យល់ដឹង៖ ដំរី គឺជាថនិកសត្វ រស់នៅជាហ្វូងមានភាពវៃឆ្លាត ហើយវាមានមាឌធំជាងគេ ក្នុងចំណោមសត្វលើគោកដទៃទៀត។ នៅក្នុងធម្មជាតិ សត្វដំរីដើរតួនាទីដូចជាវិស្វករនៃប្រព័ន្ធ អេកូឡូស៊ី ដោយមានមាឌធំសម្បើម ពេលវាធ្វើដំណើរ វាត្រួសត្រាយផ្លូវក្នុងព្រៃសម្រាប់សត្វតូចៗដទៃទៀត។

ប៉ុន្តែលើសពីនេះទៅទៀត ដំរីក៏មានអារម្មណ៍ស្រដៀងមនុស្សផងដែរ។ ពួកវាអាចសោកសៅ កើតទុក្ខ ឬរីករាយ ដូចជាមនុស្សយើង។ តាមរយៈការស្រាវជ្រាវបង្ហាញថា សត្វដំរីមិនត្រឹមតែមានអារម្មណ៍ទេ តែពួកវាក៏អាចមាន វិបត្តិផ្លូវចិត្ត ដូចជាមនុស្ស ផងដែរ។
តាមរយៈការស្រាវជ្រាវបង្ហាញថា ដំរីដែលធ្លាប់ឆ្លងកាត់ភាពតក់ស្លុត ដូចជាការបានឃើញការស្លាប់របស់សមាជិកគ្រួសាររបស់ខ្លួន ឬដូចជាការដែលត្រូវបានគេចាប់ឃុំឃាំងជាដើម ដែលតថភាពមួយចំនួននេះគឺបង្ហាញអំពីសញ្ញានៃបញ្ហាផ្លូវចិត្តរបស់ដំរី។ ដែលសញ្ញាទាំងនោះរួមមាន៖

· ការឆេវឆាវខ្លាំងខុសពីធម្មតា៖ ឆាប់ឆេវឆាវ ចំពោះមនុស្ស ឬសត្វដទៃទៀត។
· ជំងឺបាក់ទឹកចិត្ត៖ ចាប់ផ្ដើមដកខ្លួនចេញពីហ្វូងដំរីដទៃទៀត និងលែងចាប់អារម្មណ៍នឹងសកម្មភាពផ្សេងៗ។
· ជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD)៖ មានរោគសញ្ញាស្រដៀងទៅនឹងជំងឺ PTSD ដែលកើតលើមនុស្សផងដែរ ដែលរួមមានការភ័យខ្លាចខ្លាំងពេលមានសំឡេង ឬហេតុការណ៍ដែលកើតឡើងភ្លាមៗ និងការព្យាយាមគេចវេះពីស្ថានភាពដែលបង្កឲ្យមានការភ័យខ្លាច។

ជាឧទាហរណ៍ ការសិក្សាមួយលើដំរីដែលត្រូវបានគេចាប់ឃុំឃាំង ហើយគេបានរកឃើញថា ដំរីទាំងនោះ មានប្រវត្តិធ្លាប់ឆ្លងកាត់ភាពតក់ស្លុត ដោយកំឡុងពេលឃុំឃាំងវាបានបង្ហាញអាកប្ប-កិរិយាមិនប្រក្រតី ដែលបញ្ជាក់ពីវត្តមាននៃរោគសញ្ញាស្រដៀងនឹងជំងឺ PTSD។
បន្ថែមពីនេះអ្នកជំនាញក៏បានសង្កត់ធ្ងន់ផងដែរទៅលើសារៈសំខាន់នៃការយល់ដឹង និងការដោះស្រាយទៅតាមតម្រូវការផ្នែកផ្លូវចិត្តរបស់ដំរី។ ហើយអ្នកជំនាញក៏បានផ្ដល់នូវអនុសាសន៍ផងដែរដែលរួមមាន៖
· ការកែលម្អលក្ខខណ្ឌរស់នៅរបស់ដំរី៖ ដែលមានន័យថាយើងត្រូវផ្ដល់បរិស្ថានដែលស្រដៀងទៅនឹងជម្រកធម្មជាតិដើម្បីកាត់បន្ថយស្ត្រេសរបស់ដំរី។
· ការចូលរួមក្នុងចំណោមហ្វូងដំរី៖ យើងត្រូវធានាថាដំរីមានឱកាសក្នុងការចូលរួមក៏ដូចជាលេង ជាមួយដំរីដទៃទៀត។
· សកម្មភាពកម្សាន្ត៖ មានន័យថាបង្កើតសកម្មភាពកម្សាន្តផ្សេងៗដែលជួយជំរុញសុខភាពផ្លូវចិត្តនិងកាយសម្បទារបស់ដំរី។

លើសពីនេះអ្នកអភិរក្សនិងអង្គការសុខុមាលភាពសត្វក៏បានលើកកម្ពស់វិធានការខាងលើនេះផងដែរដើម្បីបង្កើនសុខុមាលភាពរបស់ដំរីដែលត្រូវបានគេចាប់ឃុំឃាំង។
សរុបមកសត្វដំរី គឺជាសត្វដ៏ឆ្លាតវៃ និងមានអារម្មណ៍ ដូចមនុស្សទូទៅដែរ។ ការស្រាវជ្រាវបានបង្ហាញថា ពួកវាអាចទទួលវិបត្តិផ្លូវចិត្ត បន្ទាប់ពីជួបបទពិសោធន៍អាក្រក់ ឬបាត់បង់មិត្តភក្តិ និងក្រុមគ្រួសាររបស់វា។ ដូចនេះ ការយកចិត្តទុកដាក់លើសុខភាពផ្លូវចិត្តរបស់ពួកវា គឺពិតជាសំខាន់មិន អាចខ្វះបានក្នុងហេតុផលថែរក្សា និងការពារសត្វដំរី។

ការការពា និងថែរក្សាដំរីដោយផ្តោតទាំងសុខភាពរាងកាយ និងផ្លូវចិត្ត នឹងអាចធ្វើឲ្យពួកវា មានជីវិតប្រក្រតី និងអាចចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីបានយូរអង្វែង។ ជាចុងក្រោយការយល់ដឹងអំពីអារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់ដំរី គឺជារឿងដ៏សំខាន់សម្រាប់ការថែរក្សាការពា និងធានាថាពួកវាអាចរស់នៅបានកាន់តែល្អប្រសើរ និងមានអាយុវែង។
ប្រភព៖ Bangor University Study on Elephant Trauma
អត្ថបទដោយ៖ Khorn Navattra
កែសម្រួល៖ Min
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]