យល់ដឹង៖ សុខភាពមាត់ធ្មេញជារឿងសំខាន់ណាស់ចំពោះមនុស្សគ្រប់រូប មិនចាញ់សុខភាពរាងកាយទាំងមូលនោះឡើយ។ អ្នកខ្លះមានសុខភាពមាត់ធ្មេញល្អហើយតែប្រាថ្នាចង់បានធ្មេញសព្រោះការមានធ្មេញស ជួយឲ្យស្នាមញញិមរបស់យើងម្នាក់ៗកាន់តែទាក់ទាញ។
ដើម្បីឲ្យបានធ្មេញស សាកល្បងអនុវត្តតាមគន្លឹះអស់ទាំងនេះ៖
១. ឈប់ជក់បារី
ការជក់បារីក្នុងរយៈពេលយូរអង្វែង អាចបណ្ដាលឲ្យធ្មេញឡើងខ្មៅ ដោយសារវាមានសារជាតិនីកូទីន ហើយកាន់តែអ្នកជក់ វាកាន់តែឡើងពណ៌ខ្មៅជាប់នឹងធ្មេញរបស់អ្នក។
២. កុំផឹកភេសជ្ជៈមួយចំនួន
ភេសជ្ជៈមួយចំនួនដូចជា កាហ្វេ តែ ទឹកផ្លែឈើ និង ស្រាគឺអាចមានសារធាតុធ្វើឲ្យធ្មេញរបស់អ្នកឡើងពណ៌លឿងបើទោះបីជាអ្នកខំថែរក្សាធ្មេញរបស់អ្នកយ៉ាងណាក៏ដោយ។ បើសិនជាអ្នកមិនចង់ផ្ដាច់ភេសជ្ជៈសំណព្វរបស់អ្នកទេគឺ អាចសាកល្បងតាមវិធីអស់នេះ៖
- ផឹកតែម្ដងឬពីរដងអស់ ហាមអូសបន្លាយយូរ
- ផឹកទឹក ឬដុសធ្មេញបន្ទាប់ពីផឹកភេសជ្ជៈអស់ទាំងនោះរួច ដើម្បីកម្ចាត់បាក់តេរីនិងសារធាតុមាននៅក្នុងភេសជ្ជៈ
- ផឹកតាមទុយោ ដែលបញ្ចៀសមិនឲ្យមាត់អ្នកផឹកផ្ទាល់នឹងមាត់កែវភេសជ្ជៈ
៣. កុំញ៉ាំចំណីផ្អែមៗ
ចំណីដែលមានជាតិផ្អែមដូចជា ស្ករគ្រាប់ ឬសូកូឡាជាដើម ធ្វើឲ្យបាក់តេរីក្នុងមាត់របស់អ្នកកើនឡើង ដែលអាចប៉ះពាល់ដល់ធ្មេញរបស់អ្នក។ សូមញ៉ាំវាក្នុងបរិមាណមួយសមរម្យ មិនច្រើនពេកដើម្បីរក្សាសុខភាពមាត់ធ្មេញ។
៤. បូកបញ្ចូលអាហារទាំងនេះក្នុងរបបអាហាររបស់អ្នក
បើទោះជាគ្មានការពិសោធច្បាស់លាស់ តែគេជឿថា ផ្លែឈើដូចជាស្ត្របឺរី និងឪឡឹក គឺមានជាតិ Malic Acid ដោយជួយឲ្យធ្មេញស។ លើសពីនេះ ប៉ោម និង ផ្កាខាត់ណាជាដើមគឺជួយផលិតទឹកមាត់ ដែលអាចជួយលាងសម្អាតបាក់តេរីនិងកម្ទេចកម្ទីអាហារក្នុងមាត់របស់អ្នក។
៥. ដុសធ្មេញ និង ប្រើអំបោះទាក់ធ្មេញរាល់ថ្ងៃ
ការដុសធ្មេញមួយថ្ងៃបីដងជារឿងសំខាន់ណាស់ដើម្បីរក្សាសុខភាពមាត់ធ្មេញ ហើយបន្ទាប់ពីញ៉ាំអាហាររួច អ្នកគួរតែប្រើអំបោះទាក់ធ្មេញសម្អាតកំណកអាហារជាប់នឹងធ្មេញផងដែរ។
៦. ប្រើថ្នាំដុសធ្មេញជួយឲ្យធ្មេញស
បច្ចុប្បន្នមានផលិតផលធ្វើឲ្យធ្មេញសច្រើនណាស់ ដូច្នេះអ្នកអាចជ្រើសរើសដុសធ្មេញជាមួយថ្នាំដុសធ្មេញដែលជួយឲ្យធ្មេញស។
៧. ទៅលាងសម្អាតធ្មេញជាមួយគ្រូពេទ្យ
បើទោះបីជាអ្នកបានដុសធ្មេញរៀងរាល់ថ្ងៃក៏ដោយ ក៏គួរតែទៅសម្អាតធ្មេញជាមួយគ្រូពេទ្យជំនាញ ឲ្យបានទៀងទាត់ គឺជារៀងរាល់៦ខែម្ដង។
៨. ទៅប្រើសេវាកម្មធ្វើឲ្យធ្មេញសជាមួយគ្រូពេទ្យ
សេវាកម្មធ្វើឲ្យធ្មេញសក៏ពេញនិយមដែរ សម្រាប់មនុស្សសម័យថ្មី ដែលវាជាជម្រើសល្អបំផុតបើអ្នកចង់ឲ្យធ្មេញស៕
ប្រភព៖: longmontdentalloft
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]