ព្រះវិហារ ៖ ស្ដ្រីជនជាតិឡាវ ម្នាក់ដែល រកស៊ីជួញដូរនិង ចែកចាយគ្រឿង ញៀនដ៏ធំ ហើយឆ្លងដែន មកធ្វើសកម្មភាព នៅក្នុងទឹកដី ខេត្ដព្រះវិហារ ប្រទេសកម្ពុជានោះ ត្រូវបានចាប់ខ្លួនពី សំណាក់ កម្លាំង នគរបាល ការិយាល័យ ក៩ នៃមន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ ហើយដកហូតថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន មួយកញ្ចប់ធំ ទម្ងន់ប្រហែល ១ពាន់ក្រាម និងថ្នាំគ្រាប់ប្រភេទ យ៉ាម៉ា ជិត១ពាន់គ្រាប់ ។

ប្រធានការិយាល័យ ក៩ នៃមន្ទីរប្រឆាំង គ្រឿងញៀនក្រសួង មហាផ្ទៃ លោកវរសេនីយ៍ទោ យិន បញ្ញារិទ្ធ បានបញ្ជាក់ថា ប្រតិបត្ដិការចាប់ ខ្លួនស្ដ្រីជនជាតិឡាវ ពីបទជួញដូរ ថ្នាំញៀនខាងលើនេះ បានធ្វើឡើង កាលពី វេលាម៉ោង ៧និង៤៥នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ស្ដ្រីនៅភូមិកំពង់ ស្រឡៅ ឃុំ ស្រឡៅ១ ស្រុកឆែប ខេត្ដព្រះវិហារ ។

លោកយិន បញ្ញារិទ្ធ បានបញ្ជាក់ទៀតថា ស្ដ្រីមេជួញដូរថ្នាំ ញៀនរូបនេះ ឈ្មោះ កែវ មុនីវង្ស អាយុ១៨ឆ្នាំ ជាជនជាតិឡាវ រស់នៅភូមិប៉ ឃុំណងង៉ា ស្រុកមឿងមុន ខេត្ដចំប៉ាសាក់ ប្រទេសឡាវ ។

នាយការិយាល័យរូបនេះ បានថ្លែងឱ្យដឹង ទៀតថា “ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថ កិច្ចរបស់យើង បានដកហូតថ្នាំ ញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក) មួយកញ្ចប់ធំ ប្រហែល១ពាន់ក្រាម និងគ្រាប់យ៉ាម៉ា ៩៩៧ គ្រាប់ ” ។

លោកយិន បញ្ញារិទ្ធ បានបន្ដទៀតថា ក្រោយពីទទួលបាន ព័ត៌មានសម្ងាត់ ស្ដីពីសកម្ម ភាពចែកចាយ ថ្នាំញៀនរបស់ ជនសង្ស័យឆ្លង មកដល់ទឹកដី ខេត្ដព្រះវិហារ មកនោះ កម្លាំងសមត្ថកិច្ច របស់លោក ដោយមានការដឹកនាំ បញ្ជាផ្ទាល់តាមផ្លូវច្បាប់ ពីសំណាក់ ព្រះរាជអាជ្ញា លី លន់ ធ្វើការស្រាវ ជ្រាវតាមជំនាញ របស់ខ្លួន ហើយឈានទៅដល់ ការឃាត់ខ្លួន ស្ដ្រីរូបនេះតែម្ដង ។

ក្រោយការឃាត់ខ្លួន មុខសញ្ញាជួញដូរ ថ្នាំញៀនដ៏ធំមួយនេះ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់ក្រសួង មហាផ្ទៃ ដើម្បីធ្វើការសួរ នាំនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]