យល់ដឹង៖ ជាទូទៅ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សទាំងអស់តែងតែប្រឈមនឹងអារម្មណ៍មួម៉ៅឬតប់ប្រមល់ ដែលគេហៅថាស្ត្រេសនោះឯង។ នៅពេលអ្នកតប់ប្រមល់ខ្លាំង អ្នកចេះតែនៅមិនសុខក្នុងខ្លួន ចង់យំបន្តិចអីបន្តិច និងចេះតែគិតច្រើនរហូតទៅជាឈឺក្បាល ហើយអ្នកខ្លះទៀតដល់ថ្នាក់បាត់បង់ចំណង់អាហារទៀតផង។

រូបភាពតំណាង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការស្ត្រេស មិនត្រឹមតែធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកទេ តែក៏ប៉ះពាល់ដល់សុខភាពផ្លូវកាយផងដែរ ដូចជាពិបាកដកដង្ហើម ស្បែកស្លេកស្លាំង ញ័រដៃជើង ឬក៏ឈឺក្បាលទៀតផង។ ដូច្នេះដើម្បីកាត់បន្ថយស្ត្រេស នេះជាសកម្មភាពទាំង១០ដែលអ្នកគួរធ្វើ៖

១. ចាកចេញពីបន្ទប់ភ្លាម

បើសិនជាសុខៗ អ្នកស្ត្រេសខ្លាំង សូមអ្នកសាកល្បងចាកចេញពីបន្ទប់ឬពីមជ្ឈដ្ឋានដែលធ្វើឲ្យអ្នកតប់ប្រមល់។ បើសិនកំពុងបំពេញការងារឬកំពុងរៀនសូត្រគឺអ្នកអាចទៅសំងំនៅក្នុងបន្ទប់ទឹកមួយសន្ទុះដើម្បីយកខ្លួនឯងចេញពីទីដ្ឋានដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្មុគស្មាញ។

២. រៀបចំផ្ទះសម្បែងឬរបស់របរ

អ្នកអាចជ្រើសរើសរៀបចំរបស់របរដែលនៅក្បែរខ្លួនអ្នក មិនថាតុអ្នកអង្គុយ គ្រែគេង ទូសៀវភៅ ទូសំលៀកបំពាក់... ល... ដើម្បីធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្លួនឯងសម្រេចជោគជ័យនូវកិច្ចការមួយ។

រូបភាពតំណាង

៣. ធ្វើលំហាត់ប្រាណលើការដកដង្ហើម

អ្នកអាចសាកល្បងដកដង្ហើមចូលនិងចេញជ្រៅ ឬអាចប្រើប្រាស់វិធីដកដង្ហើម ៤-៧-៨ គឺមុនដំបូងត្រូវ ស្រូបខ្យល់ដង្ហើមចូលចំនួន៤វិនាទី ហើយបិទវាផ្អឹបទុកចំនួន៧វិនាទី បន្ទាប់មកដកដង្ហើមចេញតាមមាត់រយៈពេល៨វិនាទី។

៤. សរសេរចេញមក

ការសរសេរក៏ជាវិធីកម្ចាត់ស្ត្រេសមួយដ៏មានប្រសិទ្ធភាពដែរដើម្បីឲ្យអ្នកអាចរៀបរាប់អ្វីដែលស្ទះណែននៅក្នុងចិត្តចេញមកឲ្យអស់។ សូមយកកំណត់ត្រាផ្ទាល់ខ្លួនឬក្រដាសទំនេរណាមួយហើយចាប់ផ្ដើមសរសេរអ្វីដែលរាំងស្ទះក្នុងចិត្តអ្នក។ ធ្វើបែបនេះក៏អាចឲ្យអ្នករៀបរៀងនិងវិភាគថាមូលហេតុអ្វីបានជាអ្នកស្ត្រេស និងចាប់ផ្ដើមរកដំណោះស្រាយផងដែរ។

រូបភាពតំណាង

៥. តាំងសមាធិ

ការតាំងសមាធិ គឺធ្វើឲ្យរាងកាយអ្នកមានភាពផាសុកភាពជាងមុន ដែលធ្វើឲ្យការដកដង្ហើមរបស់អ្នកយឺតៗមួយៗ និងជួយសម្រួលដល់សម្ពាធឈាម ព្រមទាំងចង្វាក់បេះដូងដែរ។

៦. មើលរឿងកំប្លែង ឬវីដេអូសំណើច

ការមើលរឿងកំប្លែង ឬវីដេអូសំណើចនានា ពិតជាអាចជួយឲ្យខួរក្បាលអ្នកឈប់គិតដល់រឿងដែលតប់ប្រមល់ ហើយការសើចវិញគឺជាថ្នាំទិព្វជួយព្យាបាលដល់ភាពតប់ប្រមល់បានទៀតផង!

៧. ហាត់ប្រាណ

ការហាត់ប្រាណបញ្ចេញញើស មិនត្រឹមតែជួយបញ្ចេញជាតិពុលចេញពីរាងកាយទេ គឺថែមទាំងអាចជួយឲ្យខួរក្បាលអ្នកស្រឡះ និងបាត់ស្ត្រេសផងដែរ។

៨. និយាយវាចេញមក

ជួនកាល ការលេបរឿងគ្រប់យ៉ាងទុកក្នុងចិត្តម្នាក់ឯង ធ្វើឲ្យអ្នកកាន់តែស្ត្រេស ដូច្នេះសូមស្វែងរកមិត្តដែលអ្នកអាចទុកចិត្តបាន ឬសមាជិកគ្រួសារ ហើយនិយាយរឿងដែលធ្វើឲ្យអ្នកតប់ប្រមល់ប្រាប់គេទាំងអស់។

រូបភាពតំណាង

៩. ដុតទៀនក្រអូប ឬបន្តក់ប្រេងក្រអូប

ក្លិនក្រអូបអាចជួយបំបាត់ភាពតប់ប្រមល់ និងជួយឲ្យអ្នកគេងលក់ស្រួលទៀតផង ដូច្នេះអ្នកគួររកទិញទៀនក្រអូបមកដុត ឬក៏បន្តក់ប្រេងក្រអូបផងដែរ ដើម្បីឲ្យរាងកាយនិងខួរក្បាលបានសម្រាក៕

ប្រភព៖: mhanational

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]