សណ្តែកដី ជាអាហារសម្រន់ដ៏ល្អ ងាយរក ងាយញុំានិងមានតំលៃធូរថ្លៃ។ គ្រាប់ធញ្ញជាតិនេះ មិនត្រឹមឆ្ងាញ់ទេ តែសំបូរទៅដោយសារធាតុចិញ្ចឹមដូចជាប្រូតេអ៊ីន វីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែសំខាន់ៗ ដែលខ្លួនប្រាណយើងត្រូវការយ៉ាងច្រើនទៀតផង សម្រាប់ការលូតលាស់ និងសុខភាពរាងកាយទាំងមូល។
ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទាំង៥ បានពីការហូបសណ្តែកដីជាប្រចាំ៖
១. ប្រឆាំងនឹងជំងឺទឹកនោមផ្អែម
ជាការពិត ជំងឺទឹកនោមផ្អែមភាគច្រើនបណ្តាលមកពីបញ្ហានៃអរម៉ូនអាំងស៊ុយលីនដែលបញ្ចេញមកមានភាពរេស៊ីស្តង់ជាមួយកោសិកា ហើយបណ្តាលឱ្យកោសិកាពុំអាចធ្វើការស្រូបយកជាតិស្ករនៅសល់បាន។
ប៉ុន្តែការហូបសណ្តែកដី មិនត្រឹមតែផ្តល់ថាមពលប៉ុណ្ណោះទេ វាថែមទាំងផ្ទុក បរិមាណជាតិស្ករតិចតួចទៀតផង ដូចជាក្នុង ១០០ក្រាមនៃសណ្តែកដីមានជាតិស្ករត្រឹមតែ ១០ក្រាមតែប៉ុណ្ណោះ។
ជាពិសេសទៅទៀត សណ្តែកដីសំបូរទៅដោយមង់កាណែស ដែលជាសារធាតុរ៉ែដ៏សំខាន់ចូលរួមចំណែកក្នុងរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា ដោយសារតែសារធាតុមួយនេះបានភ្ញោចឲ្យកោសិកាធ្វើមេតាប៉ូលីសខ្លាញ់និងស្ករ ដែលធ្វើឲ្យបរិមាណជាតិស្ករហូរក្នុងឈាម អាចចូលក្នុងកោសិកាបាន។ កត្តានេះជួយដល់ដំណើរការនៃអរម៉ូនអាំងស៊ុយលីន ដូច្នេះហានិភ័យនៃជំងឺទឹកនោមផ្អែមក៏ទាបដែរ។

២. ប្រឆាំងនឹងគ្រួសក្នុងប្រម៉ាត់
អ្នកដឹងទេថា គ្រួសក្នុងប្រម៉ាត់ពុំមែនបណ្តាលមកពីការហូបលើសសារធាតុរ៉ែនោះទេ ប៉ុន្តែតាមពិតទៅវាបណ្តាលមកពីសារធាតុកូលេស្តេរ៉ុលដែលមានក្នុងទឹកប្រម៉ាត់ច្រើនពេក ទើបធ្វើសារធាតុកូលេស្តេរ៉ុលបំលែងទៅជារូបធាតុមួយស្រដៀងនឹងដុំគ្រួស។
បើទោះបីជាយ៉ាងណាក៏ដោយ សណ្តែកដីមានផ្ទុកនូវសារធាតុអាស៊ីតខ្លាញ់ពិសេសម៉្យាង ដែលជួយកាត់បន្ថយសារធាតុកូលេស្តេរ៉ុលមិនល្អ។ កត្តានេះអាចជួយកាត់បន្ថយហានិភ័យនៃបញ្ហាគ្រួសក្នុងតំរង់នោមបាន។

៣. ល្អសម្រាប់ការចងចាំ
សណ្តែកដីមានផ្ទុក Vitamin B3 និងសារធាតុប្រឆាំងជាតិពុលពិសេសម៉្យាង ដែលបានរកឃើញថា វាជួយបង្កើនបរិមាណលំហូរឈាមទៅកាន់ខួរក្បាល និងជាពិសេស វាការពារពីការខូចខាតនៃកោសិកាសរសៃប្រសាទនៃខួរក្បាល។ លើសពីនេះ គេជឿថាសារធាតុទាំងនេះ មានផ្សំនៅក្នុងថ្នាំព្យាបាលនៃអ្នកជំងឺវង្វេងវង្វាន់ ដើម្បីបញ្ឈប់បរិមាណខូចខាតនៃកោសិកាប្រសាទ។

៤. ប្រឆាំងនឹងជំងឺដាច់សរសៃឈាមខួរក្បាល
ដូចបានរៀបរាប់ខាងលើមកអីចឹង សារធាតុចិញ្ចឹមនៃសណ្តែកដី បានចូលរួមចំណែកក្នុងការកាត់បន្ថយបរិមាណសារធាតុកូលេស្តេរ៉ុលមិនល្អ ដែលជាដើមហេតុនៃជំងឺដាច់សរសៃឈាម ព្រោះសារធាតុកូលេស្តេរ៉ុលអាចប្រមូលផ្តុំជាកករមួយដ៏ក្រាស់ ដែលធ្វើឱ្យរន្ធសរសៃឈាមរួមតូចរហូតដល់ស្ទះ ហើយសរសៃខួរក្បាលងាយស្ទះ និងដាច់ជាងគេ។ ជាលទ្ធផលវាបណ្តាលឲ្យយើងសន្លប់ភ្លាមៗ ឬក៏អាចបណ្តាលឲ្យស្លាប់ទៀតផង។

៥. សុខភាពស្បែក
សណ្តែកសំបូរទៅដោយវីតាមីន E & B និងសារធាតុខ្លាញ់ល្អ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ភាពហាប់ណែននៃទ្រង់ទ្រាយ និងសំបកខាងក្រៅរបស់កោសិកាស្បែក។ ជាលទ្ធផល វាការពារកោសិកាស្បែកយើងពីការបាត់បង់ជាតិទឹក ធ្វើឲ្យស្បែកមានភាពសំណើម និងជាពិសេសការពារពុំឲ្យមានការជ្រាបចូលនៃមេរោគ និង សារធាតុពីខាងក្រៅចូលតាមស្បែក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]