យល់ដឹង៖ ការជក់បារីពិតជាផ្ដល់ផលអាក្រក់ជាច្រើន មកកាន់សុខភាពរាងកាយរបស់អ្នក ព្រោះបារីបានធ្វើឲ្យប៉ះពាល់ដល់សួតជាខ្លាំង និងបណ្ដាលឲ្យកើតជំងឺមហារីកផ្លូវដង្ហើមផងដែរ។ ពិតណាស់ គ្មានអ្នកណាចង់ញៀននឹងបារីទេ តែអ្នកខ្លះក៏មិនអាចផ្ដាច់បាន ដោយសារជក់មកច្រើនឆ្នាំទៅហើយ។
យ៉ាងណាមិញ បើសិនជាអ្នកមានការតាំងចិត្តខ្ពស់គឺអ្នកអាចផ្ដាច់បារីបានយ៉ាងជោគជ័យ។ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះៗជួយឲ្យអ្នកផ្ដាច់បារីបាន៖
១. ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ
មុននឹងឈានដល់ដំណាក់កាលផ្ដាច់បារីដោយខ្លួនឯង សូមទៅស្វែងរកការពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះគ្រូពេទ្យជំនាញអាចផ្ដល់ជាថ្នាំឬផលិតផលជំនួយផ្សេងៗសម្រាប់អ្នកចង់ផ្ដាច់បារី។
២. ចៀសវាងធ្វើឲ្យចំណង់រើឡើង
អ្នកត្រូវស្វែងយល់ទុកជាមុនថាហេតុអីបានជាបណ្ដាលឲ្យអ្នកជក់បារី? តើអ្នកជក់បារីច្រើនជាងគេនៅពេលណា? បើសិនជាអ្នករកឃើញថាខ្លួនឯងតែងជក់បារីពេលទៅដើរលេងចូលក្លិបជាដើម ឬពេលណាដែលតប់ប្រមល់ខ្លាំង សូមអ្នកផ្អាកដើរលេងយប់ និងកុំធ្វើអីឲ្យខ្លួនឯងតប់ប្រមល់ ដើម្បីបញ្ចៀសកុំឲ្យចំណង់នៃការជក់រើឡើង។
៣. ប្រើវិធីពន្យាពេល
អំឡុងពេលអ្នកផ្ដាច់បារី ពេលខ្លះអ្នកមុខជាមានអារម្មណ៍ថាអ្នកឃ្លានបារីខ្លាំងណាស់រហូតទ្រាំមិនបាន តែអ្នកត្រូវប្រាប់ខ្លួនឯងឲ្យចាំសិន ចាំស្អែក ឬខានស្អែក ហើយព្យាយាមរកអ្វីផ្សេងធ្វើដើម្បីទាញចិត្តខ្លួនឯងចេញពីចំណង់មួយនោះ។ វិធីសាស្ត្រពន្យាពេលដើម្បីបញ្ឆោតចិត្តនេះពិតជាមានប្រសិទ្ធិភាពជាងប្រាប់ខ្លួនឯងថាអ្នកនឹងមិនជក់។
៤. រកអីមកទំពារ
បុគ្គលខ្លះទម្លាប់ជក់បារីព្រោះអផ្សុកមាត់ ដូច្នេះអ្នកត្រូវរកអីមកទំពារជាប់ជានិច្ច អាចជាស្ករកៅស៊ូ ឬស្ករគ្រាប់នានា។ ៥. កុំ "ជក់តែមួយដើម"
អ្នកខ្លះគិតថាជក់តែមួយដើមនឹងឈប់ហើយ តែសូមអ្នកកុំប្រើវិធីសាស្ត្រនេះឲ្យសោះ ព្រោះអ្នកមិនអាចបញ្ឈប់ត្រឹមតែមួយដើមទេ។ បើជក់ដើមទី១ ត្រូវតែមានដើមទី២ ដើមទី៣តាមមក។
៦. ហាត់ប្រាណ
ការហាត់ប្រាណ ជួយឲ្យខួរក្បាលរបស់អ្នកស្រស់ស្រាយ មិនតប់ប្រមល់ ជាពិសេសគឺអាចជួយឲ្យអ្នកភ្លេចពីចំណង់ចង់ជក់បារីទៀតផង។ ជារៀងរាល់ថ្ងៃ ជំនួសឲ្យជក់បារី អ្នកត្រូវរត់ហាត់ប្រាណវិញនៅពេលអ្នកមានអារម្មណ៍ថាឃ្លានខ្លាំង។
៧. រកវិធីបន្ធូរអារម្មណ៍
ការផ្ដាច់បារី អាចធ្វើឲ្យអ្នកតប់ប្រមល់ខ្លាំងព្រោះមិនបានជក់ដូចចិត្តចង់ ហើយដើម្បីឲ្យសុខភាពផ្លូវចិត្តអ្នករឹងមាំអាចបន្តផ្ដាច់វាទៅមុខទៀត អ្នកត្រូវស្វែងរកវិធីផ្សេងដើម្បីបន្ធូរអារម្មណ៍ ដូចជា ដុតប្រេងក្រអូប ហាត់យូហ្កា សមាធិ ឬទៅម៉ាស្សាជាដើម។
៨. ស្វែងរកជំនួយពីមនុស្សជុំវិញខ្លួន
អំឡុងពេលអ្នកផ្ដាច់បារី គឺអ្នកត្រូវការកម្លាំងចិត្តនិងការគាំទ្រពីមនុស្សជុំវិញខ្លួនដូចជា គ្រួសារ មិត្តភក្តិ ខ្លាំងណាស់ ដូច្នេះសូមកុំកាត់ផ្ដាច់ខ្លួនឯងពីពួកគេនិងតែងតែសុំកម្លាំងចិត្តពីពួកគេជានិច្ច៕
ប្រភព៖: mayoclinic
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]