រាជធានីភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីមានការទុស្សេចរន្តអគ្គីសនីនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ «ខូឡឹមប៊ើស អឹភែរឹល» ដែលមានទីតាំងស្ថិតនៅតាមផ្លូវលំ ក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ខណៈនោះមានផ្សែងហុយឡើងលើយ៉ាងខ្មួលខ្មាញដោយសារតែភ្លើងបានឆាបឆេះសម្លៀកបំពាក់មួយចំនួននៅក្នុងរោងចក្រនោះហើយបានធ្វើឲ្យកម្មករ-កម្មការិនីដែលកំពុងបម្រើការងារនៅក្នុងនោះភ័យស្លន់ស្លោរបាននាំគ្នារត់ចេញពីក្នុងរោងចក្រ និងបានឡើងរថយន្តត្រឡប់ទៅផ្ទះរៀងៗខ្លួន ។ ដោយឡែកអគ្គីភ័យដែលបង្កឡើងដោយទុស្សេចរន្តអគ្គីសនីនោះក៏ត្រូវខាងបុគ្គលិករោងចក្រប្រើបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ និងរលត់ទៅវិញភ្លាមៗដែរ ។
ដឹងថា នៅមុនពេលកើតហេតុ ខណៈដែលពួកគេកំពុងធ្វើការងារស្រាប់តែកើតមានការទុស្សេចរន្តអគ្គីសនីចេញពីម៉ាស៊ីនសម្ងួតបង្កឲ្យមានការឆាបឆេះសម្លៀកបំពាក់ដែលស្ថិតនៅក្បែរនោះ ហើយមានផ្សែងហុយទ្រលោមពេញក្នុងរោងចក្រ និងឡើងលើយ៉ាងខ្មួលខ្មាញ់ ។ ពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោ ហើយពួកគេមានការភ័យខ្លាចក៏បាននាំគ្នាសម្រុករត់ចេញក្រៅគ្រប់ៗគ្នា មិនមាននរណាហ៊ាននៅធ្វើការទៀតឡើយព្រោះខ្លាចមានគ្រោះថ្នាក់ ។
តាមប្រភពព័ត៌មានមួយបានឲ្យដឹងថា បន្ទាប់ពីមានហេតុការណ៍បែបនេះកើតឡើងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌដង្កោបានចេញអន្តរាគមន៍ និងបាននាំយករថយន្តពន្លត់អគ្គីភ័យ ដែលបញ្ចាំការនៅសាលាខណ្ឌទៅជួយមួយផងដែរ ។
ប៉ុន្តែបន្តិចក្រោយមកទើបតែចេញទៅមិនទាន់ដល់ពាក់កណ្ដាលផ្លូវផងត្រូវខាងបុគ្គលិករោងចក្រប្រើបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់រលត់ទៅវិញទាំងស្រុងមិនបានរាលដាលធំដុំឡើយ ៕






ប្រភព៖ kohsantepheapdaily
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]