យល់ដឹង៖ ការសម្រកទម្ងន់ជារឿងមួយដែលនារីៗនិងបុរសៗខ្លះចង់បាន ដោយព្យាយាមកាត់បន្ថយការញ៉ាំ តមអាហារ ឬហាត់ប្រាណជាដើម។ ប៉ុន្តែក្រោយពីអ្នកសម្រកបានជោគជ័យហើយ បញ្ហាប្រឈមមួយក៏បានកើតឡើងគឺស្បែកអ្នកដែលធ្លាប់តែតឹងនៅពេលអ្នកឡើងគីឡូនោះ បែរជាស្រកដោយមានភាពយារធ្លាក់ ធ្វើឲ្យអ្នកបាត់បង់ទំនុកចិត្ត។
ដូច្នេះហើយខាងក្រោមនេះគឺជាវិធីសាស្ត្រខ្លះៗជួយឲ្យស្បែកអ្នកមិនយារធ្លាក់ក្រោយពេលសម្រកទម្ងន់៖
១. សម្រកទម្ងន់យឺតៗ
ការសម្រកទម្ងន់លឿនពេកធ្វើឲ្យរាងកាយអ្នកវិវត្តន៍យ៉ាងខ្លាំងក្លា ដែលប៉ះពាល់ដល់ស្បែក ទើបវាប្រែជាមានសភាពយារធ្លាក់បែបនេះ ដូច្នេះវិធីល្អបំផុតដើម្បីបង្ការគឺត្រូវសម្រកទម្ងន់តាមដំណាក់កាលនីមួយៗ មិនបង្ខំពេក ដែលអ្នកមិនត្រូវប្រើប្រាស់វិធីតមអាហារជាផ្នែកមួយនៃការសម្រកនោះឡើយ។ វិធីសម្រកល្អបំផុតគឺជ្រើសរើសញ៉ាំពពួកអាហារដែលមានជាតិប្រូតេអ៊ីនច្រើននិងកាត់បន្ថយអាហារថាមពល (Carbs) ។ មួយសប្តាហ៍អ្នកគួរតែសម្រកបានត្រឹម ០.៩០គីឡូ។
២. សម្រកទម្ងន់ដោយបង្កើនសាច់ដុំ
វិធីសម្រកមានច្រើនយ៉ាងណាស់ ហើយការសម្រកទម្ងន់ដោយហាត់ប្រាណបង្កើនសាច់ដុំ ដើម្បីមកជំនួសកន្លែងដែលស្បែកយារធ្លាក់ ហើយក៏អាចជួយអ្នកដុតកាឡូរីបានល្អផងដែរ។
៣. ញ៉ាំអាហារមានគ្រប់ជីវជាតិ
ដើម្បីឲ្យស្បែកអ្នកមានសុខភាពល្អ មិនងាយយារធ្លាក់ សូមទទួលទានអាហារដែលមានជីវជាតិគ្រប់គ្រាន់ ទាំងបន្លែ សាច់ និងផ្លែឈើ ដែលសម្បូរជាតិវីតាមីន A,C, E ផងដែរ។
៤. ឈប់ជក់បារី
ភាពបត់បែននៃស្បែករបស់អ្នកមិនសូវមានប្រសិទ្ធភាពនោះឡើយបើសិនជាអ្នកជក់បារី ព្រោះក្នុងបារីមានសារធាតុនីកូទីន ហើយវាក៏បានរារាំងការនាំយកជីវជាតិឲ្យជ្រាបចូលតាមស្បែករបស់អ្នកផងដែរ លទ្ធផលគឺធ្វើឲ្យមានស្នាមជ្រួញនិងភាពយារធ្លាក់នេះឯង។
៥. ផឹកទឹកឲ្យបានគ្រប់គ្រាន់
ទឹកជាវត្ថុរាជដ៏សំខាន់ ដែលមនុស្សម្នាក់ៗមិនអាចអត់បាននោះទេ ដូច្នេះសូមផឹកទឹកឲ្យបានគ្រប់គ្រាន់ (៣.៧លីត្រ សម្រាប់បុរស និង ២.៧លីត្រសម្រាប់នារី) ដែលអាចជួយឲ្យអ្នកមិនសូវឃ្លានបាន។
៦. ការពារស្បែករបស់អ្នក
កាន់តែអ្នកមានវ័យចំណាស់ ស្បែករបស់អ្នកកាន់តែបាត់បង់ភាពបត់បែន ដោយសារតបាត់បង់កម្រិតខូឡាជែន ដូច្នេះអ្នកត្រូវថែរក្សាស្បែករបស់អ្នកដោយកុំធ្វើឲ្យវាត្រូវកម្ដៅថ្ងៃច្រើនពេក និងហាត់ប្រាណជាប្រចាំ៕
ប្រភព៖: healthmatch
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]