ប្រភពព័តមានបរទេស ចុះផ្សាយ កាលពីព្រឹកម៉ិញនេះ បានឲ្យដឹងថា ក្រុមបះបោរ ដែលជាសកម្មប្រយុទ្ធ នៅក្នុងតំបន់មានជម្លោះ របស់អ៊ុយក្រែន បានធ្វើការបង្ហោះសារ នៅលើបណ្តាញផ្សព្វផ្សាយ របស់ខ្លួនថា ពួកគេ បានបាញ់ទម្លាក់យន្តហោះ កងទ័ពអ៊ុយក្រែន មួយគ្រឿងបានសំរេច ប៉ុន្តែ ពួកគេ បានលុបចោលសារនោះវិញ ភ្លាមៗផងដែរ នៅពេលបានដឹងការពិតថា តាមពិតនោះ ជាយន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ទៅវិញ។
បណ្តាញផ្សព្វផ្សាយសង្គម របស់ក្រុមឧទ្ទាម បះបោរអ៊ុយក្រែន បានប្រញាប់ប្រញាល់ លុបចោល ការបង្ហោះផ្សាយអំពីព័ត៌មាន បាញ់ធ្លាក់យន្តហោះនេះវិញ ដោយពួកគេ បានយល់ច្រឡំថាជា យន្តហោះរបស់ទ័ពអ៊ុយក្រែន។ តាមការបញ្ជាក់ ពីប្រភពដដែល បានឲ្យដឹងថា មនុស្ស ២៩៨នាក់ នៅលើយន្តហោះ MH17 របស់ម៉ាឡេស៊ី ត្រូវបានសម្លាប់ ខណៈពេល ព្យាយាមធ្វើដំណើរ ហោះកាត់តំបន់កំពុងតែមានជម្លោះ។
ក្នុងនោះដែរ បណ្តាញព័ត៌មាន នៅអ៊ុយក្រែន បានផ្សាយខ្សែអាត់សម្លេងមួយ បង្ហាញឲ្យដឹងថា ក្រុមឧទ្ទាមបះបោរអ៊ុយក្រែន និង ភ្នាក់ងាររបស់រុស្ស៊ី បានធ្វើការទំនាក់ទំនង និង ពិភាក្សាគ្នា អំពីការបាញ់ធ្លាក់ យន្តហោះនេះ ផងដែរ។ ចំនែកខ្សែអាត់សម្លេងមួយទៀត បានបង្ហាញ ឲ្យដឹងដែរថា សមាជិកសកម្មប្រយុទ្ធម្នាក់ បានរាយការណ៍ពីកន្លែងកើតហេតុថា ច្បាស់ហើយថា ១០០ភាគរយ នេះជា យន្តហោះដឹកអ្នកដំណើរ។ ហើយក៏មានការ សួរបកទៅវិញដែរថា តើមានអ្នកដំណើរ ច្រើនដែរទេ នៅក្នុងយន្តហោះ ត្រូវបាន បាញ់ធ្លាក់នោះ។
គួរបញ្ជាក់ឡើងវិញដែរថា ទោះបីជា ការបង្ហោះផ្សាយ របស់ក្រុមបះបោរ ត្រូវបានលុបចោលវិញ ក៏ពិតមែន ប៉ុន្តេរូបភាព ត្រូវបាន ថតជាប់រួចទៅហើយ ដែលមិនអាចប្រកែកបាន ហើយត្រូវបានចែកចាយ ជាភាសាអង់គ្លេស នៅលើបណ្តាញសារព័ត៌មាន។
ប្រភពដដែល បានបន្តឲ្យដឹងថា ប្រធានាធិបតី អ៊ុយក្រែន លោក Petro Poroshenko បានហៅឧបទ្ទវហេតុនេះថា ជាអំពើភេវរកម្ម ហើយលោក ពិតជាមិនអាចប្រកែកបានឡើយ ថានេះជាស្នាដៃ របស់ពួកក្រុមបះបោរ។ យ៉ាងណាមិញ លោក ពូទីន អតីតប្រធានាធិបតី រុស្ស៊ី បាននិយាយថា រឿងនេះ វានឹងមិនអាចកើតមានឡើងឡើយ បើសិនជា លោក Petro មិនបានរំលោភបំពាន លើកិច្ចព្រមព្រៀង ឈប់បាញ់នោះ និងបានបញ្ជាឲ្យមាន សកម្មភាពយោធាផ្សេងៗ ឡើងវិញ នៅក្នុងតំបន់មានជម្លោះ។
ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រី Oleksandr Borodai របស់ក្រុមឧទ្ទាម នៅទីក្រុង Donetsk បានប្រាប់ដល់ សារព័ត៌មានរុស្ស៊ីថា សកម្មប្រយុទ្ធនៃក្រុមបះបោរ របស់លោក គ្មានសមត្ថភាព មានសព្វាវុធ បាញ់ទម្លាក់យន្តហោះ Boeing នោះទេ។ គាត់បានបន្តឲ្យដឹងថា តាមបច្ចេកទេស គឺមិនអាចទៅរួចឡើយ សំរាប់ការវាយប្រហារលើអាកាស របៀបនេះ។ ចំណែកខាងរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីវិញ បានលើកឡើងវិញថា កងទ័ពរបស់ប្រទេសអ៊ុយក្រែន អាចនឹងជាអ្នក ដែលបាន បើកការបាញ់ប្រហារ ដោយប្រើ ម៉ីស៊ីលការពារអាកាស ប្រភេទ Buk នេះ៕
ចុចអានបន្ត៖
ហេតុអ្វី យន្តហោះ MH17 ក្បាលរឹង នៅតែហោះចូល តំបន់មាន សង្គ្រាម? (មានវីដេអូ)
តើអាវុធប្រភេទអ្វី ដែលបាញ់ទម្លាក់យន្តហោះ MH17 ក្នុងរយៈកម្ពស់ ដល់ទៅជាង 10,000 ម៉ែត្រ? ចុះមេខ្លោង?
ប្រភព៖ ChannelNewsAsia
ដោយ សី
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]