ស្នាមសង្វារតែងកើតឡើងអំឡុងពេលពពោះ ដែលបណ្តាលឲ្យមានការដាច់រហែកតូចៗនៃជាលិកាយឺតខាងក្រោមស្បែក ហើយជារឿយៗ ម៉ាក់ៗនឹងសង្កេតឃើញស្នាមសង្វារដែលមានពណ៌ស្វាយ ត្នោតបែកក្រហម ឬត្នោតចាស់ អាស្រ័យទៅតាមសម្បុរស្បែករបស់យើងម្នាក់ៗ។
ស្ត្រីប្រមាណ៩០% កើតមានស្នាមសង្វារអំឡុងពេលពពោះ ដោយសារតែការលាតសន្ធឹងនៃស្បែកពោះ សុដន់ ត្រគាក និងគូទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុបង្កនៃស្នាមសង្វារអំឡុងពេលពពោះ
កត្តាហានិភ័យដែលអាចនាំឲ្យកើតមានស្នាមសង្វារមានដូចជា៖
- ការលាតសន្ធឹងនៃរាងកាយ៖ រាងកាយយើងនឹងរីកមាឌឥតឈប់ឈរអំឡុងពេលពពោះ ដែលនាំឲ្យស្បែកកើតមានស្នាមសង្វារ។
- អ័រម៉ូន៖ ការកើនឡើងនៃអ័រម៉ូនមានផ្ទៃពោះ នឹងទាញយកជាតិទឹកបន្ថែមចូលទៅក្នុងស្បែក ដែលអាចធ្វើឲ្យស្បែកងាយដាច់រលាត់នៅពេលលាតសន្ធឹង។ ប្រការនេះ អាចនាំឲ្យកើតមានស្នាមសង្វារ។
- ប្រវត្តិគ្រួសារ៖ ប្រសិនបើម៉ាក់របស់យើងមានស្នាមសង្វារអំឡុងពេលមានផ្ទៃពោះ យើងក៏អាចប្រឈមនឹងការកើតមានស្នាមសង្វារដូចគ្នា។
ស្នាមសង្វារអាចបង្កការឈឺចាប់ ឬគ្រោះថ្នាក់ដែរអត់?
ពិតណាស់ ស្នាមសង្វារមិនបង្កផលប៉ះពាល់ដល់ទារក និងម៉ាក់ៗឡើយ ប៉ុន្តែ អាចធ្វើឲ្យយើងមានអាការៈរមាស់ និងបាត់បង់ទំនុកចិត្តលើខ្លួនឯង ហើយម៉ាក់ៗខ្លះ ក៏ប្រឈមនឹងការបាក់ទឹកចិត្តផងដែរ។
ម៉ាក់ចេញសង្វារនៅត្រីមាសទីប៉ុន្មាន?
ស្ត្រីពពោះ អាចចេញស្នាមសង្វារក្នុងត្រីមាសទី២ និងទី៣ ឬនៅក្នុងអំឡុងខែទី៦ និងទី៧នៃការពពោះ។
យើងអាចបង្ការស្នាមសង្វារអំឡុងពេលពពោះ ដោយវិធីណាខ្លះ?
គ្នាយើងអាចអនុវត្តន៍តិចនិកមួយចំនួនដូចខាងក្រោម ដើម្បីបង្ការស្នាមសង្វារអំឡុងពេលពពោះ៖
- គ្រប់គ្រងទម្ងន់ខ្លួនឲ្យបានល្អ ដោយជ្រើសរើសរបបអាហារល្អៗ ជៀសវាងការឡើងទម្ងន់ខ្លាំងជ្រុល
- ញ៉ាំទឹកយ៉ាងហោចណាស់២លីត្រក្នុងមួយថ្ងៃ
- ញ៉ាំរបបអាហារដែលសម្បូរទៅដោយជាតិខូឡាជែន និងជាតិសរសៃ ដើម្បីជួយបន្តឹងស្បែក។ នៅពេលដែលស្បែកយើងរឹងមាំ គឺមិនងាយដាច់រហែក ឬមានស្លាកស្នាមឡើយ។ បន្ថែមពីនេះ យើងគួរបញ្ចូលរបបអាហារដែលសម្បូរទៅដោយស័ង្កសី វីតាមីនC វីតាមីន E វីតាមីន B2 និង B3។
- ធ្វើលំហាត់ប្រាណជាទៀងទាត់
- ក្រៅពីផ្តល់ជាតិទឹកដល់ស្បែក និងធ្វើលំហាត់ប្រាណ គ្នាយើងក៏អាចក្រែមផ្តល់សំណើម ឬពពួកBio-oil សម្រាប់ស្ត្រីពពោះជាប្រចាំ ដោយធ្វើការម៉ាស្សានៅលើរាងកាយថ្នមៗចំនួន២ដងក្នុងមួយថ្ងៃ តាំងពីនៅត្រីមាសទី១ ដើម្បីជួយឲ្យស្បែកមានភាពយឺត និងមានជាតិទឹក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]