កើតជាមនុស្សអ្នកណាដែលថាមិនចេះខឹង មិនចេះមួរម៉ៅ និងឆេវឆាវនោះ អាស្រ័យហេតុផលមួយចំនួន ដែលធ្វើឱ្យ៉ះពាល់ដល់អារម្មណ៍ និងផ្លូវចិត្តរបស់យើង។ តែការដែលមានអារម្មណ៍ចេះតែចម្លែកក្នុងខ្លួន ឃើញអ្វីក៏ទើសមុខទើសមាត់ ចេះតែឆាប់ខឹងផ្តេសផ្តាសនោះវាទើបជាបញ្ហា។ តាមការស្រាវជ្រាវបានរកឃើញថា អតុល្យភាពអរម៉ូននៅក្នុងរាងកាយ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថា ឆាប់ខឹង ចេះតែមួរម៉ៅ និងឆេវឆាវជាដើម។
ដូច្នេះ មកតាមដានរោគសញ្ញានៃការខឹងបណ្តាលមកពីសុខភាពអរម៉ូនរាងកាយទាំងអស់គ្នាថាមានអ្វីខ្លះដូចខាងក្រោម៖

១.មានបញ្ហាគេងមិនលក់
អារម្មណ៍ដែលឧស្សាហ៍ខឹងផ្តេសផ្តាស មួរម៉ៅ និងឆេវឆាវ អាចបណ្តាលមកពីអតុល្យភាពនៃអរម៉ូន Progesterone ដែលធ្វើឱ្យអ្នកមានបញ្ហាគេងមិនលក់ ឬគេងមិនបានស្កប់ស្កល់ល្អជាដើម។ អរម៉ូនមួយនេះថែមទាំងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ផ្លូវចិត្ត បង្កើនអរម៉ូនស្ត្រេស និងធ្វើឱ្យខួរក្បាលរបស់អ្នកចុះខ្សោយផងដែរ ប្រសិនជាអ្នកនៅតែបន្តឱ្យអាការនេះនៅតែបន្តកើតមានឡើង។

២. ធុញថប់ក្នុងអារម្មណ៍
អាការធុញថប់ ចេះតែបារម្ភ និងស្ត្រេសក្នុងអារម្មណ៍ក៏ជាមូលហេតុចម្បងដែលធ្វើឱ្យអ្នកមានអារម្មណ៍មួរម៉ៅ និងឆាប់ខឹងផងដែរ ដោយសារតែកម្រិតអរម៉ូនផ្លូវភេទរបស់ស្ត្រីដែលមានឈ្មោះថា Estrogen ចុះខ្សោយ។
អរម៉ូន Estrogen មួយនេះត្រូវបានគេដឹងថាជាអ្នកផលិតអរម៉ូន Beta-Endorphine និង Serotonin ដែលមានប្រយោជន៍ណាស់សម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក។ ដូច្នេះកង្វះអរម៉ូន Estrogen នឹងធ្វើឱ្យអារម្មណ៍របស់អ្នកឆាប់ខឹង ឆេវឆាវ និងមួរម៉ៅជាមិនខាន។

៣. ចំណង់ផ្លូវភេទធ្លាក់ចុះ
នៅពេលដែលកម្រិតអរម៉ូនចំណង់ផ្លូវភេទរបស់បុរសឈ្មោះថា Testosterone ធ្លាក់ចុះ វាអាចបណ្តាលឱ្យអរម៉ូនស្ត្រេស Corisol កើនឡើងខ្ពស់ជាងពេលធម្មតា។ អរម៉ូនស្ត្រេសនេះ នឹងធ្វើឱ្យអ្នកឆាប់ខឹង មានអារម្មណ៍ចេះតែតានតឹង មួរម៉ៅ មិនសប្បាយចិត្ត មានជំងឺថប់អារម្មណ៍ ថែមទាំងអន្ទះអន្ទែងក្នុងខ្លួនផងដែរ។ នៅក្នុងនោះផងដែរ ការដែលមិនបានរួមភេទរយៈពេលយូរ និងការរួមភេទតិចពេកវាក៏អាចធ្វើឱ្យអរម៉ូន Testosterone ធ្លាក់ចុះបានដូចគ្នា។

៤.បញ្ហាផ្លូវចិត្ត/ធ្លាក់ទឹកចិត្ត
បញ្ហាផ្លូវចិត្ត ក៏អាចធ្វើឱ្យអ្នកមានបញ្ហាថប់អារម្មណ៍ ស្ត្រេស ខឹង មួរម៉ៅ និងឆេវឆាវបានផងដែរ មូលហេតុមួយនេះ កើតមានឡើងដោយសារតែការផលិតអរម៉ូនទីរ៉ូអ៊ីតធ្លាក់ចុះបង្កឱ្យមានបញ្ហាHypothyroidism។ តែកុំបារម្ភ បញ្ហា Hypothyroidism នេះអាចធ្វើការព្យាបាលបានផងដែរ ប្រសិនជាអ្នកបានដឹងទាន់ពេលវេលា។

៥. ឡើងទម្ងន់
បញ្ហាឡើងទម្ងន់ បណ្តាលមកពីការទទួលទានអាហារច្រើនពេក ឬអាហារដែលមិនល្អជាការរួមចំណែកមួយ តែអរម៉ូនស្ត្រេសនៅក្នុងរាងកាយក៏ជាចំណែកមួយដ៏ធំផងដែរ។ ការកើនឡើងនូវអរម៉ូនស្ត្រេស ដែលគេឱ្យឈ្មោះវាថា Cortisol នឹងធ្វើឱ្យអារម្មណ៍របស់អ្នកមួរម៉ៅ ឆេវឆាវឆាប់ខឹង ថែមទាំងបំលែងជាតិស្ករក្នុងរាងកាយជាខ្លាញ់ធាត់បានផងដែរ។ ជាលទ្ធផលអ្នកនឹងឡើងទម្ងន់ដោយមិនដឹងខ្លួនជាមិនខាន។
បន្ថែមពីនេះ ការទទួលទានជាតិកាហ្វេអ៊ីន អាហារដែលពោរពេញទៅដោយជាតិខ្លាញ់ ស្ករ និងអាហាកែច្នៃដទៃទៀតច្រើនពេក ក៏អាចធ្វើឱ្យអរម៉ូនស្ត្រេសរបស់អ្នកកើនឡើងខ្ពស់ដូចគ្នា។

# វិធីព្យាបាលអាការមួរម៉ៅឆេវឆាវ ដោយសារតែសុខភាពអរម៉ូនក្នុងរាងកាយ
បើទោះជាអារម្មណ៍ដែលឆាប់ខឹង មួរម៉ៅ និងឆេវឆាវ ពិបាកនឹងធ្វើការគ្រប់គ្រងដោយសារតែវាបណ្តាលមកពីអរម៉ូនៅផ្នែកខាងក្នុងរាងកាយក៏ដោយ ក៏វាមិនមែនជាបញ្ហាពិបាកដោះស្រាយប៉ុន្មានដែរ ប្រសិនជាអ្នកព្យាបាលអនុវត្តតាមគន្លឹះ និងការណែនាំដូចខាងក្រោម៖
១. ផ្លាស់ប្តូររបបអាហារ
ជំនួសឱ្យការទទួលទានអាហារដែលមានជាតិខ្លាញ់ និងស្ករមិនល្អ អ្នកគួរតែទទួលទានអាហារដែលមានជាតិអាស៊ីតខ្លាញ់ល្អៗ (Fatty Acids) ដូចជាត្រីសមុទ្រ ខ្លាញ់ត្រី ផ្លែប័រ និងអាហារដទៃទៀតដែលអាចជួយធ្វើឱ្យកម្រិតអរម៉ូនរាងកាយរបស់អ្នកមានតុល្យភាពល្អ។ អាហារដែលមានជាតិខ្លាញ់ល្អ (Fatty Acids) ថែមទាំងអាចជួយប្រឆាំងនឹងការលាករាងកាយ និងជួយបំលែងជាតិស្ករបានល្អផងដែរ។

២. ប្រើឱសថបុរាណធម្មជាតិ
រុក្ខជាតិ និងពពួកបន្លែផ្លែឈើមួយចំនួនត្រូវបានគេដឹងថា អាចជួយបំបាត់អរម៉ូនស្ត្រេស និងធ្វើឱ្យមុខងារនៃប្រព័ន្ធភាពស៊ាំដំណើរការល្អ។ អ្នកឯកទេសបានណែនាំឱ្យអ្នកដែលមានបញ្ហាទាំងនេះ គួរតែទទួលទានប៉េងប៉ោះស្រោម (Ashwagandha) និងម្រេះព្រៅជាប្រចាំដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត។

៣.ដោះស្រាយបញ្ហាផ្លូវអារម្មណ៍ដោយខ្លួនឯង
អារម្មណ៍ខឹង មួរម៉ៅ និងឆេវឆាវដោយសារតែអតុល្យភាពអរម៉ូន អាចធ្វើឱ្យអ្នកកើតស្ត្រេស ព្រមទាំងបញ្ហាផ្លូវចិត្ត ដែលអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរដល់អាយុជីវិត។ប៉ុន្តែ អ្នកក៏អាចធ្វើការព្យាបាលបញ្ហាផ្លូវចិត្តដោយខ្លួនឯងបានដែរ ដោយប្រើវិធីងាយៗគឺការផ្លាស់ប្តូររបៀបរស់នៅប្រចាំថ្ងៃ។ អ្នកអាចធ្វើលំហាត់ប្រាណ ហាត់យូហ្គា ធ្វើសម្មាធិ និងការដើរលំហែអារម្មណ៍ធ្វើចិត្តឱ្យរីករាយ ក៏អាចជួយអ្នកបានផងដែរ។

៤. ប្រើប្រាស់ប្រេងធម្មជាតិ
អ្នកអាចផ្លាស់ប្តូរមកប្រើប្រាស់ទាំងក្នុងការទទួលទាន ឬការប្រើប្រាស់ប្រចាំថ្ងៃជាប្រេងធម្មជាតិដែលចាំបាច់សម្រាប់សុខភាព ដូចជា ប្រេងដូង និងប័រ Shea ជាដើម។ ពពួកប្រេងធម្មជាតិនេះ អាចជួយធ្វើឱ្យកម្រិតអរម៉ូនរាងកាយរបស់អ្នកប្រសើរឡើង ថែមទាំងជំនួយដល់សុខភាពផ្លូវចិត្តបានដូចគ្នា។

៥. ប្រើឱសថបំប៉នជំនួយ
ដើម្បីជួយធ្វើឱ្យអរម៉ូនរាងកាយមានតុល្យភាពល្អ ជំនួយដល់សុខភាពផ្លូចិត្ត អ្នកអាចធ្វើការប្រើប្រាស់ថ្នាំបំប៉នសុខភាព ជាអាហារសុខភាពក៏បាន និងប្រើប្រាស់ថ្នាំវីតាមីនចម្រុះជំនួយសុខភាពក៏បាន។ តែកុំភ្លេចពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន មុននឹងសម្រេចចិត្តប្រើប្រាស់ប្រភេទថ្នាំបំប៉នណាមួយ។

៦.ពិនិត្យថ្នាំពេទ្យដែលកំពុងតែប្រើប្រាស់
ប្រភេទថ្នាំមួយចំនួនអាចធ្វើឱ្យប៉ះពាល់ដល់អរម៉ូននៅក្នុងរាងកាយរបស់អ្នក ហើយធ្វើឱ្យចំណង់ទទួលទានអាហាររបស់អ្នកផ្លាស់ប្តូរ មានបញ្ហាការគេង អស់កម្លាំង ល្អិតល្ហៃ មានបញ្ហាចំណង់ផ្លូវភេទ និងអាចធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ តប់ប្រមល់ ព្រមទាំងមានបញ្ហាផ្លូវចិត្តផងដែរ។ ប្រសិនជាអ្នកសង្កេតឃើញថា រាងកាយ និងផ្លូវចិត្តរបស់អ្នកមានបញ្ហាផ្លាស់ប្តូរខុសពីធម្មតានៅពេលប្រើប្រាស់ថ្នាំអ្វីមួយនោះ អ្នកគួរតែបញ្ឈប់ការប្រើប្រាស់ថ្នាំនោះមួយរយៈសិន និងធ្វើការពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញបន្ថែមទើបជាការប្រសើរ។

៧. គេងឱ្យបានគ្រប់គ្រាន់
ការគេងឱ្យបានគ្រប់គ្រាន់ ជារឿងសំខាន់ណាស់សម្រាប់សុខភាពរាងកាយរបស់មនុស្សទាំងមូល។ ហើយការគេងឱ្យបានត្រឹមត្រូវជំនួយដល់សុខភាពរាងកាយ និងធ្វើឱ្យមានតុល្យភាពអរម៉ូនជំនួយដល់សុខភាពផ្លូវចិត្ត គឺការគេងឱ្យបាន ៧ ទៅ៨ម៉ោងក្នុងមួយយប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]