រូបរាងកាយរបស់មនុស្សម្នាក់ៗគឺមានលក្ខណៈខុសៗគ្នា ដែលវាជាធម្មជាតិរបស់មនុស្សពីកំណើតរៀងៗខ្លួន។ ម្យ៉ាងវិញទៀតមនុស្សគ្រប់រូបគឺមានលក្ខណៈសម្បត្តិក៏ដូចជារូបរាងស្រស់ស្អាតមួយបែបម្នាក់ ទៅតាមរបៀបនៃការរៀបចំខ្លួនរបស់ពួកគេ។
ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនបន្ទោស ឬមិនពេញចិត្តនូវរូបសម្រស់របស់ខ្លួនដូចជារូបរាងមិនស្អាត ស្លៀកសំលៀកបំពាក់អ្វីក៏មិនស្អាត និងមានមុខមាត់មិនស្អាតជាដើម។
ហេតុនេះ ប្រសិនបើអ្នកកំពុងតែគិតបែបនេះ ចូរស្វែងយល់ពីតិចនិចខ្លះៗក្នុងការកែប្រែរូបសម្រស់របស់អ្នកឲ្យស្អាតាមដែលអ្នកចង់បាន។
១/ ជាដំបូងអ្នកត្រូវមានអនាម័យល្អ
ជាការពិតការមានអនាម័យគឺជារឿងសំខាន់មិនថាអ្នកមានរូបរាងស្អាតបែបណានោះទេ បើសិនជាខ្លួនប្រាណរបស់អ្នកមានក្លិនមិនល្អ មិនចេះសម្អាតមាត់ធ្មេញ និងខ្វះអនាម័យទូទៅហើយនោះគឺមានន័យថាអ្នកបានបាត់បង់សម្រស់ស្ទើរតែអស់ទៅហើយ។ ហេតុដូច្នេះមិនថាសម្រស់របស់អ្នកមិនស្អាត ឬស្អាតនោះទេ អ្វីដែលសំខាន់គឺត្រូវចេះអនាម័យរាងកាយក៏ដូចជាចៀសវាងកុំឲ្យមានក្លិនអាក្រក់។

២/ ថែរក្សាសក់កុំឲ្យខូច និងកាត់ម៉ូតសក់ឲ្យសាកសមនឹងទម្រង់មុខ
អ្នកត្រូវជ្រើសរើសម៉ូតសក់ណាដែលសាកសមទៅនឹងទម្រង់មុខរបស់អ្នក និងជាពិសេសត្រូវថែរក្សាសក់ឲ្យរលោងស្អាត ព្រោះវាជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនភាពស្រស់ស្អាតរបស់អ្នក។
៣/ លាងសម្អាតផ្ទៃមុខ និងធ្វើឲ្យមុខមានសំណើម
អ្នកគួរតែលាងសម្អាតមុខរបស់អ្នកឲ្យបានស្អាត និងប្រើក្រែមផ្តល់សំណើមតាមដែលអ្នកអាចប្រើប្រាស់ជារៀងរាល់ថ្ងៃបាន ដើម្បីធ្វើឲ្យមុខរបស់អ្នកមើលទៅមានសំណើមស្អាតបែបធម្មជាតិ។

៤/ ថែរក្សាក្រចកឲ្យបានស្អាត
ជាមួយនឹងបញ្ហានេះ អ្នកត្រូវសម្អាតក្រចកឲ្យបានស្អាត មានអនាម័យ និងថែរក្សាក្រចកឲ្យរឹងមាំល្អ។
៥/ ព្យាយាមធ្វើការតុបតែងមុខបន្តិចបន្តួច
អ្នកត្រូវចេះថែរក្សាមុខចៀសវាងពីការកើតមុន និងធ្វើការតុបតែងមុខតិចតួច ដើម្បីឲ្យមើលទៅមុខរលោងស្អាត។ ម្យ៉ាងវិញទៀតអ្នកគួរតែបន្ថែមក្រែមលាបបបូរមាត់តាមដែលអ្នកចូលចិត្ត និងធ្វើយ៉ាងណាឲ្យបបូរមាត់មានភាពរលោង ឬមានពណ៌ស៊ីជម្ពូរដែលអាចឲ្យអ្នកមើលទៅស្អាតគួរឲ្យស្រលាញ់។

៦/ អ្នកគួរតែញញឹមឲ្យបានច្រើន
ការញញឹមគឺជាភាពស្រស់ស្អាតមួយដែលអ្នកអាចធ្វើបានដោយងាយ មិនថាបុរស ឬស្រ្តីនោះទេ។ ហេតុនេះអ្នកគួរតែប្រើប្រាស់ស្នាមញញឹមរបស់អ្នក និងធ្វើជាមនុស្សល្អម្នាក់ ដើម្បីទាញយកភាពស្រស់ស្អាតរបស់អ្នកដោយមិនចាំបាច់តែមានមុខមាត់ស្អាតនោះទេ។
៧/ ទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើការហាត់ប្រាណ
អ្នកគួរតែថែរក្សារូបរាងរបស់អ្នកមិនឲ្យធាត់ពេក ឬស្គមពេក ព្រោះវាជារឿងសំខាន់ដែលធ្វើឲ្យអ្នកមើលទៅមានរូបរាងមិនស្អាត។ ហេតុនេះអ្នកអាចធ្វើការហាត់ប្រាណដូចជាជិះកង់ ហែលទឹក និងទទួលទានអាហារដែលមានសុខភាពល្អ។

៨/ ការជ្រើសរើសសំលៀកបំពាក់
ដើម្បីបង្កើនភាពស្រស់ស្អាតនោះ អ្នកត្រូវជ្រើសរើសសំលៀកបំពាក់ណាមួយដែលសាកសម និងមានពណ៌មើលទៅអ្នកគិតថាវាល្អសម្រាប់អ្នក មានពាក់ក្រវិល និងស្លៀកសំពត់ (មានបន្ថែមជាមួយស្រោមជើងស្តើងវែងល្មម) ជំនួសឲ្យការស្លៀកខោខូវប៊យ។ ម្យ៉ាងវិញទៀតអ្នកត្រូវឈរ ឬអង្គុយឲ្យត្រង់ខ្លួន ព្រោះបើកាលណាខ្នងរបស់អ្នកកោង នោះវាបានធ្វើឲ្យរូបរាងរបស់អ្នកមើលទៅមិនស្អាតនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]