ព្រហ្មវិហារធម៌ទាំង៤ របស់ព្រះពុទ្ធ ដែលរួមមាន មេត្តា ករុណា មុទិតា និងឧបេក្ខា គឺជាធម៌ដ៏ប្រសើរ ធម៌ដ៏បរិសុទ្ធ ដែលបានអប់រំចិត្តមនុស្សឱ្យមានក្តីសុខ ព្រមទាំងអប់រំការប្រព្រឹត្តិរបស់មនុស្សឱ្យដើរមកផ្លូវកណ្តាល ជាផ្លូវត្រឹមត្រូវប្រកបដោយការមេត្តា និងការបង្ហាញក្តីស្រលាញ់ចំពោះគ្រប់មនុស្ស និងសព្វសត្វទាំងពួង។
អ្នកដែលត្រងត្រាប់ស្តាប់ និងគោរពទៅតាមព្រហ្មវិហារធម៌ទាំង៤ រមែងជាមនុស្សដែលមានការគោរព ស្រលាញ់ រាប់អាន និងមានក្តីមេត្តាប្រកបដោយភាពស្មោះស្ម័គ្រ ចំពោះមនុស្សទូទៅដោយមិនរើសអើង ថែមទាំងធ្វើឱ្យជីវិតកាន់តែមានភាពល្អប្រសើរឡើងទៀតផង។
នៅក្នុងនោះដែរ ព្រហ្មវិហារធម៌ មិនមែនសម្រាប់តែបុគ្គលណាម្នាក់នោះទេ តែអាចយកមកអនុវត្តអប់រំទូន្មានជាទូទៅសម្រាប់មនុស្សគ្រប់រូប មិនថាតែប្រជាពលរដ្ឋធម្មតា មាតាបិតា កូនចៅ មេដឹកនាំប្រទេស ស្តេចគ្រប់គ្រងផែនដី និងសូម្បីសេចក្តីស្នេហាផងដែរ។
ដូច្នេះដែរ ថ្ងៃនេះយើងនឹងលើកយកទស្សនៈព្រហ្មវិហារធម៌ទាំង៤ ដែលមានន័យសំដៅចំពោះសេចក្តីស្នេហាយកមកធ្វើការបកស្រាយ ៖
១.មេត្តា
មេត្តា តាមន័យព្រះពុទ្ធសាសនាបានន័យថា ជាសេចក្តីល្អ សេចក្តីស្រលាញ់ ការរាប់អាន និងចង់ឱ្យអ្នកដទៃបានសុខ។
ហើយបើបកមកគិតពីសេចក្តីស្នេហាវិញ បានន័យថានៅពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកត្រូវតែធ្វើយ៉ាងណាឱ្យម្នាក់នោះសប្បាយចិត្ត ហើយអ្នកក៏ត្រូវតែសប្បាយចិត្តដូចគ្នា ដោយការយល់ពីគ្នា ដឹងពីសេចក្តីត្រូវការ ការចង់បាន ភាពភ័យខ្លាច ឬបញ្ហារបស់ម្នាក់ៗឱ្យបានច្បាស់។ ដូច្នេះហើយ មេត្តានៅក្នុងសេចក្តីស្នេហា គឺបានន័យថា គឺការយល់ ការស្តាប់យោបល់គ្នា ដឹងពីក្តីស្រមៃ ការប្រាថ្នា និងភាពទុក្ខលំបាកគ្នាទៅវិញទៅមក។
២.ករុណា
ករុណា ន័យក្នុងព្រះពុទ្ធសាសនាបានន័យថា សេចក្តីសណ្តោស អាណិតអាសូរ ការជ្រោមជ្រែង និងការជួយសម្រាលទុក្ខលំបាក ឬក្តីឈឺចាប់របស់អ្នកណាម្នាក់។
បើនិយាយពីសេចក្តីស្នេហាហាក់មិនខុសគ្នាប៉ុន្មានឡើយ។ ធម្មតាការស្រលាញ់គ្នា គឺត្រូវតែមានភាពយោគយល់ អត់ឱនឱ្យគ្នា និងមានការអាណិតអាសូរគ្នាឱ្យបានច្រើន ជាពិសេសគឺការយល់ដឹងពីទុក្ខលំបាក និងជួយដោះស្រាយបញ្ហាឱ្យគ្នាទៅវិញទៅមក។ ដូច្នេះប្រសិនជាមនុស្សដែលអ្នកស្រលាញ់កំពុងតែពិបាកចិត្ត ឬមានទុក្ខលំបាកអ្នកត្រូវតែសួរនាំ ជួយទាំងកម្លាំងចិត្តគាំទ្រ និងជួយជាកម្លាំងកាយដោះស្រាយមិនថាតែការផ្តល់យោបល់ ឬហុចដៃរំលែកទុក្ខនោះឡើយ។
៣. មុទិតា
មុទិតា គឺជាសេចក្តីអំណរ ការអបអរសាទរ និងការសម្តែងក្តីសប្បាយរីករាយអស់ពីចិត្តពីថ្លើមចំពោះមនុស្សដែលនៅជុំវិញ។
សម្រាប់សេចក្តីស្នេហាវិញ នៅពេលដែលអ្នកនៅជាមួយមនុស្សជាទីស្រលាញ់ហើយអ្នកសប្បាយចិត្ត និងមានសេចក្តីសុខពិតចេញពីបេះដូងនោះ បានន័យថានេះជាស្នេហាពិត ហើយចំណងស្នេហានេះពិតជាគង់វង្សរីកចម្រើនទៅមុខទៀតជាមិនខាន។
ដូច្នេះហើយអ្នកត្រូវតែចេះរកវិធី និងធ្វើយ៉ាងណារកភាពរីករាយសម្រាប់ខ្លួនឯងផង និងចែករំលែកសម្រាប់មនុស្សជាទីស្រលាញ់ផង និយាយរួមគឺត្រូវស្វែងរកសេចក្តីសុខរួមគ្នា ដើម្បីទទួលបានពេលវេលាដែលមានសេចក្តីសុខ និងសុភមង្គលក្នុងជីវិតស្នេហារបស់អ្នក។
៤.ឧបេក្ខា
ឧបេក្ខា មានន័យថាការតាំងចិត្តជាកណ្តាល មិនលំអៀង ការមិនគេចវេះ មានចិត្តស្មោះត្រង់មិនវៀចវេរ និងការផ្តល់សេរីភាព។
ចំពោះសេចក្តីស្នេហា បានន័យថាអ្នកត្រូវតែផ្តល់សេរីភាពឱ្យគ្នាទៅវិញទៅមក មានការទុកចិត្តគ្នាដោយមិនប្រកាន់ខឹង ការប្រចណ្ឌ ឬហួងហែងជ្រុលហួសហេតុពេក។ ដូចដែលអ្នកបានដឹងហើយថាអ្នកណាៗក៏សុទ្ធតែមានពេលវេលាផ្ទាល់ខ្លួនដែរ ដូច្នេះអ្នកត្រូវចេះចែករំលែកពេលវេលាឱ្យបានល្អ មានពេលសម្រាប់ខ្លួនឯងផង និងសម្រាប់គូស្នេហ៍ផងដើម្បីឱ្យមានភាពស្មើភាពគ្នា។ ជាពិសេសនៅពេលដែលអ្នកចេះយល់ពីគ្នា ទុកចិត្តគ្នានោះ អ្នកអាចនឹងចែកចំលែករឿងរ៉ាវជាមួយគ្នាជាច្រើនដោយមិនមានការព្រួយបារម្ភអ្វីឡើយ ហើយក៏ចេះទទួលស្គាល់ពីភាពពិត និងចរិតពិតរៀងខ្លួនដែរដោយមិនបាច់លាក់បាំងអ្វីនោះទេ៕
ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]