រាជធានី​ភ្នំពេញ ៖ ប្រជា​ការពារ​សង្កាត់​ទឹកថ្លា​ម្នាក់​រង​របួស​បែក​មុខ​ឈាម​ស្រោច​ខ្លួន​ដោយសារ​ត្រូវ​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​ម្នាក់​វាយ​ព្រោះតែ​ខឹង​និង​ទំនាស់​សំដី​គ្នា​ឡើង​រឿង​លេខ​សម្គាល់​(ID)​វិទ្យុទាក់ទង​វែង និង​ខ្លី ។ ហេតុការណ៍​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​ម៉ោង​២២​និង​១០​នាទី ស្ថិត​ក្នុងភូមិ​បូ​រី​កម្មករ (​ត្រពាំង​ឈូក​) សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ប្រជា​ការពារ​សង្កាត់​ទឹកថ្លា​រង​ដែល​របួស​បែកក្បាល​មានឈ្មោះ ហៃ ច​ន្ធី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​សេ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​​សុខ ។ ចំណែក​ជន​បង្ក​ឈ្មោះ ប៉ិន វិបុល រហ្សនាម សែន​សុខ​៥១ ជា​សណ្តាប់ធ្នាប់​សាលា​ខណ្ឌ​សែន​សុខ​បច្ចុប្បន្ន ស្នាក់​នៅ​ក្នុង​សាលា​ខណ្ឌ​សែន​សុខ ។

ប្រភព​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​កំពុង​អង្គុយ​លេង​ជាមួយ​កម្លាំង​សមត្ថកិច្ច​នៅ ចំណុច​ក្នុង​ទីបញ្ជាការ (​ស្នាក់​ការ​បណ្តោះអាសន្ន​) បន្តិច​ក្រោយមក​ក៏​លេចមុខ​ជន​ដៃដល់​មក​ដល់ ហើយ​ប្រកែក​គ្នា​រឿង​លេខ​សម្គាល់​(ID)​វិទ្យុទាក់ទង​វែង និង​ខ្លី​បញ្ជា​ទៅ​កូនចៅ តែ​និយាយ​មិន​ត្រូវ​គ្នា​ក៏​ទំនាស់​ជា​សំដី​ទៅ​វិញ​ទៅ​មក ពេល​នោះ​ជន​ដៃដល់​បាន​​​ហៅ​ជន​រង​គ្រោះ​ចេញ​មក​ផ្លូវ​ខាង​មុខ​ទីស្នាក់ការ និង​បាន​ដាល់​ចំ​មុខ​២​ដៃ បណ្តាល​ឱ្យ​បែក​មាត់ ច្រមុះ និង​ភ្នែក​ហូរ​ឈាម​ពេញ​មុខតែ​ម្តង ។ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ដើម្បី​ឱ្យ​សមត្ថកិច្ច ជួយ​អន្តរាគមន៍ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែករំលឹកព័ត៌មានមួយផ្សេងទៀត៖ អាក្រក់ម្ល៉េះ! ស្រ្តីម្នាក់ត្រូវប្តីនិងឪពុកក្មេក ព្រួតដៃគ្នាយកដែកដង្កៀបក្តៅ មកដុតលើស្បែក ដោយចោទថានាងមានសាហាយ

ឥណ្ឌា៖ ស្រ្តីជាម្តាយកូនមួយវ័យ ២២ឆ្នាំម្នាក់ ត្រូវបានរងរបួសដោយស្នាមរលាកលើដងខ្លួន និងផ្ទៃមុខយ៉ាងដំណំ បន្ទាប់ពីត្រូវបានស្វាមី និងឪពុកក្មេករបស់នាង ព្រួតដៃគ្នាយកដែកដង្កៀបក្តៅ ទៅដុតលើនាង ដោយសារតែមូលហេតុមួយ ដែលមិននឹកស្មានដល់។ នេះបើយោងតាមប្រភព ដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន ដេលីម៉ែល បានចុះផ្សាយ។

នារីរងគ្រោះឈ្មោះ Jhamku ជាអ្នកស្រុករស់នៅក្នុងទីក្រុង Udaipur រដ្ឋ Rajasthan ភាគខាងជើងប្រទេសឥណ្ឌា ត្រូវបានស្វាមីឈ្មោះ Bhagga Gameti និងឪពុកក្មេករបស់នាងឈ្មោះ Lehri Lal ប្រើធម៌ក្តៅលើរូបនាង ដោយសារតែប្រតិកម្មខឹង ចោទប្រកាន់ថានារីរងគ្រោះ កំពុងតែលួចលាក់មានសាហាយថ្មី ខណៈដែរប្តីនិងឪពុកក្មេក បានតាមទាន់ចំពេលដែលនាង កំពុងនិយាយទូរស័ព្ទ ជាមួយនឹងជនច្រឡំលេខមិនស្គាល់មុខម្នាក់។ 

បើតាមប្រភសារព័ត៌មាន បានឲ្យដឹងថា ដំបូងឡើយ នារីរងគ្រោះត្រូវបានប្តីនិងឪពុកក្មេក វាយតប់នាងយ៉ាងធ្ងន់ដៃដោយប្រើព្រនង់ មុនពេលដែលពួកគេយកដែកដង្កៀបក្តៅ មកដុតលើជើង មុខ ទ្រូង និងដុតទៅលើប្រដាប់ភេទរបស់នាងថែមទាំងផង។

ជាហេតុធ្វើឲ្យនារីរងគ្រោះទ្រាំទ្រមិនបាន ហើយបានស្រែកយំដោយក្តីឈឺចាប់ អង្វរសុំលើកលែងទោស តែផ្ទុយទៅវិញប្តីរបស់នាងហើយនឹងឪពុកក្មេក នៅតែមិនបញ្ឈប់ការធ្វើទារុណកម្មលើរូបនាងឡើយ។ ជាហេតុធ្វើឲ្យផ្អើលអស់អ្នកភូមិ នាំគ្នាមកចោមរោមមើល នៅបរិវេណខាងក្រៅផ្ទះរបស់នាងតែម្តង។

នារីរងគ្រោះ នាង Jhamku បានរៀបរាប់ប្រាប់ ខាងអ្នកយកព័ត៌មានឲ្យដឹងថា «ពួកគាត់ (ប្តីនិងឪពុកក្មេក) បានយកដែកក្តៅមកដុតនៅលើខ្លួនប្រាណខ្ញុំ រួមទាំងប្រដាប់ភេទ រួចហើយពួកគាត់ទាំងពីរក៏បាននាំគ្នា រត់ចេញពីផ្ទះ នៅពេលដែលអ្នកស្រុកជាច្រើនឈូឆររត់មកមើល ពេលដែលពួកគេបានលឺសម្រែកខ្ញុំ ស្រែកយំហៅរកជំនួយ» ។

ក្រោយកើតហេតុ បុរសជាប្តីត្រូវបានចាប់ខ្លួន ខណៈឯបុរសជាឪពុកក្មេក របស់នាងរងគ្រោះវិញ កំពុងតែរត់គេចខ្លួន។ ដោយឡែកនារីរងគ្រោះ ក៏បានគេបញ្ជូនឲ្យទៅស្នាក់នៅផ្ទះ ឪពុកម្តាយរបស់នាងវិញ ដើម្បីសម្រាកព្យាបាលជំងឺនៅទីនោះផងដែរ។

លោក Om Kumar ជាមន្រ្តីប៉ូលិសម្នាក់ ជួយអន្តរាគមន៍លើរឿងក្តីនេះ បានមានប្រសាសន៍ឲ្យដឹងថា «ពួកយើងបានចាប់ខ្លួន បុរសជាប្តីរបស់នារីរងគ្រោះបានហើយ ហើយក៏នឹងបន្តធ្វើការចោទប្រកាន់បន្តទៀត ប្រសិនបើរកឃើញថាប្តីរបស់នាង បានប្រព្រឹត្តនូវទោសកំហុសផ្សេងទៀតផងដែរ» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]