ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន មានអ្នកជំងឺផ្តាសាយបក្សី ចំនួន០១ករណីទៀត កើតលើស្ត្រីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិ ត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។
តាមការសាកសួរបង្ហាញថា ប្រហែលមួយសប្តាហ៍មុន មានមាន់ងាប់ច្រើនជាបន្តបន្ទាប់ នៅផ្ទះ និងក្នុងភូមិ កើតហេតុ។ អ្នកជំងឺ បានចាប់ផ្ដើមឈឺ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់មកមានរោគសញ្ញាផ្លូវដង្ហើម រួមមានគ្រុនក្តៅ ពិបាក ដកដង្ហើម និងក្អកទើបបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ បច្ចុប្បន្នអ្នកជំងឺកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ដោយមានការថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អង្កេតស្រាវជ្រាវការ កើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ក្នុងការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បី ទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថ តាមឺហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ ជិតស្និទ្ធ និងធ្វើយុទ្ធនាការ អប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិ ដែល កើតហេតុខាងលើ ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែង ដល់សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬ ពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព សូមកុំទៅជួបជុំ ឬទីប្រជុំជន ដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាល នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុត បានទាន់ពេលវេលា ។
របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សី ទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សី លើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវា អាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ ។
វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន ៖ លាងដៃឲ្យ បានញឹក ញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅ ឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគ សត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]