អ្នកជំងឺទឹកនោមផ្អែមភាគច្រើនព្រួយបារម្ភតែបញ្ហាឡើងជាតិស្ករ ភ្លេចគិតថាប្រសិនជាជាតិស្ករថយចុះ ហើយថយចុះខ្លាំងទៀតនោះក៏ប្រឈមគ្រោះថ្នាក់ដល់ជីវិតដូចគ្នា។ ដូច្នេះកត្ដាបង្កគ្រោះថ្នាក់សម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចកើតឡើង មិនថាជាតិស្ករឡើងខ្ពស់ ឬទាបចុះនោះទេ ពិសេសត្រូវប្រុងប្រយ័ត្ននឹងរោគសញ្ញាបង្ហាញពេលអាការៈនោះកើតឡើង។  

តាមរបាយការណ៍អង្គការសុខភាពអ្នកជំងឺទឹកនោមផ្អែមបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទ១ ម្នាក់ក្នុងចំណោម៥នាក់ និង អ្នកជំងឺទឹកនោមផ្អែមប្រភេទ​២ ម្នាក់ក្នុងចំណោម ១០នាក់ ជួបបញ្ហាប្រឈមថយចុះជាតិស្ករ ដោយមិនដឹងខ្លួន ហើយ​ស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមថយចុះជាតិស្ករ

អ្នកជំងឺទឹកនោមផ្អែមថយចុះជាតិស្ករក្នុងឈាមបណ្ដាលមកពីមូលហេតុសំខាន់ដូចជា ការប្រើប្រាស់អាំងសុយលីន​លើស​ដូស ការតមអាហារជ្រុល ការរំលងរបបអាហារ ការហាត់ប្រាណលើសកម្រិត ប្រសិទ្ធភាពថ្នាំបញ្ចុះជាតិស្ករ និងផឹកគ្រឿងស្រវឹងជាដើម ដែលកត្តាទាំងនេះបណ្ដាលឲ្យអ្នកជំងឺប្រឈមការ​ថយចុះជាតិស្ករ។

ការថយចុះជាតិស្ករដោយមិនដឹងខ្លួន

អ្នកជំងឺទឹកនោមផ្អែមអាចថយចុះជាតិស្ករដោយមិនដឹងខ្លួន ភាគច្រើនកើតឡើងចំពោះអ្នកជំងឺដែលមិនធ្លាប់មានប្រវត្ដិថយចុះជាតិស្ករឈានដល់ដំណាក់កាលទាបជាង ៥៥មិល្លីក្រាម/ដេស៊ីលីត្រឈាម និង អ្នកជំងឺមិនចាប់អារម្មណ៍នឹងរោគសញ្ញាបង្ហាញក្នុងដំណាក់កាលដំបូង ដែលចុះក្រោម ៧០​មិល្លីក្រាម/ដេស៊ីលីត្រឈាម។

តាមការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមដែលមិនដឹងខ្លួនថា ជាតិស្ករក្នុងខ្លួនថយចុះ និងមិនចាប់អារម្មណ៍ជាមួយរោគសញ្ញាដំបូង ដូចជា បែកញើស វិលមុខ ឃ្លាន អស់កម្លាំង គឺប្រឈមគ្រោះថ្នាក់ខ្លាំង នៅពេលជាតិស្ករបន្ដថយចុះរហូតដល់ដំណាក់កាលគ្រោះថ្នាក់ក្រោម ៥៥ មិល្លីក្រាម/ដេស៊ីលីត្រឈាម។

ខាងក្រោមជាកត្ដាបង្កមួយចំនួនដែលបណ្ដាលឲ្យអ្នកជំងឺទឹកនោមផ្អែមប្រឈមគ្រោះថ្នាក់ដល់ជីវិត ដោយការថយចុះជាតិស្ករមិនដឹងខ្លួន មានដូចជា៖

១.កត្ដាគេង

ការសម្រាកនៅពេលយប់អ្នកជំងឺក៏អាចថយចុះជាតិស្ករដោយមិនដឹងរោគសញ្ញា ពិសេសក្នុងដំណាក់កាលដំបូងដែលអ្នកជំងឺមិនចាប់អារម្មណ៍ និងគេងលក់រហូតជាតិស្ករបន្ដចុះដល់ក្រោម ៥៥ មិល្លីក្រាម/ដេស៊ីលីត្រឈាមធ្វើឲ្យអ្នកជំងឺភ្ញាក់ដឹងខ្លួន ហើយអាចប្រឈមគ្រោះថ្នាក់បានដែរ។

២.កត្ដាហាត់ប្រាណ

ការហាត់ប្រាណក៏ជាចំណែកមួយធ្វើឲ្យជាតិស្ករថយចុះ មិនថាក្នុងកំលុងហាត់ និងក្រោយហាត់នោះទេ ប្រសិនបើជាលិកាក្នុងរាងកាយ មិនអាចចាប់យកអាំងស៊ុយលីនប្រើការបាន។ កត្ដាប្រឈមនេះក៏អាចកើតមានក្រោយពេល ១៥ម៉ោង បន្ទាប់ពីការហាត់ប្រាណ ពិសេសការហាត់ដោយប្រើកម្លាំង​លើសកម្រិត​។

៣.កត្ដារយៈពេលជំងឺ

តាមការសិក្សាបានបង្ហាញថា អ្នកជំងឺទឹកនោមផ្អែមដែលប្រើប្រាស់អាំងស៊ុយលីនលើសពី២០ឆ្នាំ ប្រឈមការថយចុះជាតិស្ករដោយមិនដឹងខ្លួនមានចំនួន៥០% និង អ្នកជំងឺប្រើប្រាស់អាំងស៊ុយលីន ក្រោម២០ឆ្នាំ ប្រឈមកើតតែ២០% ប៉ុណ្ណោះ។

៤.កត្ដាអាយុ

ចំពោះកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទ១ អ្នកជំងឺមិនសូវបង្ហាញអាការៈគួរចាប់អារម្មណ៍ណាមួយទៅកាន់អាណាព្យាបាល និងអ្នកមើលថែរនោះទេ ដូច្នេះលក្ខខណ្ឌមួយនេះអាចបណ្ដាលឲ្យអ្នកជំងឺងាយប្រឈមគ្រោះថ្នាក់ខ្លាំង។

តាមការសិក្សាបង្ហាញថា ភាគរយកើតមានលើកុមារមានចំនួនតិចជាងមនុស្សចាស់ ពិសេសមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ក៏ប្រឈមបញ្ហាចុះជាតិស្ករដោយមិនខ្លួននេះដែរ ខណៈដែលរោគសញ្ញាមួយចំនួនបង្ហាញពីអាការៈ អស់កម្លាំង វិលមុខ ខ្សោយ ដែលស្រដៀងគ្នានឹងអាការៈប្រចាំថ្ងៃមនុស្សចាស់។

៥.កត្ដាគ្រឿងស្រវឹង

ការប្រើប្រាស់គ្រឿងស្រវឹងក៏អាចប្រឈមបញ្ហាថយចុះជាតិស្ករបានដែរ ហើយលឿនទៀតផង ព្រោះគ្រឿងស្រវឹងអាចរំខានដល់ការបង្ហាញរោគសញ្ញា និង ប៉ះពាល់ដល់ថ្លើមមិនអាចអាចបញ្ចេញជាតិស្ករ នៅពេលជាតិស្ករក្នុងឈាមថយចុះ។

៦.កត្ដាប្រើប្រាស់ថ្នាំ

ការប្រើប្រាស់ថ្នាំ ដូចជាពពួកថ្នាំលើសសម្ពាធឈាម ថ្នាំព្យាបាលស្ដ្រេស ក៏អាចកាត់បន្ថយការ​បង្ហាញ​រោគសញ្ញា នៃការថយចុះជាតិស្ករបានដែរ។ ដូច្នេះចូរប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ថ្នាំប្រភេទទាំងនេះ ត្រូវឆ្លងកាត់ការពិគ្រោះជំងឺពីគ្រូពេទ្យជាមុនសិន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]