យល់ដឹង៖ ជាទូទៅ ដើម្បីអាចសម្រេចកិច្ចការអ្វីមួយបាន គឺអ្នកត្រូវតែមានភាពឆ្លាតវៃផង និងមានកាយសម្បទារឹងមាំផង។ ការងារខ្លះ តម្រូវឲ្យអ្នកប្រើប្រាស់កម្លាំងពលកម្ម និងសកម្ម តែការងារខ្លះទៀតក៏ប្រើប្រាស់ខួរក្បាលគិត ច្រើនជាងការប្រើប្រាស់កាយសម្បទា។
យ៉ាងណាមិញ សុខភាពរាងកាយពិតជាសំខាន់សម្រាប់បុគ្គលគ្រប់រូប ហើយអ្នកដឹងទេថា ការធ្វើសកម្មភាពតូចតាចៗប្រចាំថ្ងៃដូចជាឡើងជណ្ដើរជើងជាដើម ក៏មានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពរាងកាយដែរ?
ខាងក្រោមនេះជាអត្ថប្រយោជន៍ទាំង៥ នៃការប្រើប្រាស់ជណ្ដើរជើង៖
១. គ្រាន់តែឡើងជណ្ដើរសោះ អាចជួយដុតកាឡូរីក្នុងខ្លួនច្រើនជាងរត់ត្រឹកៗទៅទៀត
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការឡើងជណ្ដើរជើងពិតជាបានជួយដុតកាឡូរីក្នុងខ្លួនអ្នក ជាងការរត់ត្រឹកៗហាត់ប្រាណទៅទៀត ហើយការឡើងជណ្ដើរមួយកាំសោះ អាចជួយដុតកាឡូរីអ្នកបាន ០.១ កាឡូរីរាល់ពេលអ្នកឈានជើងឡើងជណ្ដើរមួយកាំ ហើយក៏ជួយដុតកាឡូរី ០.០៥ នៅពេលអ្នកចុះជណ្ដើរមួយកាំវិញ។
២. ជួយកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល (Stroke)
យោងតាមលទ្ធផលស្រាវជ្រាវពី Havard Alumni បានបញ្ជាក់ថា បុរសជាង១១០០០នាក់ ដែលបានប្រើប្រាស់ជណ្ដើរជើងក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ គឺកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
៣. ធ្វើឲ្យសុខភាពបេះដូងរឹងមាំ
បើសិនជាអ្នកប្រើប្រាស់ជណ្ដើរជើងរាល់ថ្ងៃ សុខភាពបេះដូងអ្នកនឹងកាន់តែរឹងមាំក្នុងរយៈពេលវែង។
៤. ជួយពង្រឹងសាច់ដុំ
អ្នកសាកល្បងគិតទៅមើល រាល់ពេលដែលអ្នកឡើងជណ្ដើរមួយកាំៗ អ្នកត្រូវប្រឹងប្រើកម្លាំងជើងទាំងអស់ ដើម្បីរុញខ្លួនអ្នកឲ្យឡើងលើ ទើបវាជាវិធីមួយដែលជួយពង្រឹងសាច់ដុំបានល្អខ្លាំងណាស់ ជាពិសេសសាច់ដុំជាប់ឆ្អឹង។ ការពង្រឹងសាច់ដុំជាប់ឆ្អឹងនេះ បានជួយសម្រួលដល់ការធ្វើមេតាបូលីស និងពង្រឹងជាតិស្ករក្នុងឈាមផងដែរ។
៥. ជួយឲ្យអ្នកមានរបៀបរបបជីវិតរស់នៅដ៏សកម្ម
ឥឡូវនេះ តិកណូឡូជីបានជួយសម្រួលដល់ការងារធ្ងន់ៗច្រើន និងការងារដែលត្រូវការប្រើកម្លាំង ដូចជាមានជណ្ដើរយន្តជំនួសជណ្ដើរជើង។ ប៉ុន្តែបើសិនអ្នកជ្រើសរើសឡើងជណ្ដើរជើង គឺវាធ្វើឲ្យរាងកាយអ្នកផ្លាស់ទីបានច្រើនជាងមុន សម្រួលដល់សរសៃឈាម និងធ្វើឲ្យជីវិតអ្នកសកម្មផងដែរ៕
ប្រភព៖: verywellhealth
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]