(ភ្នំពេញ)៖ គិតត្រឹមរយៈពេល៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឯកឧត្តមបានបន្តថា ទីផ្សារអាស៊ាន មានកំណើន ២៤ភាគរយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨ភាគរយ ដោយឡែកទីផ្សារជប៉ុនក៏មានមានកំណើន ១៩,៩ភាគរយ។ សូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត ២៥,៧ភាគរយផងដែរ។
ឯកឧត្តម ស៊ុន មេសា បានបញ្ជាក់ថា៖«ក្នុងរយៈពេលបីខែតាមឆ្នាំ ២០២៥នេះ សេដ្ឋកិច្ចកម្ពុជាបានបន្តអនុវត្តយ៉ាងល្អដោយការនាំចេញផ្នែកផលិតផលធ្វើដំណើរវាយនភ័ណ្ឌវិស័យកាត់ដេររបស់យើង គឺកើនឡើងប្រមាណជាង 20ភាគរយ ដែលគិតជាទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ស្ថិតនៅក្នុងបរិបទដែលពិភពលោកកំពុងតែមានភាពស្មុគស្មាញ និងមិនច្បាស់លាស់លើទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ប៉ុន្ដែសេដ្ឋកិច្ចកម្ពុជាវិញបានល្អប៉ុណ្ណេះ គួរតែជាទីមោទនៈសម្រាប់ប្រទេសជាតិយើងទាំងអស់គ្នា»។
ចំណែកលោក សំ សឿន ប្រធានសហជីពពលកម្មជាតិកម្ពុជា (NLC)បានថ្លែងថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានបញ្ហាអ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ ហើយកំណើនការងារដែលកើតចេញពីវិស័យវាយនភ័ណ្ឌកាត់ដេរ ក៏មានការកើនឡើងជាបន្តបន្ទាប់តាមរយៈលំហូរវិនិយោគពីបរទេស ដោយសារនិយោជកបរទេសមានភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលរក្សាបាននូវសន្ដិភាពពេញលេញ។
លោកបញ្ជាក់ថា៖«ក្នុងនាមសហជីព ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបង្ហាញតួលេខកំណើននៃនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរជាក់លាក់បែបនេះ ព្រោះជាការបង្ហាញឱ្យឃើញថា វិស័យវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា មិនមានផលប៉ះពាល់អ្វីធំដុំគួរឱ្យកត់សម្គាល់នោះទេ»។
លោកបានគាំទ្រចំពោះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជុំវិញកំណើននៃការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជា ដោយសារនេះជាស្ថានភាពជាក់ស្ដែងដែលឆ្លុះបញ្ចាំងឱ្យឃើញពីសុខភាពសេដ្ឋកិច្ចល្អរបស់កម្ពុជា។
លោកបានអំពាវនាវឱ្យកម្មករនិយោជិតបន្តស្មារតីដើមបំពេញកិច្ចការងាររបស់ខ្លួនទៅមុខទៀត ដោយចៀសវាងការជឿតាមការញុះញង់ពីបុគ្គលមួយចំនួននៅក្រៅប្រទេស និងអង្គការចាត់តាំងក្រៅរដ្ឋាភិបាលមួយចំនួនដែលតែងតែសន្និដ្ឋានខុសពីការពិតដោយគ្មានភ័ស្ដុតាងជាក់លាក់៕
ប្រភព៖ ក្រសួងព័ត៌មាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]