សុខភាព៖ មនុស្សម្នាក់ៗកើតមកតែងតែមានអង្គចងចាំ ប៉ុន្តែបុគ្គលខ្លះ រាងឆាប់ភ្លេចជាងអ្នកដទៃ។ ជួនកាល គេទើបតែនិយាយប្រាប់មិញៗនេះ ស្រាប់តែភ្លេចតែម្ដង ឯអ្នកខ្លះទៀតអាយុនៅក្មេងទេ តែបែរជាឆាប់ភ្លេចទៅវិញ ដែលធ្វើឲ្យការរស់នៅប្រចាំថ្ងៃប្រឈមនឹងភាពលំបាកខ្លះៗដែរ។

មនុស្សដែលខ្សោយការចងចាំបញ្ជាក់ថា ជាមនុស្សដែលមិនសូវប្រើប្រាស់ខួរក្បាលយ៉ាងសកម្មនោះឡើយ ដូច្នេះដើម្បីបង្កើនការចងចាំបានល្អជាងមុន អ្នកគួរអនុវត្តតាមវិធីអស់ទាំងនេះ៖
១. ត្រូវប្រើប្រាស់រាងកាយឲ្យសកម្មជារៀងរាល់ថ្ងៃ
ការធ្វើសកម្មភាពផ្នែករាងកាយ បានជួយច្រើនណាស់ដល់ការពង្រឹងការចងចាំព្រោះវាធ្វើឲ្យឈាមរត់ស្រួលពេញទាំងរាងកាយ ដែលនោះគឺរួមបញ្ចូលទាំងខួរក្បាលរបស់យើងដែរ។ បើអ្នកជាមនុស្សពេញវ័យ គឺត្រូវធ្វើលំហាត់ប្រាណយ៉ាងហោចណាស់១៥០នាទី ក្នុងមួយសប្តាហ៍ ដូចជាការដើរ ការរត់ ការហែលទឹកជាដើម។

២. ត្រូវធ្វើលំហាត់ប្រាណផ្នែកសតិអារម្មណ៍
មិនត្រឹមតែលំហាត់ប្រាណផ្នែករាងកាយទេ អ្នកក៏ត្រូវតែធ្វើឲ្យខួរក្បាលមានភាពសកម្មលើផ្នែកសតិអារម្មណ៍ផងដែរ គឺធ្វើឲ្យខួរក្បាលសកម្មជាងមុនដោយការគិត។ ចូរអ្នកសាកល្បង លេងល្បែងនានាដែលត្រូវការប្រើខួរក្បាលដូចជា រូបផ្គុំ ជាដើម ឬរៀនលេងភ្លេច និងស្វែងរកចំណង់ចំណូលចិត្តថ្មីៗ។

៣. ចំណាយពេលជាមួយមនុស្សជុំវិញខ្លួន
ករណីខ្លះ ការចងចាំខ្សោយអាចបណ្ដាលមកពីកត្តាផ្លូវចិត្ត ដូចជាអ្នកមានជំងឺបាក់ទឹកចិត្ត និងតប់ប្រមល់ជាដើម ដូច្នេះអ្នកគួរចំណាយពេលនៅជាមួយមនុស្សជុំវិញខ្លួន ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង រៀនសូត្រនិងទទួលយកបទពិសោធថ្មីៗពីពួកគេ។
៤. ត្រូវតែរៀបចំផ្ទះ ឬការិយាល័យ ឲ្យបានស្អាតនិងមានរបៀប
ដើម្បីឲ្យការចងចាំល្អប្រសើរ មិនឆាប់ភ្លេច អ្នកត្រូវតែរស់នៅដោយមានរបៀបរបប។ អ្នកត្រូវរៀបចំផ្ទះសម្បែង ការិយាល័យតុរៀន... ឲ្យបានស្អាតនិងមានរបៀប ទុកដាក់របស់របររបស់អ្នកតាមកន្លែងដែលគួរទុក ឬចាត់ប្រភេទរបស់របរអស់នោះតាមថ្នាក់ជាដើម។ បើសិនជាអ្នកមានការងារត្រូវធ្វើច្រើន ចូរសរសេរវានៅក្នុងកូនសៀវភៅ រៀបចំទៅតាមថ្ងៃនីមួយៗ។ ចំណុចមួយទៀត កុំព្យាយាមធ្វើការងារច្រើនយ៉ាងក្នុងពេលតែមួយ ធ្វើម្ដងមួយៗ ដោយរៀបកាលវិភាគឲ្យបានច្បាស់លាស់។

៥. គេងលក់ឲ្យស្កប់ស្កល់
អ្នកវិទ្យាសាស្ត្របានស្វែងរកឃើញថា ការគេងមិនគ្រប់គ្រាន់ ឬគេងលក់មិនស្កប់អាចជាហេតុផលបណ្ដាលឲ្យការចងចាំរបស់យើងចុះខ្សោយ។ ដូច្នេះ អ្នកត្រូវរៀបចំកន្លែងគេងឲ្យបានស្អាត និងគួរឲ្យចង់គេង ហើយព្យាយាមចូលគេងម៉ោងដដែលៗរាល់ថ្ងៃ និងក្រោកឡើងនៅម៉ោងដដែល ដោយក្នុងមួយយប់ៗ អ្នកគួរគេងឲ្យបាន៨ម៉ោង។
៦. ញ៉ាំអាហារសម្បូរជីជាតិ
អ្នកគួរចៀសវាងញ៉ាំអាហារប្រភេទមានខ្លាញ់ច្រើន និងភេសជ្ជៈផ្អែមៗ ហើយងាកមកញ៉ាំពពួកអាហារមានជីជាតិដូចជា ផ្លែឈើ បន្លែ ឬក៏អាហារមានជាតិខ្លាញ់តិចដូចជា ត្រី និង គ្រាប់សណ្ដែក ជាដើម។
៧. គ្រប់គ្រងឲ្យបានបើសិនជាអ្នកមានជំងឺប្រចាំកាយ
បើសិនអ្នកមានជំងឺប្រចាំកាយដូចជា ឡើងសម្ពាធឈាម, ទឹកនោមផ្អែម, បាក់ទឹកចិត្ត... ជាដើម សូមតាមដាននិងពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីការពារកុំឲ្យការចងចាំរបស់អ្នកឆាប់ចុះខ្សោយ៕

ប្រភព៖: mayoclinic
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]