ទាំងអំពិលទុំ និងអំពិលផ្អែម សុទ្ធតែត្រូវបានគេនិយមដូចៗគ្នាក្នុងការយកមកទទួលទានទាំងស្រស់ៗ និងសម្រាប់ជាគ្រឿងផ្សំក្នុងមុខម្ហូប។

ដោយឡែក អំពិលជូរត្រូវបានគេប្រើប្រាស់ភាគច្រើនជាគ្រឿងសម្រាប់បន្ថែមរសជាតិក្នុងម្ហូបអាហារ និងសម្លនានាបានយ៉ាងឆ្ងាញ់ពិសា ។ ជាពិសេសថែមទាំងត្រូវបានគេស្រាវជ្រាវរកឃើញថា អាចមានសមត្ថភាពជួយដល់ផ្នែកថែទាំរូបសម្រស់ខាងក្រៅបានផងដែរ ដោយសារតែវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម Flavanoids វីតាមីន A វីតាមីន C ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី បន្ថយការរលាកស្បែក ធ្វើឱ្យស្បែកទន់ ស ភ្លឺ រលោង ម៉ដ្ឋខៃ បំបាត់ស្នាមជ្រួញ និងព្យាបាលស្នាមអុចខ្មៅៗបានយ៉ាងប្រសើរ។

កុំឱ្យរង់ចាំយូរ មកតាមដានការថែទាំរូបសម្រស់ផ្ទៃមុខ និងដងខ្លួនដោយប្រើអំពិលជូរទុំជាគ្រឿងផ្សំចម្បងដូចខាងក្រោម៖

អំពិលទុំអាចជួយឱ្យស្អាត ពីក្បាល ដល់ចុងជើង

# របៀបធ្វើទឹកអំពិលទុំជួយដល់ស្បែកផ្ទៃមុខ និងដងខ្លួន

ការប្រើអំពិលទុំសុទ្ធៗឆៅៗអាចធ្វើឱ្យស្បែកមុខប្រតិកម្ម រមាស់ និងរលាកបានដោយសារជាតិជូររបស់វា ដូច្នេះរាល់ការអនុវត្តតាមវិធីខាងក្រោម អ្នកត្រូវប្រើទឹកអំពិលដែលដាំលាយជាមួយទឹកឱ្យពុះតាមដំណាក់កាលទាំងនេះជាមុនសិន៖

- យកសាច់អំពិលជូរទុំ ៣០ក្រាម កូរដាំឱ្យពុះជាមួយនឹងទឹកចំនួន ១០០មីលីលីត្រ រយៈពេល ២ ទៅ៣នាទី ចាំទុកវាឱ្យត្រជាក់សិនចាំយកទឹកអំពិលទុំមកប្រើការសម្រាប់រូបមន្តដូចខាងក្រោមនេះ។

យកអំពិលទុំ៣០ក្រាម ដាំជាមួយទឹក១០០មីលីលីត្រ

១. អំពិលទុំជួយឱ្យមុខភ្លឺរលោង

វិធីមួយនេះជាព្យាបាលអាការរលាកស្បែកបាន  ថែមទាំងជួយធ្វើឱ្យមុខ ​ភ្លឺ ​ទន់ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាតផងដែរ។

- យកល្បាយទឹកអំពិលទុំដែលដាំពុះទុកឱ្យត្រជាក់ហើយនោះ ចំនួន១កូនស្លាបព្រា លាយឱ្យសព្វជាមួយនឹងម្សៅរមៀត កន្លះកូនស្លាបព្រា (ម្សៅរមៀតសុទ្ធអាចទិញនៅផ្សារ ឬក៏អាចចិតរមៀតស្រស់ៗហាលឱ្យស្ងួតចាំបុក ឬកិនជាម្សៅមកប្រើការក៏បាន)

- លាងសម្អាតផ្ទៃមុខឱ្យស្អាត រួចយកល្បាយដែលលាយរួចខាងលើ មកលាបលើផ្ទៃមុខឱ្យសព្វ ទុកចោលរយៈពេល ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

អំពិលទុំជួយឱ្យមុខភ្លឺរលោង

២. អំពិលទុំជួយឱ្យមុខស បាត់មុន និងស្នាម

រូបមន្តមួយនេះមិនត្រឹមតែធ្វើឱ្យផ្ទៃមុខ ស ទន់ ភ្លឺ ម៉ដ្ឋរលោងនោះទេថែមទាំងអាចកម្ចាត់បញ្ហាមុខមុន ស្នាម និងចំណុចខ្មៅៗលើផ្ទៃមុខបានផងដែរ។

- យកល្បាយទឹកអំពិលទុំ ១កូនស្លាបព្រា លាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១កូនស្លាបព្រា (Lemon ក្រូចឆ្មារសម្បកលឿងអាចរកទិញនៅផ្សារទំនើប តែបើគ្មានប្រើក្រូចឆ្មារធម្មតាក៏បាន) និងទឹកឃ្មុំ ១កូនស្លាបព្រា រួចកូរចូលគ្នាឱ្យសព្វ

- លុបលាងសម្អាតមុខឱ្យស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

អំពិលទុំជួយឱ្យមុខស បាត់មុន និងស្នាម

៣. ស្ក្រាប់អំពិលទុំសម្អាតមុខ (Scrub)

ជាតិអាស៊ីតពីធម្មជាតិដែលមាននៅក្នុងអំពិលជូរទុំមួយនេះ មានលទ្ធភាពអាចជួយកម្ចាត់កោសិកាស្បែកដែលងាប់ៗចាស់ៗចោល និងសារធាតុកខ្វក់ផ្សេងៗ ហើយផ្តល់មកវិញនូវផ្ទៃមុខទន់ ស ភ្លឺ ម៉ដ្ឋ រលោង និងមានសភាពស្រស់ស្អាតឡើងវិញ។

- យកល្បាយទឹកអំបិលទុំ ១ស្លាបព្រា លាយជាមួយនឹងអំបិលសមុទ្រ ឬអំបិលធម្មជាតិ ១ស្លាបព្រា (អំបិលក្រួស) កូរចូលគ្នាឱ្យសព្វរួចលាបម៉ាស្សាលើផ្ទៃមុខថ្នមៗឱ្យសព្វតែម្តង សឹមលាងមុខចេញជាការស្រេច។ វិធីនេះជួយកម្ចាត់ជាតិខ្លាញ់លើផ្ទៃមុខបានល្អ។

ចំណាំ៖ វិធីម្យ៉ាងទៀត អ្នកអាចបន្ថែមក្រែមទឹកដោះគោ ឬគ្រីម (Curd/Cream) ១ស្លាបព្រាកូរចូលក្នុងល្បាយខាងនេះទៀតក៏បានដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ។ ប្រសិនជាអ្នកមានស្បែកមុខខ្លាញ់ច្រើនប្រើក្រែមទឹកដោះគោ (Curd រកបាននៅផ្សារទំនើប) តែប្រសិនជាអ្នកមានស្បែកមុខធម្មតា ឬស្ងួតអ្នកអាចប្រើគ្រីម (Cream រកបាននៅផ្សារទំនើប)។

ស្ក្រាប់អំពិលទុំសម្អាតមុខ (Scrub)

៤.អំពិលទុំឱ្យមុខភ្លឺស្អាត

រូបមន្តអំពិលទុំមួយនេះ អាចផ្តល់ឱ្យផ្ទៃមុខរបស់អ្នកមានកាន់តែសភាព ស ទន់ ភ្លឺ រលោង និងគួរឱ្យចង់ស្ទាបអង្អែលទ្វេដង ដោយគ្រាន់តែអនុវត្តជាប្រចាំ ២ដងក្នុងមួយអាទិត្យប៉ុណ្ណោះ។

- យកល្បាយទឹកអំបិលទុំ ១កូនស្លាបព្រា លាយជាមួយនឹងម្សៅហ្គ្រាម ១កូនស្លាបព្រា(ម្សៅហ្ក្រាម ឬ Gram Flour រកបានដោយងាយនៅផ្សារទំនើប) រួចលាយជាមួយនឹងទឹកឃ្មុំ ១កូនស្លាបព្រាបន្ថែមទៀត កូរបញ្ចូលគ្នាឱ្យសព្វ

- លាងមុខឱ្យស្អាត ហើយយកល្បាយនេះមកលាបថ្នមៗលើផ្ទៃមុខ និងក.ឱ្យសព្វ បន្ទាប់មកទុកចោលរយៈពេល ២០នាទី

- ជាចុងក្រោយចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗបណ្តើរ ធ្វើការម៉ាស្សាថ្នមៗបណ្តើរជាការស្រេច។

អំពិលទុំឱ្យមុខភ្លឺស្អាត

៥. អំពិលទុំសម្រាប់ស្បែកដងខ្លួន និងផ្ទៃមុខ

វិធីធ្វើស្ក្រាប់ពីអំពិលទុំមួយមុខនេះអាចប្រើបានទាំងផ្ទៃមុខ និងដងខ្លួន ដោយអាចជួយកម្ចាត់ជាតិប្រេងលើផ្ទៃមុខ បំបាត់រន្ធញើសដែលរីកធំ ប្រឆាំងមេរោគបាក់តេរី ជាពិសេសធ្វើឱ្យស្បែកស ស្អាតទន់ ភ្លឺ ម៉ដ្ឋរលោងស្រស់ស្អាត។

- យកល្បាយទឹកអំពិលទុំ ១ស្លាបព្រា លាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង ១ស្លាបព្រា (Lemon ក្រូចឆ្មារសម្បកលឿងអាចរកទិញនៅផ្សារទំនើប តែបើគ្មានប្រើក្រូចឆ្មារធម្មតាក៏បាន)

- បន្ទាប់មកលាយជាមួយនឹងម្សៅមេនំប៉័ង ឬម្សៅសូដា កន្លះស្លាបព្រា ( Baking Soda ទិញបាននៅផ្សារទំនើប) និងស្ករ.ស. ឬស្ករក្រហមក៏បាន ចំនួន ១ស្លាបព្រាបន្ថែមទៀត សឹមកូរចូលគ្នាឱ្យសព្វ

- សម្អាតផ្ទៃមុខ និងខ្លួនប្រាណរបស់អ្នកឱ្យស្អាតជាមុនសិន សឹមយកមកលាបលើផ្ទៃមុខក៏បាន ស្បែកដងខ្លួនកន្លែងណាក៏បានដែរ (ចៀសវាងលាបត្រូវភ្នែក កន្លែងដែលមានរបួស និងកន្លែងដែលទើបតែកោរ ឬរោមរួច ព្រោះវាអាចធ្វើឱ្យរលាក ក្រហម រមាស់ និងប្រតិកម្មស្បែក)

- ទុកចោលល្បាយនេះរយៈពេល ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

អំពិលទុំសម្រាប់ស្បែកដងខ្លួន និងផ្ទៃមុខ

៦.ទឹកអំពិលជូតសម្អាតផ្ទៃមុខ

រូបមន្តទឹកជូតសម្អាតពីអំពិលទុំមួយមុខនេះ អាចជួយធ្វើឱ្យផ្ទៃមុខមានសំណើម ប្រឆាំងនឹងភាពចាស់ និងស្នាមជ្រីវជ្រួញបានយ៉ាងល្អ។ ជាពិសេសអាចធ្វើឱ្យស្បែកមុខរបស់អ្នកទន់ រលោង ម៉ដ្ឋខៃ និងមានសភាពស្រស់ស្អាតចែងចាំងតែម្តង។

- ជាដំបូង យកកញ្ចប់តែ (តែបៃតងក៏បាន តែខ្មៅក៏បាន) ឆុងជាមួយនឹងទឹកក្តៅឱ្យចេញជាតិ

- បន្ទាប់មកយកទឹកតែចំនួន ២ស្លាបព្រា លាយជាមួយនឹងល្បាយទឹកអំពិលទុំ ២ស្លាបព្រា កូរចូលគ្នាឱ្យសព្វ

- លុបលាងផ្ទៃមុខឱ្យបានស្អាតជាមុនសិន សឹមយកដុំសម្លី ជ្រលក់ល្បាយខាងលើនេះ មកជូតសម្អាតលើផ្ទៃមុខឱ្យសព្វ រហូតដល់វាជ្រាបចូលទៅក្នុងផ្ទៃមុខអស់ ចាំលាងចេញជាការស្រេច៕  

ទឹកអំពិលជូតសម្អាតផ្ទៃមុខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]