អាមេរិក៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញ បានបញ្ចេញរបាយការណ៍មួយ ទាក់ទងទៅនឹង ប្រភេទម៉ូតសក់ របស់មនុស្សប្រុស ដែលមានផលប៉ះ ពាល់យ៉ាងខ្លាំង ចំពោះសរសៃសក់ ហើយអាចនាំឲ្យ ពួកគេជ្រុះសក់អស់ពីក្បាល ឬក៏ទំពែកផងដែរ។

យោងតាមប្រភព ព័ត៌មានដែលបាន ដកស្រង់ពីរបាយការណ៍ របស់អ្នកជំនាញផ្នែកសរសៃសក់ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ម៉ូតសក់ប្រភេទ Bun (បួងសក់) ដែលជាការច្បាមទាញ សក់ទៅចង ជាមួយនឹង ចំណងនៅក្រោយក្បាលនោះ គឺមានផលប៉ះពាល់ ទៅលើសរសៃសក់ជាខ្លាំង ដែលអាចធ្វើឲ្យ អ្នកដែលចូលចិត្ត ធ្វើម៉ូតសក់ប្រភេទនេះ ប្រឈមមុខនឹងការ ជ្រុះសក់ ឬក៏ទំពែក នាពេលឆាប់ៗខាងមុខ។

ការច្បាមសក់ យកមកចងនៅខាងក្រោយ ដើម្បីធ្វើម៉ូតសក់ប្រភេទ Bun គឺបានធ្វើឲ្យមានការ ប្រទាញយ៉ាងខ្លាំង ពីឬសសក់ ដែលសភាពបែបនេះ ត្រូវបានគេហៅថា Traction Alopecia (ការជ្រុះសក់ដោយសារ ការទាញខ្លាំង និងតឹង) ហើយនេះក៏ជាកត្តា ដ៏សំខាន់មួយក្នុងការ ធ្វើឲ្យសក់ជ្រុះ ជាបន្តបន្ទាប់។ ក្នុងនោះដែរ ស្ថានភាពជ្រុះសក់ដោយសារ ការទាញខ្លាំង ត្រូវបានគេដឹងថា ជាញឹកញាប់កើត ឡើងចំពោះ ស្ត្រីដែលចូលចិត្តក្រងសក់ ឬក៏បួងសក់ជាដើម។


ការធ្វើម៉ូតសក់ប្រភេទ Bun និងស្ថានភាពសក់ ក្រោយពីធ្វើម៉ូតសក់ប្រភេទនេះ បានមួយរយៈ

ទាក់ទងនឹងបញ្ហានេះ វេជ្ជបណ្ឌិត Sabra Sullivan អ្នកជំនាញផ្នែករោគសើរស្បែក របស់សហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ថា “នេះជាបញ្ហាមួយ ដែលភាគច្រើនមិនទាន់ មានអ្នកបានដឹង នៅឡើយទេជាពិសេស គឺបុរសៗតែម្តង ដូច្នេះហើយយើង គួរតែយកចិត្តទុកដាក់ ទៅលើប្រភេទម៉ូតសក់ របស់ខ្លួន ព្រោះថាវាក៏អាច ប៉ះពាល់ទៅដល់ សរសៃសក់ និងស្បែកក្បាល ផងដែរ”។

ក៏គួរបញ្ជាក់ផងដែរថា តារាប្រុសល្បីៗជាច្រើន រួមមានទាំង តារាហូលីវូដ ផងដែរដូចជា Brad Pitt, Leonardo DiCaprio, និង Orlando Bloom ជាដើមនោះ បាននាំគ្នាធ្វើម៉ូតសក់ប្រភេទ Bun មួយនេះ៕


តារាហូលីវូដ Brad Pitt ជាមួយនឹងម៉ូតសក់ប្រភេទ Bun


តារាប្រុសក្នុងរឿង Titanic លោក Leonardo DiCaprio ក៏ចូលចិត្តធ្វើម៉ូតសក់ប្រភេទ Bun នេះដែរ

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]