ្វើឱ្យអារម្មណ៍ល្អដែលជួយដល់ការអភិវឌ្ឍខួរក្បាល៖ បាក់តេរីល្អៗក្នុងពោះវៀនមាននាទី​បង្កើត​អាស៊ីដ gamma-aminobutyric ដែលបង្កើត​អ័រម៉ូនសម្រាប់គ្រប់គ្រងការថប់បារម្ភ ភាពភ័យខ្លាច និងជួយឱ្យកូនមាន​អារម្មណ៍ល្អ។ បើកូនមានបញ្ហាផ្លូវចិត្ត ខួរក្បាលកូនក៏វិវឌ្ឍ​ដោយមាន​​បញ្ហាដែរ ព្រោះក្រពះពោះវៀនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិ​ជាមួយ​​​ខួរក្បាល ដោយសារប្រព័ន្ធទាំងពីរនេះប្រើប្រព័ន្ធប្រសាទ vagus រួមតែមួយ និងប្រើអ័រម៉ូន​បញ្ជា​តែមួយ​ដែលគ្រប់គ្រងអារម្មណ៍។

២. គន្លឹះក្នុងការថែទាំសុខភាពក្រពះពោះវៀនកូន

ក. បាក់តេរីល្អ (Probiotics)

ម៉ាក់ប៉ាអាចជួយឱ្យ​ពោះរៀនកូនមានសុខភាពល្អដោយឱ្យកូនញុំាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដូចជាទឹកដោះគោជូរ គីមឈី ជ្រក់។ល។ ដើម្បីបង្កើន និងរក្សា​តុល្យភាព​បាក់តេរីល្អៗ​នៅក្នុងពោះរៀន។

ខ. Prebiotics

ព្រីបាយអូទិក (Prebiotics) ជាជាតិសរសៃបានពីចំណីអាហារដូចជា សណ្តែក បន្លែ ផ្លែឈើ គ្រាប់​ធញ្ញជាតិ។ល។ ដែលជាអាហារជួយឱ្យបាក់តេរីល្អៗក្នុងពោះរៀនលូតលាស់។ ដូច្នេះ ម៉ាក់ប៉ា​គួរ​ឱ្យ​កូន​ញុំាអាហារសម្បូរជាតិ​សរសៃឱ្យបានច្រើន។

គ. ញុំាទឹកឱ្យបានគ្រប់គ្រាន់

ការឱ្យកូនញុំាទឹកឱ្យបានគ្រប់គ្រាន់ជួយឱ្យពោះវៀនដំណើរការល្អ មិន​ទល់​លាមក បញ្ចេញកាក​សំណល់​បាន​អស់​ ហើយមិនបញ្ចល់នូវជាតិពុលដែលធ្វើឱ្យពោះវៀនមានបញ្ហា។

ឃ. ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា

ថ្នាំផ្សះមិនត្រឹមតែសម្លាប់បាក់តេរីអាក្រក់ទេ ថែមទាំងសម្លាប់ទាំងបាក់តេរីល្អៗ​ក្នុង​ពោះរៀន​កូន​ទៀត​ផង។ កាលណាបាក់តេរីល្អៗក្នុងពោះរៀនថយចុះ ពោះវៀននឹងខ្សោយ ហើយមិនអាចដំណើរការ​បានល្អទេ​ដែល​ជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាពទូទៅ និងការវិវឌ្ឍខួរក្បាលរបស់កូន។

ដើម្បីថែទាំសុខភាពក្រពះពោះវៀនកូនឱ្យមានសុខភាពល្អ ម៉ាក់ប៉ាក៏អាចជ្រើសរើស​ឱ្យកូន​ញុំាទឹក​ដោះ​គោម្សៅដែលមានសារធាតុ SYNBIOTICS ដែលជាការសំយោគរវាងបាក់តេរីល្អៗ (Probiotics) ជាមួយនឹងអាហារជំនួយបាក់តេរីល្អៗ (Prebiotics) បានដែរ។

ចំណុចសំខាន់

– តួនាទីរបស់បាក់តេរីល្អៗនៅក្នុងប្រព័ន្ធរំលាយអាហារ៖

  • ជួយរំលាយអាហារ
  • ស្រូបយកសារធាតុចិញ្ចឹមពីអាហារ
  • ជួយដល់ការបញ្ចេញចោល
  • ការពាររាងកាយ
  • ផលិតអ័រម៉ូនធ្វើឱ្យអារម្មណ៍ល្អដែលជួយដល់ការអភិវឌ្ឍខួរក្បាល

– ដើម្បីថែទាំសុខភាពក្រពះពោះវៀនកូន ម៉ាក់ប៉ាគួរឱ្យកូនញុំា៖

  • អាហារសម្បូរបាក់តេរីល្អៗ (Probiotics)
  • អាហារសម្បូរជាតិសរសៃ (Prebiotics)
  • ទឹកឱ្យបានគ្រប់គ្រាន់
  • ចៀសវាងឱ្យកូនញុំាថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា
  • ឬឱ្យកូនញុំាទឹក​ដោះ​គោម្សៅដែលមានសារធាតុ SYNBIOTICS (Probiotics + Prebiotics)

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]