ខេត្ដកំពង់ចាម ៖ ក្មេងប្រុសជំទង់ម្នាក់ឈ្មោះ អិុន ពិសី អាយុ ១៥ឆ្នាំ រស់នៅក្នុងឃុំថ្មពូន ស្រុកព្រៃឈរ បានក្លាយជាអ្នកទោស ចាប់រំលោភក្មេងស្រី បន្ទាប់ពីមើលរឿងសិចតាមទូរស័ព្ទដៃ ហើយកើតអារម្មណ៍ផ្លូវភេទ ក៏ល្បួងក្មេងស្រីម្នាក់អាយុ ៦ឆ្នាំទៅរំលោភ ។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងព្រៃចម្ការដំឡូងមួយកន្លែង ស្ថិតនៅខាងកើតភូមិចម្ងាយ ប្រហែល៧៥០ម៉ែត្រ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៣ វិច្ឆិកា លុះព្រឹកឡើងថ្ងៃទី១៤ វិច្ឆិកា ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

លោកអនុសេនីយ៍ឯក សួន រស់ អធិការរងនគរបាលស្រុកព្រៃឈរ ឱ្យដឹងថា ក្មេងប្រុសជំទង់ជាប់ចោទឈ្មោះ អិុន ពិសី នេះក្រោយពីបានមើលរឿងសិច តាមទូរស័ព្ទដៃរបស់គេ ក៏មានអារម្មណ៍ចង់រួមភេទ ហើយបានល្បួងក្មេងស្រីឱ្យឡើងជិះកង់ឌុបចេញពីភូមិឆ្ ពោះទៅកន្លែងស្ងាត់ ដើម្បីចាប់រំលោភ ។ ចំណែកជីដូន ដោយបាត់ចៅស្រីយូរពេក ក៏បានដើរតាមរកនិងសួរគេឯង តែមិនមានអ្នកណាដឹងនិងឃើញទេ លុះក្រោយមកក៏ឃើញក្មេងប្រុសជំទង់នេះ ឌុបចៅស្រីរបស់គាត់ មកដល់ទាំងយំសស្រាក់ ។

លោក សួន រស់ ឱ្យដឹងទៀតថា ក្រោយពីដាក់ក្មេងស្រីចុះ ជនសង្ស័យឈ្មោះ អិុន ពិសី បានជិះកង់ចេញទៅវិញយ៉ាងប្រញាប់ ។ ឯជីដូនពេលឃើញចៅស្រី យំបែបនេះ ក៏បានសួរនាំ ហើយចៅស្រីប្រាប់ថា «នាងត្រូវបានឈ្មោះ អិុន ពិសី ចាប់រំលោភនៅក្នុងព្រៃចម្ការដំឡូង» ដែលឮដូច្នេះ ជីដូនក៏បានទៅប្ដឹងនគរបាល ប៉ុស្ដិ៍រដ្ឋបាលឃុំថ្មពូនឱ្យជួយអន្ដរាគមន៍ ។

នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ជីដូនក្មេងស្រី និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្ដដូចការ ចោទប្រកាន់នោះមែន ។ ក្មេងប្រុសជំទង់ជាប់ចោទឈ្មោះ អិុន ពិសី ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ដ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ដើម្បីចាត់វិធានការតាមច្បាប់ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]