ភ្នំពេញ៖ តារាចម្រៀងសម្លេងផ្អែម លោក ខាន់ ជេមស៍ បានសាងកេរ្តិ៍ឈ្មោះអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដោយបានប្រឡូកក្នុងវិស័យជាចម្រៀងបម្រើជូនអារម្មណ៍របស់ទស្សនិជនជាមួយនឹងទឹកដមសម្លេងដ៏ទាក់ទាញ ជាហេតុនាំឱ្យលោកទទួលបាននូវការស្រលាញ់ និងចូលចិត្តពីមហាជន រហូតមកដល់បច្ចុប្បន្ននេះផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះ នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ ម្ចាស់បទចម្រៀង «ស្តាយក្រោយ» រូបនេះ បានធ្វើការចុះកុងត្រា ចូលរួមទ្រនំជាមួយផលិតឈានមុខនៅកម្ពុជា គឺផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅចំពោះមុខមហាជន ក៏ដូចជាអ្នកសារព័ត៌មានជាច្រើនស្ថាប័ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងឱកាសដ៏ពិសេស ជាមួយនឹងអារម្មណ៍សប្បាយរីករាយ អមទៅដោយទឹកមុខស្រស់ស្រាយ លោក ខាន់ ជេមស៍ បន្ថែមថា មូលហេតុដែលលោកសម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ក្នុងការចូលរួមជាមួយផលិតកម្មចម្រៀង Galaxay ព្រោះលោកជឿជាក់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ និងជាចលករឆ្នើម នៅពីក្រោយការផ្លាស់ប្តូរក្នុងវិស័យតន្ត្រីចម្រៀងនៅកម្ពុជា។

ថ្លែងទៅកាន់អ្នកសារព័ត៌មានជាច្រើនស្ថាប័ន លោកថា នឹងពាំនាំតាមរយៈការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ថ្មីៗ គ្មានដែនកំណត់របស់អ្នកឧកញ៉ា ខ្លួនលោកផ្ទាល់ និងកញ្ញា Amie ដែលជាកូនស្រី មករួមចំណែកជាមួយផលិតកម្ម Galaxy ដើម្បីនាំមកនូវការរីកចម្រើនថ្មី ជាបន្តបន្ទាប់ដល់ឧស្សាហកម្មតន្ត្រីកម្ពុជា។

អ្វីដែលចាប់អារម្មណ៍ខ្លាំងតែម្តងនោះ គ្រាប់ពូជសិល្បៈរបស់តារាចម្រៀង ខាន់ ជេមស៍ ខាងលើ តារាពន្លកថ្មី កញ្ញា Amie ក៏បានប្ដេជ្ញាចិត្តថា នឹងមិនឱ្យអ្នកគាំទ្រកញ្ញាខកចិត្តឡើយ ហើយកញ្ញាបន្តថានឹងឈោងចាប់យកឱកាសដុសខាត់សមត្ថភាពរបស់ខ្លួនឱ្យកាន់តែខ្លាំង ក្នុងអាជីពសិល្បៈតន្ត្រីរបស់នាងឱ្យល្អបំផុត ជាមួយក្រុមគ្រួសារ Galaxy Navatra។


គួរបញ្ជាក់ថា កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីវ័យក្មេងរូបនេះ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែតរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលជាផលិតកម្មចម្រៀងកំពូលមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងតែទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]