ភ្នំពេញ៖ កីឡាការិនី ស៊ន ដាវីន ដែលត្រូវជាបងស្រីបង្កើត របស់ម្ចាស់មេដាយមាស កីឡាអាស៊ី ស៊ន សៀវម៉ី បានផ្ញើលិខិតលាឈប់ពី ក្រុមជម្រើសជាតិកម្ពុជា ហើយពេលនេះ ដោយមូលហេតុនឿហត់ និងគ្មានពេល គ្រប់គ្រាន់ ដើម្បីធ្វើការហ្វឹកហាត់ ។

លិខិតមួយច្បាប់ដែល ស៊ន ដាវីន បានសរសេរកាលពីថ្ងៃទី០១ ខែសីហា កន្លងទៅ ហើយបានផ្ញើទៅ ខេមរៈ សហព័ន្ធកី ឡាតេក្វាន់ដូ ដើម្បីសុំលាឈប់ពីក្រុមជម្រើសជាតិ ស្របពេល អតីតម្ចាស់មេដាយប្រាក់កីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ារូបនេះ ពុំទទួលបានលទ្ធផលល្អជាប់ៗគ្នា សម្រាប់ការប្រកួត លើកឆាក អន្ដរជាតិ មួយរយៈពេលចុងក្រោយ ជាក់ស្ដែងក្នុងការប្រកួតកីឡា សាកលវិទ្យាល័យពិភពលោក នៅប្រទេស កូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ក៏ពុំទទួលបានផ្លែផ្កាអ្វីដែរ ។

ក្រោយទទួលបានលិខិតដ៏គួរឲ្យសោកស្ដាយមួយនេះ ថ្នាក់ដឹកនាំខេមរៈសហព័ន្ធតេក្វាន់ដូ បានសរសេរលិខិត មួយជូន ដំណឹងទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរាយការណ៍ អំពីការដាក់ពាក្យលាឈប់របស់កីឡាការិនី ស៊ន ដាវីន ប៉ុន្ដែ ខណៈពេលនេះ នៅមិនទាន់មានការសម្រេច អនុញ្ញាតឲ្យភរិយារបស់កីឡាករប្រដាល់ វ៉ន វីវ៉ា នេះឈប់ ឬក៏យ៉ាងណា នោះទេ ។

កីឡការិនី ស៊ន ដាវីន ត្រូវបានគេស្គាល់ថា ជាអត្តពលិកកម្ពុជា ដែលមានកម្ពស់ខ្ពស់ជាងគេដាច់ និងលេងប្រភេទ កីឡា តេក្វាន់ដូទម្ងន់ធ្ងន់ក្រោម ៧៣គីឡូក្រាមទាំងពី២នាក់ប្អូនស្រី ស៊ន សៀវម៉ី ក្របខណ្ឌ WTF ។

សូមរំឮកថា នៅក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅ គិតចាប់ពីឆ្នាំ២០០៦ កន្លងមក ស៊ន ដាវីន បានដណ្ដើមយក មេដាយ លើឆាកអន្ដរជាតិជាច្រើន ជូនប្រទេសជាតិខ្លួន រួមមានឆ្នាំ២០០៧ និងឆ្នាំ២០០៨ នាងទទួលបាន មេដាយមាស១ និងមេ ដាយប្រាក់១ ពីការប្រកួតជើងឯក KOREAN OPEN នៅទីក្រុងសេអ៊ូល ។

ក្រោយមកនាងបានទទួលមេដាយសំរឹទ្ធ១ ក្នុងការប្រកួតកីឡា Asean Championships Vietnam នៅឆ្នាំ២០០៩ ហើយបន្ដដណ្ដើមបានមេដាយមាស ១គ្រឿងទៀត ពីការប្រកួតជើងឯកអាស៊ាន នៅឆ្នាំ២០១១ ក្នុងប្រទេសកម្ពុជា ។ ជាមួយគ្នានោះ ដាវីន ក៏បានដណ្ដើមយកមេដាយប្រាក់កីឡា SEA Games លើកទី២៦ នៅឥណ្ឌូនេស៊ី ១គ្រឿងផងដែរ មុននឹងនាងដណ្ដើម បានមេដាយប្រាក់កីឡា SEA Games លើកទី២៧ នៅមីយ៉ាន់ម៉ាជាលើកទី២ ក្នុងឆ្នាំ២០១៣ ។ បន្ដបន្ទាប់មក ការប្រកួតរបស់នាងក៏មានការធ្លាក់ចុះ ជាពិសេសនៅពេលរៀបការ ជាមួយកីឡាករ វ៉ន វីវ៉ា រួចតែម្ដង ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី